Thursday, February 28, 2019

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការលើកទឹកចិត្ត និងអភិវឌ្ឍន៍វិស័យមូលបត្រ ដើម្បីលើកកម្ពស់គុណវុឌ្ឍិរបស់ធុរកិច្ចថ្មីៗ

នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាស្តីពី «ដំណើរវិវឌ្ឍន៍ នៃបច្ចេក វិទ្យាហិរញ្ញវត្ថុ» ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Korea Shinhwa Logistic Service and LoDICS ក្រោមអធិបតីភាពលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងសិក្ខាសាលានោះ ក៏មានវត្តមានចូលរួមពី លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន ដែលអញ្ជើញមកពី ក្រសួងពាណិជ្ជកម្ម, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា, ក្រុមប្រឹក្សា ជាតិគណនេយ្យ, មជ្ឍមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ», សាលារាជធានីភ្នំពេញ, តំណាងធនាគារពាណិជ្ជកម្មធំៗចំនួន០៧, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង០៧, ក្រមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងទូទៅចំនួន០៧, សាកលវិទ្យាល័យចំនួន០៤, ក្រុមហ៊ុនជួញដូរឧបករណ៍និស្សន៍ចំនួន១០, សមាគមបច្ចេកវិទ្យា ហិរញ្ញវត្ថុបែបទំនើបកម្ពុជា, ក្រុមហ៊ុននវានុវត្តន៍ធុរកិច្ចថ្មី (Business Startup), សាស្រ្តាចារ្យ-ជំនាញការជនជាតិកូរ៉េ និងមន្ត្រីពាក់ព័ន្ធមួយ ចំនួនទៀតសរុប១០០នាក់។
វិស័យហិរញ្ញវត្ថុបែបទំនើប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះ ក៏នៅតែជួបការលំបាកដោយសារ ចំណេះដឹងផ្នែកបច្ចេកវិទ្យា, ចំណេះដឹងពាក់ព័ន្ធ នឹងហិរញ្ញវត្ថុឌីជីថល និងការយល់ដឹងរបស់អតិថិជននៅមានកម្រិត ព្រមទាំងភាពស្មុគស្មាញ នៃប្រតិបត្តិការហិរញ្ញវត្ថុ បែបទំនើបជាដើម ដែលជាមូលហេតុ ចំបងជំរុញឱ្យ រាជរដ្ឋាភិបាល គិតគូរឡើងវិញ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបែបទំនើប ដែលជាបដិវត្តន៍ឧស្សាហកម្មទី៤.០ នៅកម្ពុជាឲ្យមានការរីកចំរើន តាមរយៈ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងឯកសារទស្សនាទានស្តីពីសារពើពន្ធ អេឡិចត្រូនិក ដើម្បីជួយគាំទ្រដល់វិស័យហិរញ្ញវត្ថុ បែបទំនើប ក្នុងការពង្រីកអាជីកម្ម និងលើកទឹកចិត្តការបង្កើតថ្មី (Startup)ផងដែរ ។
បន្ថែមលើនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវវិធានការ លើកទឹកចិត្ត និងអភិឌ្ឍន៍ SMEs នៅក្នុងវិស័យមូលបត្រ ដើម្បីចូលរួម ចំណែកលើកកម្ពស់គុណវុឌ្ឍិរបស់ធុរកិច្ចថ្មីៗ ឱ្យមានលទ្ធភាពទទួលបាន ហិរញ្ញប្បទានក្នុងលក្ខខណ្ឌប្រកួតប្រជែងពីស្ថាប័នហិរញ្ញវត្ថុ។
សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំក្នុងគោលបំណងចម្បងៗ គឺចែករំលែក នូវបទពិសោធន៍នានាពីសាធារណៈរដ្ឋកូរ៉េ លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រមូលធាតុចូលសំខាន់ៗ ពីបណ្តាស្ថាប័នពាក់ព័ន្ធ នៅក្នុងព្រះរាជាណា ចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ សម្រាប់ជាមូលដ្ឋានក្នុងការចងក្រង ឯកសារគោលនយោបាយជាតិ លើ «វិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ បែបទំនើប»៕



No comments:

Post a Comment