Monday, June 29, 2015

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនយកចិត្តទុកដាក់ ដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជា

អ្នកនាំពាក្យរដ្ឋ​បាលខេត្តស្វាយរៀង​ បានចាត់ទុក​ទង្វើ​របស់អ្នក​តំណាង​រាស្ត្រ ​រៀល ​ខេមរិន្ទ​ បានដឹក​នាំ​យុវជន​ និង​សង្ឃ​មួយចំនួន​ទៅបង្ក​ភាព​អាណាធិបតេយ្យ​នៅតំបន់​ព្រំដែន​នោះ ​គឺរំលោភ​លើ​វប្បធម៌​សន្ទនា ​ហើយ​មិនឈរ​លើមូលដ្ឋាន​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​។​ នេះបើយោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់អ្នក​នាំពាក្យរដ្ឋ​បាល​ខេត្តស្វាយ​ រៀងចុះ​ថ្ងៃទី២៨​ ខែ​មិថុនា ​ឆ្នាំ​២០១៥​។​
យោង​តាម​ការបង្ហោះ​ផ្សាយតាម​បណ្តាញផ្សព្វផ្សាយ​សង្គម​នៅថ្ងៃទី២៩ ​ខែមិថុនា​ ឆ្នាំ២០១៥នេះ ​គេបាន​ ឃើញ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​លោក​ រៀល​ ខេមរិន្ទ​ បានបង្កភា​ព​អណាធិបតេយ្យ ​ដែល​បានដឹកនាំ​ ព្រះសង្ឃ​ យុវជន​ និងប្រជាពលរដ្ឋខ្មែរ​ បង្ក​ហិង្សា​ ជាពិសេសបាន​យកទង់ជាតិ​ខ្មែរវាយទៅ​លើភាគីវៀតណាម ​និងការ​ប្រតាយប្រតប់​ប្រឈមមុខគ្នា​ បណ្តាល​ឲ្យមានអ្នក​របួសធ្ងន់​ និងស្រាល​។ ​ការបង្កហិង្សា​ដែលលោក ​រៀល ​ខេមរិន្ទ​ ដឹកនាំបាន​ដើរផ្ទុយ​ពីវប្បធម៌​សន្ទនា ​ដែលមេដឹកនាំ​បក្សទាំង​ពីរ​ប្រកាន់យក ​ពោលគឺដោះ​ស្រាយបញ្ហា​ដោយសន្តិវិធី​តាមនិតិវិធី​ច្បាប់​ និង​ដោយ​សន្តិវិធី។
គួរបញ្ជាក់ផងដែរ​ថា​នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៨​ មានការប៉ះ​ទង្គិចគ្នា​កើតឡើងរវាង​ប្រជាពល​រដ្ឋខ្មែរ​ និង​ប្រជាពលរដ្ឋ​វៀត​ណាម ​នៅត្រង់​ចំណុច​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​លេខ​ ២០៣​ ស្ថិត​នៅក្នុង​ភូមិធ្លកថ្មី ​ឃុំត្នោត​ ស្រុកកំពង់រោទិ៍ ​ខេត្តស្វាយ​រៀង​ ដែល​បង្កឲ្យ​មានអ្នក​រងរបួស​ចំនួន ​១៨នាក់​ ក្នុងនោះ​ខ្មែរ​១០នាក់ ​និង​វៀតណាម ​៨នាក់​។​
ការប៉ះទង្គិច ​គ្នា​នេះកើត​ឡើង​បណ្តាល​មកពី​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​មិន​យកចិត្ត​ទុកដាក់ ​និងមិន​បានគិត​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលក្រុម​ខ្លួនបាន​ ដឹកនាំ​ទៅទាល់​តែសោះ ​ព្រោះមិន​បានជូន​ដំណឹង​ឲ្យសមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ឲ្យបានដឹង​ដើម្បី​មក​ ការពារ​សុវត្ថិភាព​។​
យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​ចុះថ្ងៃទី២៨​ ខែមិថុនា​ឆ្នាំ២០១៥​ បានឲ្យដឹងថា ​ការប៉ះទង្គិច​គ្នា​នេះ​បណ្តាល​មកពីលោក ​រៀល ​ខេមរិន្ទ្រ​ បានដឹកនាំ​សកម្ម​ជន​គណបក្ស​សង្រ្គោះជាតិ​ និង​ប្រជាពលរដ្ឋខ្មែរ មក​ធ្វើការ​ត្រួត​ពិនិត្យព្រំដែន​ដោយមិន​បានជូន​ដំណឹង​មក​អាជ្ញាធរ ​និង​សមត្ថកិច្ច ​ឲ្យបានដឹង​ជាមុន​ដើម្បីរៀបចំ​ការពារ​សន្តិសុខ ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និង​ជូនដំណឹង​ទៅ​ភាគី​វៀតណាម។​
អ្នកនាំ​ពាក្យបន្ត​ទៀតថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​មិនគោរព​ចំពោះសមត្ថកិច្ច​កម្ពុជា​ដែល​ប្រចាំការ​នៅទីនោះ ​នៅពេលទៅ​ដល់ព្រំដែន​ សមត្ថកិច្ច​កម្ពុជា​ បានព្យាយាម​ពន្យល់​ និង​ហាមឃាត់​មិន​ឲ្យក្រុមខាង​លើទៅ​ពិនិត្យ ​ព្រោះបារម្ភ​ពី​បញ្ហាសុវត្ថិភាព​ ណាមួយ​មិន​បាន​ជូនដំណឹង​ទៅភាគី​វៀតណាម​ជាមុន​ដើម្បី​បញ្ចៀស​ហេតុការណ៍​ផ្សេងៗ​កើតឡើង​ ប៉ុន្តែពួកគាត់​នៅតែជម្នះ​ទៅពិនិត្យ​តំបន់ព្រំដែនដោយចិត្តឯង។​
អ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង​ បានប្រកាស​មិន​ទទួលខុស​ត្រូវ​ចំពោះផ្លូវ​ច្បាប់​ណាមួយ​ លើហេតុការណ៍​ដែលបាន​កើតឡើង​ ព្រោះសកម្មភាព​នេះ​ ធ្វើឡើង​ដោយមិន​បានជូន​ដំណឹង ​និង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ​ គឺ​ក្នុងគោល​បំណង​បង្ក​ឲ្យមាន​អសន្តិសុខ​តាមព្រំដែន​ ផ្ទុយ​ទាំង​ស្រុង​ពីគោល​ជំហរ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក៏ដូច​ជា​ផ្ទុយ​ទាំងស្រុង​ ពីវប្បធម៌​សន្ទនា​ ដែលមេដឹក​នាំ​បក្សទាំងពីរ​ បានប្រកាន់​យក​ ក្នុងការ​ពិភាក្សា​បញ្ហា​ប្រទេសជាតិ ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យ​ភាព​ ជាមួយប្រទេស​ជិតខាង​ជាប់ព្រំដែន​ដោយឈរ​លើមូលដ្ឋាន​ច្បាប់​ និង​លិខិត​បទដ្ឋានគតិ​យុត្តនានា​ជាធរមាន៕

No comments:

Post a Comment