Thursday, June 22, 2017

មិត្តភាពកម្ពុជា-ឡាវ នាំមកនូវការរីកចម្រើនសម្រាប់ប្រជាជនទំាងពីរប្រទេស

លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃប្រទេសកម្ពុជា និងលោក ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានវាយតម្លៃចំពោះ ការរីកចម្រើននៃចំណងមិត្តភាពកម្ពុជា-ឡាវនាពេលបច្ចុប្បន្ននេះ ហើយបាននាំមកនូវការរីកចម្រើនសម្រាប់ប្រជាជនទំាងពីរប្រទេស ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧៨ លោក ហេង សំរិន និងគណៈប្រតិភូបានជួបពិភាក្សាការងារ និងសវនាការជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃប្រទេសឡាវជាបន្តបន្ទាប់។ លោក ប៊ុនញុំាង វ៉ូរ៉ាជិត ប្រធានរដ្ឋឡាវ បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក ហេង សំរិន នៅប្រទេសឡាវនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ទៅដល់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរបន្ថែមទៀត។
លោក ប៊ុនញុំាង វ៉ូរ៉ាជិត ក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា និងឡាវ ជាអ្នកជិតខាង និងជាមិត្តល្អ ព្រោះថាប្រទេសទាំងពីរមានទន្លេរួមគ្នា និងតែងតែចែករំលែក និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ លោកបន្តថា ដោយបានឃើញរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការកសាងប្រទេសអោយមានការរីកចម្រើនលើគ្រប់វិស័យ។
លោក ប៊ុនញុំាង វ៉ូរ៉ាជិត បានលើកឡើងបន្តទៀតថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវ មានតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន តែងតែត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ និងទូលំទូលាយជាបន្តបន្ទាប់។ ជាក់ស្តែងប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ឋាន ដែលតាមរយៈនេះ ធ្វើឲ្យប្រទេសទាំងពីរ កាន់តែមានការយោគយល់ និងបង្កើតបាននូវភាពជិតស្និទ្ធកាន់តែខ្លាំងឡើង ។
លោក ហេង សំរិន បានថ្លែងអំណរគុណចំពោះ លោក ប៊ុនញុំាង វ៉ូរ៉ាជិត ដែលបានអនុញ្ញាតឲ្យ គណៈប្រតិភូបានជួបសម្តែងការគួរសម។ លោកក៏បានលើកឡើងថាក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងរដ្ឋសភា ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានក្លាយជាមរតកដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទំាងក្នុងក្របខណ្ឌតំបន់ និងសកលលោក។
លោក ហេង សំរិន បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភាកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ(កម្ពុជា-ឡាវ) ទំាងក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋ ដែលធ្លាប់បានតស៊ូពុះពារ ឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា ដើម្បីថែរក្សាអត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ៕




No comments:

Post a Comment