Thursday, February 28, 2019

លិខិតមិត្តអ្នកអាន៖ «ក្រុម កឹម សុខា នឹងបាត់បង់ទីតាំងឈរជើងដោយសារខ្វះជំហរ នយោបាយ!»

ភ្នំពេញ៖ ក្រោយពេលលោក សម រង្ស៊ី ប្រកាសភ្នាល់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយយកសេរីភាពលោក កឹម សុខា ធ្វើជា ល្បែងភ្នាល់មានក្រុម កឹម សុខានិយមខ្លះបានចេញមុខ រិះគន់លោក សម រង្ស៊ី រាប់ទាំងកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ផងដែរ។ ប៉ុន្តែពួកគេមិនបានធ្វើអ្វីច្រើនជាងនេះទេ។ បន្ទាប់មកទៀត ក្រោយពេលលោក សម រង្ស៊ី ធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា កាលពីថ្ងៃទី ២ធ្នូ ២០១៨ នៅអាត្លង់តា ក៏មានអ្នកកឹម សុខា និយមមួយចំនួនក៍បានរិះគន់ដែរ ប៉ុន្តែមិនត្រឹមតែគ្មានជំហរ នយោបាយច្បាស់លាស់ប៉ុណ្ណោះទេ តែសន្ទុះនៃការរិះគន់នោះក៏បានចុះខ្សោយយ៉ាងខ្លាំងក្រោមការវាយប្រហារវាយបកពីក្រុម លោក សម រង្ស៊ី។ ចុងក្រោយនេះ ក្រុមលោក កឹម សុខា ក៏សម្ងំស្ងាត់ឈឹងដូចចោរលួចសេះលែងហ៊ានហារមាត់អ្វីទាំងអស់។
តាមពិតទៅដូចអ្វីដែលមន្ត្រី កឹម សុខា និយមម្នាក់បានសរសេរបង្ហោះផ្សាយក្នុងសារព័ត៌មាន Fresh News អ៊ីចឹង គឺក្រុម កឹម សុខានិយម ខំខាំមាត់សង្កត់ចិត្តស្ទើរប្រេះទ្រូងដោយមិនហ៊ានហារស្តីអ្វីឡើយ ពីព្រោះខ្លាចភាគីលោក សម រង្ស៊ី ចោទថាជាក្រុមបំបែកបំបាក់។ ក្រោមសម្ពាធនៃការលាបពណ៌ ក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏សុខចិត្តគ្រាំគ្រាចិត្តមិនហ៊ាន និយាយអ្វីហើយលាក់មុខដូចអណ្តើកក្នុងស្នូក។
ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកយល់ឃើញថា ក្រុមរបស់ខ្លួនមិនអាចបន្តសម្ងំនៅក្នុងស្ថានភាពបែប នេះបានតទៅទៀតឡើយ ទើបបានជាមានអ្នកទម្លាយទុក្ខសោក នេះចេញមកខាងក្រៅដើម្បីជាការដាស់ស្មារតីអ្នក កឹម សុខា និយមផ្សេងទៀតឲ្យភ្ញាក់ពីដំណេក។
ជាការពិតក្រុម កឹម សុខានិយម ពេលនេះហាក់បាត់ទាំងមុខ បាត់ទាំងអត្តសញ្ញាណរបស់ខ្លួនពីឆាកនយោបាយដោយសុខចិត្តទុកឲ្យក្រុម សម រង្ស៊ី កាន់ក្តាប់គ្រប់គ្រងទីលានខាងក្រុមប្រឆាំងទាំងស្រុង។ បើទោះបីជាខ្លួនមិនពេញចិត្តចំពោះសកម្មភាពរបស់ក្រុម លោក សម រង្ស៊ី ក៏ដោយ ក៏ក្រុមអ្នកគាំទ្រលោក កឹម សុខា មិនហ៊ានមាត់កអ្វីដែរ ដើម្បីកុំឲ្យភាគីលោក សម រង្ស៊ី លាបពណ៌ថាជាក្រុមបំបែកបំបាក់។
ប៉ុន្តែភាពស្ងៀមស្ងាត់នេះបានធ្វើឲ្យក្រុមលោក កឹម សុខា បាត់បង់ឥទ្ធិពលស្ទើរតែទាំងស្រុងហើយ កំពុងឈានទៅបាត់បង់អត្តសញ្ញាណរបស់ខ្លួន ហើយនៅទីបំផុតក៏នឹងបាត់បង់ទីតាំងឈរជើង ពីឆាកនយោបាយតែម្តង។ ហេតុអ្វី?
ទី១៖ អតីតបក្សសង្គ្រោះជាតិផ្សំឡើងដោយធាតុសំខាន់ពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សរបស់លោក កឹម សុខា តាមគោលការណ៍កុងសង់ស៊ុស មានន័យថា៖ អ្វីៗត្រូវសម្រេចដោយមានការ ឯកភាពគ្នាជាឯកឆ័ន្ទរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ប៉ុន្តែក្រោយបក្សប្រហារកាលពីថ្ងៃទី ២ធ្នូ ២០១៨មក ភាគីលោក សម រង្ស៊ី គឺជាអ្នកសម្រេចគ្រប់យ៉ាង ចំណែកឯភាគីលោក កឹម សុខា សម្ងំឈឹងគ្មានធ្វើសកម្មភាពអ្វីទាំងអស់ពោលគឺ មិនខុសអ្វីពីការជីកកប់ខ្លួនឯងនោះឡើយ។
ទី២៖ ភាគីលោក កឹម សុខា ខាំមាត់សង្កត់ចិត្តទ្រាំមិនបញ្ចេញ សំឡេងនិងសកម្មភាពដោយ សារខ្លាចមានការបែកបាក់។ ប៉ុន្តែទោះបីជាសម្ងំយ៉ាងណាក៏ មិនអាចលាក់បាំងការបែកបាក់ បានដែរ។ ដូចពាក្យសុភាសិតខ្មែរពោលថា «ដំរីស្លាប់មិនអាចយក ចង្អេរទៅបាំងបានឡើយ»។ ការបែកបាក់មានពិតប្រាកដ ហើយអ្នកណាក៏ដឹងដែរ។
ដូច្នេះតើមានប្រយោជន៍អ្វីដែលត្រូវលាក់បាំងហើយសុខ ចិត្តសម្ងំបៀមទុក្ខក្រៀមក្រំនៅ ចំពោះមុខរបាំងកញ្ចក់ពណ៌សដែលគេអាចមើលឃើញខាងក្នុងច្បាស់ក្រឡែតទៅហើយនោះ?
ទី៣៖ ដោយសារតែខ្លួនសម្ងំសូន្យឈឹងគ្មានជំហរច្បាស់លាស់ ភាគីលោក កឹម សុខា ហាក់កំពុងរសាត់ឆា្ងយទៅៗពីឆាកនយោបាយហើយដោយ សារតែភាពស្ទាក់ស្ទើររបស់ខ្លួនប្រៀប ដូចអ្នកលេងអាប៉ោងចាក់ខ្សែតែមិនហ៊ានចាក់កៅអូវ។ នៅម្ខាង ក្រុមលោក កឹម សុខា ខ្លាចការលាបពណ៌ពីក្រុមលោក សម រង្ស៊ី ហើយក៏រង់ចាំមើល លទ្ធផលដែលក្រុមលោក សម រង្ស៊ី កំពុងធ្វើក្រែងលោបានផល ខ្លួនក៏ចាំស៊ីឡាក។ នៅម្ខាងទៀត ការសម្ងំនៅស្ងៀមព្រោះ ក្រែងលោរដ្ឋាភិបាលបក្សកាន់អំណាចអត់ឱនពេលក្រុមលោក សម រង្ស៊ី ធ្លាក់ទឹក។ នេះគេហៅថា ចាក់ខ្សែ។
ប៉ុន្តែភាពអល់អែក មិនច្បាស់លាស់និងរង់ចាំស៊ីឡាកបែបនេះ ក្រុមលោក កឹម សុខា កំពុងបំផ្លាញជីវិតនយោបាយខ្លួនឯងហើយ ពីព្រោះចូរកុំភ្លេចថា៖
ទី១៖ អ្វីដែលលោក សម រង្ស៊ី និងបក្សពួករបស់គាត់ទន្ទឹងរង់ចាំអ៊ុតមើលនោះគឺ ក្រែងលោសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមាន វិធានការអ្វីបន្តិចបន្តួចចំពោះកម្ពុជាដែលពួកគេអាចយកទៅអួតបាន។ ប៉ុន្តែ អ្វីៗទាំងនោះទំនងជាមិនអាចកើតមានទេពីព្រោះរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងធ្វើការងារយ៉ាងសកម្មជាមួយ សហភាពអឺរ៉ុបនិងភាគីពាក់ព័ន្ធ ហើយរដ្ឋាភិបាលក៏មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការទាំងនោះ។ ក្នុងករណីនេះរដ្ឋាភិបាលភ្នំពេញក៏មិនចាំបាច់ត្រូវការក្រុមលោក កឹម សុខា ទៀតដែរ ពីព្រោះភាគីលោក កឹម សុខា គ្មានចំណែកសូម្បីបន្ទិចទាល់តែសោះក្នុងការជួយការពារប្រយោជន៍ជាតិ។
ទី២៖ បើទោះបីជាមានសម្ពាធបន្តិចបន្តួចពីបរទេសខ្លះជាយថាហេតុក៏ដោយចុះ ក៏បញ្ហានោះមិនអាចជួយអ្វីលោក សម រង្ស៊ី បានដែរ ពីព្រោះរដ្ឋាភិបាលភ្នំពេញច្បាស់ជាមិនបណ្តោយ ឲ្យមានផលវិបាកធំធេងដល់ប្រទេសជាតិឡើយ ពោលគឺបញ្ហានេះស្ថិតក្នុងកម្រិតដែលរដ្ឋា​ភិបាលអាចគ្រប់គ្រងបាន។
ដូច្នេះអ្វីដែលលោក សម រង្ស៊ី អាចយកទៅអួតបាននោះគឺគ្រាន់តែជាការឃោសនាបន្តុះបង្អាប់រដ្ឋាភិបាលដូចដែលគាត់ធ្លាប់បានធ្វើកន្លងទៅតែដដែល។ ចំណែកឯភាគីខាងលោក កឹម សុខា វិញ រឹតតែគ្មានមុខមកនិយាយអ្វីទាំងអស់ពីព្រោះតែខ្លួនជាអ្នកដេកចាំស៊ីឡាក់តែប៉ុណ្ណោះ។ ក្រុមលោក កឹម សុខា មិនត្រឹមតែមិនត្រូវបានក្រុមលោក សម រង្ស៊ី ផ្តល់គុណសម្បត្តិអោយប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺមានតែការបន្តុះបង្អាប់បន្ថែមថាជាពួកដេកចាំស៊ីឡាកតែប៉ុណ្ណោះ។ រីឯការលាបពណ៌ដែលក្រុមលោក កឹម សុខា ភ័យខ្លាចនោះមានរួចស្រេចទៅ ហើយព្រោះក្នុងក្រសែភ្នែកលោក សម រង្ស៊ី និងក្រុមរបស់គាត់ ក្រុមលោក កឹម សុខា គ្រាន់តែជាឈ្លើងចាំជញ្ជក់ឈាមតែប៉ុណ្ណោះដូចអ្នករង្ស៊ីនិយមជាច្រើនបានចូល Comment សរសេរយប់មិញថា «…ពួក កឹម សុខានិយមឯងកុំភ្លេចថា ខ្លួនមានតែ៣កៅអីទេ ឯក្រុមយើងខាងហ្នែក មាន២៦កៅអី ~ ពួកឯងកុំចង់ធ្វើគ្រាន់បើពេក….»
ទី៣៖ ក្នុងករណីដែលមានការដាក់សម្ពាធខ្លះពីបរទេសមែន រដ្ឋាភិបាលភ្នំពេញមិនត្រឹមតែមិនស្លាប់ទេ តែច្បាស់ជានឹងបិទទ្វារទាំងស្រុងសម្រាប់ក្រុមប្រឆាំងដូចដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានរួចហើយពោលគឺ «ការព្យួរ EBA មានន័យស្មើនឹងការសម្លាប់ក្រុមប្រឆាំង»
ដូច្នេះតើអ្វីទៅជាលទ្ធផលដែលក្រុមលោក កឹម សុខានិយមត្រូវទន្ទឹងរង់ចាំ? គឺគ្មានទាល់​តែ​សោះ។ ខ្ញុំយល់ថា មានតែការបង្ហាញជំហរច្បាស់លាស់ ឬមានតែការចាក់ឲ្យចំកៅអូវទេទើបភាគី លោក កឹម សុខា អាចមានអនាគតនិងមានអត្តសញ្ញាណអាចឈរជើងក្នុងឆាក នយោ​បាយតទៅទៀតបាន។
នៅក្នុងពិភពនយោបាយគ្មានទេ ទីតាំងសម្រាប់អ្នកដេកស៊ីឡាក ហើយយុទ្ធសាស្ត្រការពារខ្លួន ដែលល្អនិងមានប្រសិទ្ធិភាពបំផុតនោះគឺការវាយលុក ដើម្បីការពារទីតាំង។ នេះជាអ្វីដែលក្រុមកឹម សុខានិយមត្រូវចងចាំ និងកត់ត្រាទុកព្រោះគ្មានអ្វីដែលអកត្តញូជាងនយោ​បាយនោះទេ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ








No comments:

Post a Comment