Monday, June 29, 2015

លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥

យោងតាមសេចក្តី​ប្រកាសព័ត៌មាន ​របស់អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​ ស្តីពីលទ្ធផលសម័យ​ប្រជុំរដ្ឋសភាលើកទី៤ ​នីតិកាលទី៥ ថ្ងៃទី​ ២៩​ ខែមិថុនា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ នៅព្រឹកមិញនេះ ​រដ្ឋសភា ​បានបន្តសម័យ​ប្រជុំលើកទី៤ ​នីតិកាលទី៥ ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ​សម្តេច​អគ្គមហាពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា ​ដែលមានអ្នកតំណាងរាស្ត្រ​ចូលរួមប្រជុំ​ចំនួន ​១០៦រូប​ ដែលក្នុងអង្គ​សភាបាន​សំរេចអនុម័តរបៀបវារៈ​ទី១​ ហើយសំរាប់រៀបវារៈ​ទី២ និងបន្ត​ប្រជុំនៅ​ថ្ងៃស្អែកទៀត។
របៀបវារៈចំនួន២​ដែលរដ្ឋសភាជាតិ​បានពិភាក្សាឆ្លង ​និង​អនុម័តនៅ​ក្នុងអង្គប្រជុំ​នៅថ្ងៃនេះរួមមាន ​ទី១ ​បោះឆ្នោតជ្រើស​តាំង​លោក ឯកឧត្តម​ ជា ​អឿង ​ចូលជាសមាជិក​គណៈកម្មការផែនការ​វិនិយោគ​អភិវឌ្ឍន៍ជនបទ​ បរិស្ថាន ​និង​ធនធានទឹក។ ​២ ពិភាក្សា​ និងបោះឆ្នោតលើ​សេចក្តីព្រាងច្បាប់​ ស្តីពី ​"ការទូទាត់ថវិកាទូ​ទៅរបស់រដ្ឋ ​សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៣"។
សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋសភាដែល​ចេញផ្សាយនៅ​រសៀលនេះ ​បានបញ្ជាក់ទៀតថា ​ជាលទ្ធផល ទី១ ​អង្គសភាបានធ្វើការបោះ​ឆ្នោតជ្រើសតាំង ​ឯកឧត្តម ជា ​អឿង ជាសមាជិក​គណៈកម្មការផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ ​បរិស្ថាន ​និងធនធានទឹក​ នៃរដ្ឋសភា ​ដោយសម្លេង​ចំនួន១០៣ ​លើ១០៦។​ ទី២​ ការពិភាក្សា​ និង​អនុម័តសេចក្តី​ព្រាងច្បាប់ស្តីពី​ការទូទាត់​ថវិកាទូទៅ​របស់រដ្ឋ ​សម្រាប់ការគ្រប់​គ្រង​ឆ្នាំ២០១៣​ ដែលសេចក្តីព្រាងច្បាប់​ថវិកានេះ មាន៣ជំពូក​ និង១១មាត្រា​ ដោយក្នុងអង្គប្រជុំនោះ ​ឯកឧត្តមបណ្ឌិតរដ្ឋ ​ជាម យៀប ​ប្រធានគណៈ​កម្មការសេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ ធនាគារ ​និងសវនកម្មនៃរដ្ឋសភា​ ជាអ្នករាយ​ការណ៍ជូនអង្គសភា​អំពីលទ្ធផលនៃការពិនិត្យ​ និងសិក្សា​សេចក្តីព្រាងច្បាប់ ​ហើយឯកឧត្តម​បណ្ឌិត អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងសហការី ​ជាអ្នកការពារ​សេចក្តីព្រាងច្បាប់នេះ។ ​នៅក្នុងនោះដែរ ​អង្គសភាបាន​អនុម័តយល់​ព្រមទទួលយកសេចក្តី​ព្រាងច្បាប់មក​ពិចារណាចំនួន ​៦៧សំឡេង។​ សមាជិករដ្ឋសភា ​ដែលមានមតិ មាន២រូប គឺ​ឯកឧត្តម ​សុន ឆ័យ​ មកពីគណ​បក្សសង្គ្រោះ​ជាតិ​ និងឯកឧត្តម ​ហែម ខន មកពីគណបក្ស​ប្រជាជនកម្ពុជា។ ​អង្គសភាអនុម័ត​យល់ព្រមជំពូកទី១ ​ចំនួន៦៧ឡេង។​ សមាជិករដ្ឋសភា​ដែលមានមតិចំនួន ​៣រូប​ រួមមានឯកឧត្តម ​យ៉ែម ​បុញ្ញឬទ្ធិ​ ឯកឧត្តម ងឹម ​ញេង មកពីគណ​បក្សសង្គ្រោះ​ជាតិ​ និងលោកជំទាវ ​ឡោក ខេង​ មកពីគណបក្ស​ប្រជាជនកម្ពុជា​។
គួរបញ្ជាក់ថា​ សម័យប្រជុំ​រដ្ឋសភាលើកទី៤ ​នីតិកាលទី៥​ បានផ្អាកនៅវេលា​ម៉ោង ១១:៤២ ​ថ្ងៃនេះ ​ហើយសម័យ​ប្រជុំរដ្ឋសភាលើកទី៤​ នីតិកាលទី៥ ​នឹងបន្តទៀត ​នៅថ្ងៃអង្គារិ៍ ទី ៣០ ​ខែមិថុនា ​ឆ្នាំ២០១៥​វេលាម៉ោង ​៨:០០នាទីព្រឹក​ស្អែកនេះ៕

អត្ថបទ៖ ច័ន្ទ ទេវី  

No comments:

Post a Comment