Thursday, June 22, 2017

កម្ពុជា-ចិនពិ​ភាក្សាពីទិដ្ឋភាព នៃកិច្ចស​ហប្រតិបត្តិការ ក្រោម​គំនិតផ្តួ​ចផ្តើមដោ​យផ្លូវមួ​យខ្សែក្រវ៉ាតមួយ

មន្ត្រីជំនាញប្រទេសកម្ពុជា-ចិនបានចូលរួមក្នុងសិក្ខាសាលាស្តីពីទិដ្ឋភាព និងទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមដោយផ្លូវមួយខ្សែក្រវ៉ាតមួយ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។

ក្នុងសិក្ខាសាលាស្តីពីទិដ្ឋភាព និងទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម ដោយផ្លូវមួយខ្សែរក្រវ៉ាតមួយ រៀបចំឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីបូព៌ា នៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារខេមបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ លោក លឹម ស៊ីដេលីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលដាក់ចេញដោយប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជីងពីង នេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។
លោកបន្តថា ផ្តើមចេញយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ បានរួមចំណែកដល់កម្ពុជា ក្នុងការពង្រឹងអធិបតេយ្យភាព ស្ថេរភាពសង្គម និងនយោបាយជាតិ និងអន្តរជាតិ ជាពិសេសគឺវិស័យសំខាន់ៗចំនួន៧ របស់កម្ពុជាត្រូវបានត្រូវបានលើកមកពិចារណា ដើម្បីឲ្យលេចជារូបរាងនៅពេលខាងមុនេះ ដើម្បីជំរុញឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វាបានជំរុញ និងពន្លឿនឲ្យមានការកសាងកំពង់ផែខេត្តព្រះសីហនុ ដែលជាច្រកអន្តរជាតិនាំចេញទំនិញយ៉ាងសំខាន់ និងលើកទឹកចិត្តដល់សហគ្រាសចិនឲ្យកម្ពុជា។ ក្រៅពីនេះ ក៏បានជំរុញ និងលើកកម្ពស់វិស័យកសិកម្ម រ៉ែ និងថាមពល និងវិស័យទេសចរណ៍ជាដើម។
លោក លី អាន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងសង្គមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ប្រទេសចិន និងជួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកជំរើនដូចបណ្តាប្រទេសក្នុងតំបន់។
រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយ និងផ្តល់ប្រាក់កម្ចីក្នុងការប្រាក់ទាប ព្រមទាំងលើកទឹកចិត្ត អ្នកវិនិយោគចិនឲ្យមកបណ្តាក់ទុននៅកម្ពុជាដែលអាចបង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋទាំងនៅទូទាំងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា «ខ្សែក្រវាត់មួយ ផ្លូវមួយ គឺជាគំនិតផ្ដួចផ្ដើមយ៉ាងធំទូលំទូលាយ របស់ចិន ដើម្បីលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម ជាពិសេសរវាងបណ្ដាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិច។ តាមរយៈយុទ្ធសាស្រ្តនេះ ចិន និងកម្ពុជា បានបង្កើនការផ្លាស់ប្ដូរគោលនយោបាយឲ្យកាន់តែស៊ីជម្រៅ, ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ផ្ដល់ការងាកាន់តែស្រួលកាន់តែច្រើន ដល់ការធ្វើពាណិជ្ជកម្ម, ជំរុញការតភ្ជាប់មូលធន និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន៕







No comments:

Post a Comment