Thursday, February 28, 2019

រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បន្តពិធីប្រគល់រថយន្ដដឹក-ស្ទួច ជូនមន្ទីរធនធានទឹកតាមបណ្ដាខេត្តទូទាំងប្រទេស

បន្ទាប់ពីបានប្រគល់រថយន្ត ដឹក-ស្ទូច ដល់មន្ទីរធនធានទឹក និងឧតុនិយម នៃខេត្ត ចំនួន២០រួចមក នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តប្រគល់ រថយន្តដឹក-ស្ទូច ចំនួន៥គ្រឿងទៀត ជាលើកចុងក្រោយជូនដល់មន្ទីរ ធនធានទឹក និងឧតុនិយម នៃខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា ការប្រគល់រថយន្ត ដឹក-ស្ទូច សម្រាប់មន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត គឺដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបំពេញការងាររបស់ មន្ទីរតាមតម្រូវការចាំបាច់ និងដើម្បីប្រើប្រាស់ក្នុងការជួយអន្តរាគមន៍ លើការងារធនធានទឹកឲ្យបានទាន់ពេលវេលា។
បន្ថែមពីនេះ លោក លឹម គានហោ បានណែនាំដល់គ្រប់មន្ទីរ ត្រូវប្រើប្រាស់ និងថែទាំរថយន្តខាងលើឲ្យបានល្អ ដើម្បីជាប្រយោជន៍សម្រាប់ការងារ របស់ខ្លួន នាពេលបច្ចុប្បន្ន និងចំពោះមុខ។
សូមបញ្ជាក់ថា ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល នៃបាតុភូតអែល នីណូ (El Nino) បង្កឲ្យធាតុអាកាសនៅកម្ពុជា មានសភាពក្តៅហួតហែង ដូចបានផ្សព្វផ្សាយតាមរយៈសារាចរណែនាំ នាពេលថ្មីៗនេះ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការ ថែរក្សាទឹកទុក មន្ទីរនៃខេត្តខ្លះ បាននិងកំពុងប្រើប្រាស់រថយន្តទាំងនេះ ដើម្បីដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋនៅតាមទីតាំង ដែលជួបប្រទះបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ៕





No comments:

Post a Comment