Thursday, February 28, 2019

ក្រុម កឹម សុខា និយម និងក្រុម សម រង្ស៊ី និយម ខ្វែងទស្សនៈគ្នា បង្ហាញសញ្ញាចែកផ្លូវគ្នា

នៅពេលនេះគេមើលឃើញថា ក្រុម កឹម សុខា និយម និងក្រុម សម រង្ស៊ី និយម កំពុងបង្ហាញទស្សនៈផ្ទុយគ្នា ដោយចោទគ្នាទៅវិញទៅមក។ អ្នកគាំទ្រ កឹម សុខា ថា លោក សម រង្ស៊ី យកលោក កឹម សុខា ធ្វើជាល្បែង ចំណែកក្រុមខាង សម រង្ស៊ី វិញ ថា បើគ្មានពួកគេទេ ម្ល៉េះក៏គ្មានសង្គ្រោះជាតិ គ្មានរកសំឡេងគាំទ្របានឡើយ។
បើទោះបីជាទណ្ឌិត សម រង្ស៊ី ដែលនិរទេសខ្លួនទៅក្រៅស្រុក បានលើកឡើងជារឿយៗថា សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយក្ដី ប៉ុន្តែបើយើងក្រឡេកទៅមើលទិដ្ឋភាពអ្នកគាំទ្រវិញឃើញថាមានការលើកឡើង ជះទឹកដាក់គ្នា រវាងក្រុមអ្នកគាំទ្រ សម រង្ស៊ី និងអ្នកគាំទ្រ កឹម សុខា។
ថ្មីៗនេះគណនីហ្វេសប៊ុកមួយដែលនៅខាងលោក កឹម សុខា មានឈ្មោះថា Chhoeun Chhum បានសរសេរថា ក្នុងនាមជាអ្នក កឹម សុខា និយមម្នាក់ ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវទង្វើរបស់លោក សម រង្ស៊ី ដែលជាទង្វើអសីលធម៌ បញ្ឈឺចិត្ត និងក្បត់យ៉ាងគឃ្លើនចំពោះលោក កឹម សុខា។ នៅលើបបូរមាត់របស់គាត់ សម រង្ស៊ី តែងទន្ទិញរត់មាត់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ប៉ុន្តែអ្វីដែលបង្កប់ក្នុងពាក្យនេះគឺលោក សម រង្ស៊ី គ្រាន់តែចង់ទាញយកប្រជាប្រិយភាពពីលោក កឹម សុខា ដើម្បីមកប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនថា រូបគាត់បើគ្មានលោក កឹម សុខា ប្រៀបបាននឹងគល់អុសដែលគេបោះចោលគ្មានតម្លៃអ្វីទាំងអស់។
ក្រោយពីបានឃើញសារនេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា បានសរសេរ Comment តប។ គណនីហ្វេសប៊ុកឈ្មោះ Chanthie Chhum បានសរសេរថា មែនហើយបង ខ្ញុំក៏ដូចបងដែរ តែមិនហ៊ាននិយាយ។ ចំណែកឯគណនីហ្វេសប៊ុកឈ្មោះ Loek Rotha បានសរសេរថា លោកប្អូនប្រហែលជាតឹងទ្រូងណាស់ហើយទើបទំលាយចេញមក គិតទៅពាក្យចាស់ពោលថា មនុស្សទ្រាំមានព្រំដែន គោរពរាល់ការសម្រេចចិត្តរបស់លោកប្អូន។
ចំណែកែក្រុមខាងលោក សម រង្ស៊ី វិញ ដោយមានហ្វេសប៊ុកមួយចំនួនដូចជាឈ្មោះ Saman phan បានសរសេរថា និយាយចេញមក កឹម សុខា និយម ចំពោះខ្ញុំវិញបើគ្មានរួបរួមក្រុម កឹម សុខា ស្មើសូន្យ ហើយបើឯងខ្លាំងចឹងប្រកាសសុំបែកហ្មងទៅ។ នេះជាសាររបស់អ្នកគាំទ្រលោក សម រង្ស៊ី ដែលប្រតិកម្មតបស្នើឱ្យក្រុមលោក កឹម សុខា សុំបែកជាមួយក្រុមលោក សម រង្ស៊ី។
ដោយឡែកគណនីហ្វេសប៊ុកមួយទៀត ឈ្មោះថា Mak a cheng បានបន្ថែមថា លោកថា គេក្បត់ តែសូមលោកពិចារណានូវសំដីទាំងអស់នេះឡើងវិញមើល ថាតើជាសម្តីក្បត់ ឬសម្ដីបំបែកបំបាក់។
នៅក្នុងសារដែលត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Chhoeun Chhum នេះ គេឃើញមានការចូលមក Comment ជាច្រើនហូរហែដោយអ្នកគាំទ្រភាគីនីមួយបានចោទស្ដីបន្ទោសដាក់គ្នា ដែលនេះបញ្ជាក់ថា សម រង្ស៊ី និង កឹម សុខា ហាក់កំពុងតែដើរផ្លូវបញ្ច្រាស់ទិសគ្នា ពោលគឺផ្ទុយពីការលើកឡើងរបស់ក្រុម សម រង្ស៊ី និយមថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ៕




No comments:

Post a Comment