Thursday, June 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកជីវិតមកធ្វើដើមទុនដើម្បីតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានយកជីវិតមកធ្វើដើមទុនដើម្បីតស៊ូផ្តួលរំលំរបបប្រល័យពូជសា​សន៍ប៉ុល ពត ដែលពេលនោះជាកាលៈទេសៈដ៏គ្រោះថ្នាក់ជាទីបំផុត។ លោកបានថ្លែងដូចនេះ ក្នុងឱកាសធ្វើដំណើរតាមផ្លូវកាត់ក្នុងចម្ងាយ៩.៩គម មកដល់ចំណុចប្រវត្តិសាស្ត្រទី២ ត្រង់ព្រំប្រទល់កម្ពុជា វៀតណាម ដើមត្រយឹង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានយកជីវិតមកធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃ ចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ នៅត្រង់ចំនុចនេះលោក ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំ ដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាច ត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ តើវៀតណាមអាចចាប់បញ្ជូនមកអោយប៉ុល ពតវិញឬទេ?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ មានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយាដែលកំពុងស្ថិតនៅក្នុងក្រញ៉ាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ៕




No comments:

Post a Comment