Monday, April 09, 2018

ដាំកូនឈើជាង ១ម៉ឺន ២ពាន់ដើម បង្កើតតំបន់ព្រៃឈើបៃតងមួយនៅរាជធានីភ្នំពេញ

កូនឈើប្រមាណ ១២,០០០ដើម មាន១៩ប្រភេទ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញរៀបចំដាំនៅខណ្ឌសែនសុខ ដើម្បីបង្កើតតំបន់ព្រៃឈើបៃតងមួយនៅរាជធានីភ្នំពេញ។

ពិធីដាំកូនឈើនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីដិហ៊ីសា ហុរីណុអ៊ីឈិ (Hidaehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅទីតាំងតំបន់ផ្សារទំនើបអ៊ីអនម៉លទី២ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ ជាទីក្រុងបៃតង និងមានបរិស្ថានល្អ។

លោកអគ្គនាយក្រុមហ៊ុនអ៊ីអនម៉លទី២បានលើកឡើងថា តាមរយះពិធីដាំកូនឈើក្រោមប្រធានបទការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអនពេលនេះនឹងធ្វើឲ្យផ្សារអ៊ីអនទំនើបនេះក្លាយជាតំបន់មួយហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតង ដែលជាទីមនោរម្យមួយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធ្វើឲ្យដួងចិត្តបណ្តុះរុក្ខជាតិបៃតងរីកសាយភាយជាទូទៅស្របពេល ដែលផ្សារទំនើបអ៊ីអនម៉លទី២នេះនឹងត្រូវបើកឲ្យដំណើរជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុនអ៊ីអនម៉ល ដែលបានរៀបចំឲ្យមានការដាំដើមឈើនាពេលនេះសំដៅប្រែក្លាយតំបន់នេះឲ្យក្លាយជាតំបន់បៃតង និងមានបរិស្ថានធម្មជាតិនៅតំបន់នេះផងដែរ។

លោក ឃួង ស្រេង ក៏បានស្វាគមន៍នូវវត្តមានផ្សារអ៊ីអនទី២នៅក្នុងរាជធានីភ្នំពេញនេះ ដោយលោកចាត់ទុកថា ការបង្កើតផ្សារទំនើបអ៊ីអននេះឡើង បង្ហាញពីការជឿជាក់ និងមើលឃើញជាក់ស្តែងពីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រោមឆ័ត្រ នៃសន្តិភាព។

លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាំដើមឈើនៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ បានក្លាយជាប្រទេសមួយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ស្ពាន លូ អគារខ្ពស់ៗ ខុនដូ ដែលនាំឲ្យមានការទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន មកទេសចរណ៍ និងបណ្តាក់ទុននៅស្រុកយើងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរក៏បានអភិវឌ្ឍនខ្លួនឲ្យទាន់សម័យកាលផងដែរ ដោយមានលុយមានកាក់ទិញទំនិញទំនើបៗ ល្អៗ ហើយក៏មិនបាច់ទៅទិញទំនិញទាំងនេះ នៅប្រទេសជិតខាងទៀតដែរ ដោយសារតែយើងមានផ្សារទំនើបៗ ជាច្រើន នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដើម្បីឲ្យរាជធានីភ្នំពេញទទួលបានការជឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគថែមទៀត។

លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងពិធីដាំកូនឈើនេះ ដើម្បីបង្កើតជាព្រៃឈើក្នុងមាតុភូមិនៅក្នុងតំបន់រាជធានីភ្នំពេញ ឲ្យប្រែក្លាយជាតំបន់មួយដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតងជាទីមនោរម្យមួយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធ្វើឲ្យដួងចិត្តបណ្តុះរុក្ខជាតិបៃតងរីកសាយភាយទៅដល់ទូទាំងសកល ហើយនេះគឺជាសកម្មភាពមួយដ៏មានសារសំខាន់ណាស់៕




No comments:

Post a Comment