Monday, June 29, 2015

ក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានឃុំកុមាររាជា នាំយកថវិកាជាង១លានរៀល សម្រាប់ធ្វើទ្វារទឹក និងឧបត្ថម្ភសម្ភារៈមួយចំនួនជូនប្រជាពលរដ្ឋ

តាងនាមឯកឧត្តម​ បណ្ឌិតសភាចារ្យ​ សុខ ​អាន ​ប្រធានក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តតាកែវ​ និង​តំណាង​ឯកឧត្តម​ ស្វាយ ​ស៊ីថា ​រដ្ឋលេខាធិការ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន​ ឃុំកុមាររាជា ​នៅថ្ងៃទី ​២៨​ ខែមិថុនា ​ឆ្នាំ២០១៥​ ឯកឧត្តម ​ទិត​ សុធា ​ទីប្រឹក្សា​រាជរដ្ឋាភិបាល ​និង​ជាអនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូល​ដ្ឋាន​ឃុំកុមាររាជា​ និង​ក្រុមការងារ​ បានចុះជួប​សំណេះ​សំណាល​ ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ១០០នាក់​ក្នុងភូមិព្រៃខ្លា ​ឃុំកុមាររាជា ​ស្រុកបាទី​ខេត្តតាកែវ​។​
បន្ទាប់​ពីលោកមេភូមិ​ព្រៃខ្លា​ ឡើងធ្វើ​ចំណាប់អារម្មណ៍ ​និង​អានរបាយការណ៍​អំពីបញ្ហា​នានា​ក្នុងភូមិ​ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​ទាក់ទង​ និង​បញ្ហាភូមិឃុំ​មានសុវត្តិភាព​ បញ្ហាខ្វះ​ទឹក​ប្រើប្រាស់ ​និង​ បញ្ហា​សេវា​សាធារណៈ​ក្នុងភូមិ​ព្រៃខ្លា​រួចមក ​ឯកឧត្តម​ ទិត​ សុធា​ បាន​មាន​ប្រសាសន៍​ថា​ អ្វីដែល​ជាក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុងឃុំ​ទាំងមូល ​ក៏ជា​កង្វល់​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូល​ដ្ឋាន​ឃុំកុមារ​រាជាដែរ​។​ កន្លងមក​ក្រុមការងារ​បាន​ខិតខំ​ដោះស្រាយ​បញ្ហាមួយ​ចំនួន​របស់​ប្រជាពលរដ្ឋ ​តាម​បណ្តាល​ភូមិទាំង១៣​ក្នុងឃុំ​កុមាររាជា ​ប៉ុន្តែ​ជាក់ស្តែង​ដំណោះស្រាយ​របស់​ក្រុមការងារ​ មិនទាន់​អាចសំរេច​បានទាំង​ស្រុង​ទៅតាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​បានទេ ​ព្រោះនៅ​តាមបណ្តាល​ភូមិទាំង១៣​គឺ​មាន​បញ្ហាច្រើន​ និង​មាន​បញ្ហាមួយ​ចំនួន​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវដោះស្រាយ​មុន​ និង​បញ្ហាមួយ​ចំនួនទៀត​ត្រូវដោះស្រាយ​ជាបន្ត​បន្ទាប់​ទៀត​។​
ឯកឧត្តម ​ទិត​ សុធា ​ក៏បាន​រំលឹក​ផងដែរ​ ពី​លទ្ធផល​ការងារ​កន្លងមក​ដែល​ក្រុមការងារ​បាន​ធ្វើ ​ជាក់ស្តែង​បន្ទាប់​ពីកិច្ច​ប្រជុំ​នៅស្រុកបាទី ​ខេត្តតាកែវ ​កាលពីថ្ងៃទី ​២២ ​ឧសភា​ ឆ្នាំ២០១៥​ បន្ទាប់​ពីក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំកុមារ​រាជា​ បានជួប​ប្រជុំជាមួយ​ស្នងការ​នគរបាល​ខេត្ត​ អធិការ​នគរបាល​ស្រុក​ ប៉ូលីស​ប៉ុស្ត ​ស្មៀនឃុំ ​សមត្ថកិច្ច​ពាក់ព័ន្ធ ​និង​មេឃុំ ​ប្រធាន​ភូមិទាំង១៣​នៃ​ឃុំកុមាររាជា​ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ​ស្វាយ ​ស៊ីថា ​ស្តីពីការ​ពង្រឹង​ឡើង​វិញ​ នូវ​កិច្ចការ​នានា​ក្នុង​ឃុំរួចមក​ ពិនិត្យ​ឃើញថា ​សកម្មភាព​ប្រើប្រាស់ ​ជួញដូរ​គ្រឿងញៀន ​និង​ការលេងល្បែង​ស៊ីសង​ក្នុងឃុំ​ទាំងមូល​ត្រូវបាន​កាត់បន្ថយ​។​ ចំណែកឯ​បញ្ហា​សេវា​សាធារណៈ​ក៏មាន​ភាពល្អ​ប្រសើរ​ជាងមុន​ ដោយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​បញ្ឈប់​ការទារ​ប្រាក់លើស​ពី​តំលៃ​ដែល​ រដ្ឋ​បានកំណត់ ​និង​បានជួយ​សម្រួល​ជូន​ប្រជាពល​រដ្ឋបាន​ល្អប្រសើរ​ជាងមុន​។ ​ក្រៅពីនេះ ​កាលពី​សប្តាហ៍​កន្លងទៅ ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំកុមារ​រាជា ​ដែលមាន​ឯកឧត្តម​ ស្វាយ​ ស៊ីថា ​ជាប្រធាន​ក៏បាន​នាំយក​នូវ​កញ្ចប់ឃីត​ ចំនួន​ ២៨​ ចែកជូន​ដល់​ស្ត្រីទើប​នឹង​សំរាល​បុត្រ​ក្នុងភូមិ​ទាំង១៣​ ដែល​កញ្ចប់ឃីត​នេះ​ បាន​មកពី​ជំនួយ​សប្បុរសធម៌​ កាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ​ ដែល​ជា​អំណោយ​របស់​សប្បុរស​ជន​នានា​។​ ឯកឧត្តម​ ទិត​ សុធា ​បានបន្តថា​កិច្ចការ​ចែកឃីត​ដល់ស្ត្រី​ទើបសំរាល​បុត្រនេះ ​និងបន្ត​ធ្វើជាបន្ត​បន្ទាប់​ទៀត​ ដោយក្នុង​នោះ​ឯកឧត្តម​បានផ្តាំផ្ញើ​ឲ្យមេភូមិ​ទាំងអស់​ បន្តចុះ​ស្រង់​ស្ថិតិអំពី​ចំនួនស្រ្តី​ទើប​សំរាល​បុត្រ​បន្ថែមទៀត​ក្នុង​ខែ​ មិថុនានេះ​។​  ដោយឡែក​ចំពោះ​បញ្ហាភូមិ​ឃុំ​មាន​សុវត្ថិភាព​ ឯកឧត្តម​ ទិត​ សុធា ​ក៏បាន​ស្នើសុំ​ឲ្យប្រជា​ពលរដ្ឋ​ក្នុងភូមិ​មេត្តា ​កុំប្រព្រឹត្ត​ល្បែងស៊ី​សង​ពីព្រោះ​ល្បែង​តែងនាំ​ឲ្យវិនាស​ទាំងខ្លួន​ឯង​ គ្រួសារ​ និង​សហគមន៍​ទាំងមូល​។​ ហើយ​ចំពោះ​បញ្ហាការ​ជំពាក់​បំណុល​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ ​ឯកឧត្តម ​ទិត​ សុធា ​ក៏បាន​ធ្វើការ​បញ្ជាក់​ជូន​ប្រជាពល​រដ្ឋថា ​បំណុល​ដែលបង​ប្អូន​ប្រជាពលរដ្ឋ​ជំពាក់​នោះជា​កម្ចីប្រាក់​ពីស្ថាប័ន​ឯកជន​សុទ្ធសាធ​ ខុសពីការលើក​ឡើង​របស់ក្រុម​អគតិមួយ​ចំនួនដែល​បោកប្រាស់​ប្រជាពល​រដ្ឋថា​ ប្រាក់​ដែល​ប្រជាពលរដ្ឋ​ខ្ចីពី​មីក្រូហិរញ្ញ​វត្ថុ​នានា​ជា​របស់រដ្ឋ​។​
ឯកឧត្តម​ ទិត​ សុធា​ បានលើក​ឡើង​ទៀតថា ​កាលពីពេល​កន្លងទៅ​ថ្មី​ៗនេះ ​ក្រុម​ប្រឆាំង​បានទៅ​និយាយ​ភូត​កុហក​ ប្រជាពលរដ្ឋ​ក្នុង​ភូមិថ្មី ​ឃុំកុមាររាជា ​ដោយបាន​និយាយ​បំភ្លើស​ពីបញ្ហា​មួយចំនួន​ និង​បានដើរ​ញុះញង់​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន​ថា ​វៀតណាម​បាន​រំលោភ​ចូល​ដីខ្មែរ​រាប់ពាន់​ម៉ែត្រ​ ប៉ុន្តែ​ជាក់ស្តែង​ក្រសួង​ជំនាញ ​និង​ប្រមុខរាជ​រដ្ឋាភិបាល​ធ្លាប់​បានបក​ស្រាយ​ពន្យល់​រួច​អស់​ហើយ​ ថាមិនមាន​ការបាត់បង់​ទឹកដីខ្មែរ ​សូម្បីតែ​មួយម៉ែត្រ​ការ៉េ​ ទៅប្រទេស​ជិតខាង​នោះទេ​។ ​ប៉ុន្តែ​បន្ទាប់ពី​មានការជីកស្រះ​ចូលដី​ខ្មែរ​ និង​ការរំកិល​ប៉ុស្តយាម​តាម​ច្រកព្រំដែន​កាល​ពី​ពេលកន្លង​ទៅ ​ក្រសួង​ការបរទេស​នៃ​ប្រទេសកម្ពុជា ​បានធ្វើ​កំណត់​ទូតតវ៉ា​ទៅប្រទេស​វៀតណាម​ភ្លាមៗ​ផងដែរ​ ដោយ​ផ្នែក​លើគោលការណ៍​ច្បាប់​ ដើម្បី​តវ៉ា​ទៅប្រទេស​ជិតខាង​ បញ្ចៀស​នូវ​ជម្លោះ ​និង​ហិង្សា ​ដែលខុស​ពីការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​ ដែលថា​កម្ពុជា​ព្រងើយ​កន្តើយ​មិន​គិត​គូរបញ្ហា​ព្រំដែន​។​
បន្ទាប់​ពី​សណេះ​សំណាល​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ​ និង​លោកតា​លោកយាយ​រួចមក​ ឯកឧត្តម​ ទិត​ សុធា​ ក៏បាន​ពាំនាំ​មកជាមួយ​នូវ​អំណោយ​ដ៏ថ្លៃថ្លា​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ​ អាន​ និង​លោកជំទាវ​ ដើម្បី​ចែកជូន​លោកតា​លោកយាយ ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សាលា​បុណ្យ​ក្នុង​ភូមិ​ព្រៃខ្លា​។​ អំណោយ​ទាំងនោះ​រួមមាន ​ទឹក​ប្រាក់​ចំនួន ​១.២០០.០០០រៀល​ សំរាប់​ធ្វើទ្វារ​ទឹក១​ ក្នុងភូមិ​ព្រៃខ្លា,​ វ៉ែនតា​មនុស្ស​ចាស់​ចំនួន​ ៥០​ សរុប​ជាថវិកា​ប្រមាណ ​៥០០ដុល្លា,​ សៀវភៅ​ធម៌​ចំនួន១០០​ក្បាល ​និង​ ព្រះពុទ្ធ​រូប​ចំនួន ​២០០​សន្លឹក ​សម្រាប់​ប្រជា​ពលរដ្ឋ​គោរព​បូជា​ និង​សិក្សា​ប្រតិបត្តិ​។​ ក្រៅពីនេះ​ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ទិត​ សុធា ​ក៏បាន​ទៅចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោក​ ហែម​ សាធ​ អាយុ ៦៨ ​នៅក្នុង​ភូមិ​ ខ្នាទង់​ ដែលបាន​ទទួលមរណៈភាព​ កាល​ពីថ្ងៃទី ​២៧​ ខែមិថុនា ​ឆ្នាំ២០១៥​ នៅវេលា​ម៉ោង​ ១១:៣០នាទី​ថ្ងៃ​ត្រង់​ នៅមន្ទីរ​ពេទ្យរុស្ស៊ី ​ដោយ​ជំងឺ​លើស​ឈាម​ និង​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៣០០.០០០រៀល​ ដល់​គ្រួសារ​សព​ផងដែរ៕
អត្ថបទ៖ ច័ន្ទ ទេវី   





No comments:

Post a Comment