Monday, April 09, 2018

លិខិតមិត្តអ្នកអាន៖ គល់ បញ្ញា និងអង្គការខុមហ្វ្រែល បាននិងកំពុង បម្រើមហិច្ឆតាបរទេស បំផ្លាញការបោះឆ្នោត នៅកម្ពុជា

នៅពេ​​លកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ក្រុមអ្នកនយោបាយប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការងារលើការបោះឆ្នោត បាននិងកំពុងរៀបចំផែនការដើម្បីបំផ្លាញការបោះឆ្នោតនេះ ដោយសារតែពួក​គេរួមជាមួយ​ចៅហ្វាយនាយបរទេស បានបរាជ័យក្នុងការ​​ស្រោចស្រង់គណបក្ស​សង្គ្រោះជាតិឱ្យរស់ឡើងវិញ និងប្រោសអ្នកនយោបាយ ១១៨នាក់ដែលត្រូវបាន​កាត់សិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិធ្វើនយោបាយឡើង​វិញបាន។  ដោយសារគណបក្ស ដែលចៅហ្វាយនាយខ្លួន​ជាអ្នកបង្កើតមិនអាចចូលរួមបាន ក្រុមនេះមានវិធីតែម្យ៉ាងគត់គឺ បំផ្លាញការបោះឆ្នោត និងដំណើរការលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនស្តាយស្រណោះ ព្រោះក្រុមខ្លួនមិនទទួល​បានផលប្រយោជន៍ ដូច្នេះត្រូវធ្វើអ្វីៗដើម្បីបង្ខូច បំភ្លៃ និងបំផ្លាញការបោះឆ្នោត ។ 

ទង្វើទុច្ចរិតនេះត្រូវបាន បង្ហាញតាមរយៈការ អំពាវនាវរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃ​គណៈកម្មាធិការដើម្បី ការបោះឆ្នោតសេរី និងយុត្តិធម៌នៅកម្ពុជា (អង្គការខុមហ្វ្រែល) កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ តាមរយៈវិទ្យុអាស៊ីសេរីថា អ្នកសង្កេតការណ៍​អន្តរជាតិគប្បីពិចារណា​ឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្ត​ចូលរួមសង្កេតការណ៍​បោះឆ្នោតនៅខែកក្កដាខាងមុខ ហើយលោកបានបន្ថែមថា អង្គការ​ខុមហ្វ្រែលមានការស្ទាក់ស្ទើរ​យ៉ាងខ្លាំងក្នុងការសម្រេចចិត្តថាចូលរួម​ឬមិនចូលរួមសង្កេតការណ៍​បោះឆ្នោតនេះ។ ការប្រកាសបែបនេះ គឺមានគោលបំណង​ដើម្បីបង្កឱ្យមានបរិយាកាស​អាប់អួរ និងបង្កើតឱ្យមានភាពមន្ទិលសង្ស័យ លើសុចរិតភាពនៃការ បោះឆ្នោតដូចអ្វីដែលលោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល ធ្លាប់​បានធ្វើកន្លងមកក្នុងពេលបោះឆ្នោតមុនៗ ជាពិសេសការបោះឆ្នោតសកល ឆ្នាំ២០១៣ តាមរយៈការឃុបឃិត​ជាមួយអង្គការបរទេស​មួយចំនួនទៀត នៅក្នុងការបំភ្លៃការពិតថា ទឹកខ្មៅជ្រលក់ដៃលុបជ្រះ និងបានប្រឌិតទិន្នន័យថា អ្នកបោះឆ្នោតជាង ១,២៥លាននាក់​ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីបំពុល​និងបង្ខូចបរិយាកាសបោះឆ្នោត និងបដិសេធលទ្ធផល នៃការបោះឆ្នោត​។ ទង្វើរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែលរួម ជាមួយអង្គការសង្គមស៊ីវិល​បរទេសដទៃទៀត​បានបង្កើតរឿងប្រឌិតទាំងនេះឡើង ដើម្បីផលប្រយោជន៍​គណបក្សប្រឆាំង យកធ្វើជាលេសក្នុងការតវ៉ា​បម្រើឱ្យគោលដៅ នៃការផ្លាស់ប្តូររបប និងមេដឹកនាំតាមបែប មិនប្រជាធិបតេយ្យ។
សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាខែកក្កដា ឆ្នាំ២០១៨ តើលោក គល់ បញ្ញា និងអង្គការសង្គមស៊ីវិលបរទេស ព្រមទាំងក្រុមអ្នកនយោបាយ ប្រឆាំងក្រៅច្បាប់ នឹងត្រៀមធ្វើអ្វីខ្លះដើម្បីបង្ខូច និងបំផ្លាញការបោះឆ្នោតនៅកម្ពុជា
 ១-តាមប្រភពពីអង្គការ ANFREL (បណ្តាញអាស៊ីដើម្បីការ បោះឆ្នោតដោយសេរី និងត្រឹមត្រូវ) បានឱ្យដឹងថា ដោយសារតែបន្ទប់​ស្ថានការណ៍បោះឆ្នោត ដែលបានបង្កើតឡើង ដោយខុសច្បាប់ក្នុងអំឡុងពេល​ នៃការបោះឆ្នោតនៅឆ្នាំ២០១៣ និងបោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់នៅឆ្នាំ២០១៧ នឹងមិនមានវត្តមាននៅកម្ពុជាទៀត ដូច្នេះបន្ទប់ស្ថានការណ៍បោះឆ្នោតនេះ នឹងត្រូវផ្លាស់ប្តូរទៅបាងកក​។ ដោយសារបានដើរតួនាទី សំខាន់ក្នុងកិច្ចការបោះឆ្នោត ក៏ដូចជាទទួលបានជោគជ័យ ក្នុងការអុកឡុកដំណើរការ នៃការបោះឆ្នោតនោះ លោក គល់ បញ្ញា ត្រូវបានតែងតាំងជា ប្រធានថ្មីនៃអង្គការ ANFREL ដែលមានស្នាក់ការនៅបាងកក​។ អង្គការនេះក៏បានសម្រេច ផ្តល់ការិយាល័យមួយឱ្យ អង្គការសង្គមស៊ីវិលកម្ពុជា​ ជាទីស្នាក់ការផងដែរ។ រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា តើ​នឹងមានអង្គការមិនមែន​            រដ្ឋាភិបាលណាខ្លះពីកម្ពុជា ទៅចូលរួមបង្កើតបន្ទប់ស្ថានការណ៍​នោះនៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់គឺ អង្គការ              ខុមហ្វ្រែលរបស់លោក គល់ បញ្ញា នឹងចូលរួម និងទាក់ទង​ជាមួយបណ្តាញ​របស់ខ្លួននៅកម្ពុជា ដើម្បីធ្វើសកម្មភាពបំផ្លាញ ការបោះឆ្នោតនាពេលខាងមុខ បំពងសម្លេងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងអំពាវនាវមិនឱ្យអន្តរជាតិ ទទួលស្គាល់ការបោះឆ្នោតជាដើម ដោយយកមូលហេតុថា គ្មានវត្តមានក្រុមអ្នកនយោបាយ ក្បត់ជាតិនៃអតីតបក្សប្រឆាំង​។
  ២- លោក គល់ បញ្ញា ត្រូវបានដំឡើងធ្វើជាប្រធានអង្គការ ANFREL ចំណែកឯប្រធានអង្គការនេះ ត្រូវបានប្រភពព័ត៌មានអះអាងថា ត្រូវបានបំបែកឱ្យទៅធ្វើការនៅអង្គការ AND (Asia Democracy Network) ដែលអង្គការនេះ   ពាក់ព័ន្ធគ្នា ក្នុងការរៀបចំផែនការនានា ដើម្បីឈានទៅដល់ជ័យជម្នះនៃការអនុវត្តផែនការ​បំផ្លាញការបោះឆ្នោត។   ម្យ៉ាងទៀត មិនមែនត្រឹមតែលោក គល់ បញ្ញា តែម្នាក់ប៉ុណ្ណោះទេ ដែលធ្វើសកម្មភាពនេះ គឺលោក គួយ ប៊ុនរឿន អតីតអនុប្រធាន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏ត្រូវបានប្រភពព័ត៌មានទម្លាយឱ្យដឹងថា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយលោក គល់ បញ្ញា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនការសម្រាប់អុកឡុកដំណើរការបោះឆ្នោតនាពេលខាងមុខ ក្រោមខ្សែញាក់របស់ចៅហ្វាយ​បរទេសរបស់ខ្លួន ក្រុមអ្នកនយោបាយក្រៅច្បាប់ និងក្រុមក្បត់ជាតិមួយចំនួន នៅឯក្រៅប្រទេស ដែលកំពុងដើរបំផ្លាញ ផលប្រយោជន៍ជាតិនិងប្រជាជន។
 ៣- ក្រោមការដឹកនាំរបស់លោក គល់ បញ្ញា អង្គការ ANFREL នឹងរៀបចំកិច្ចប្រជុំមួយនៅបាង​កក នៅក្នុងអំឡុងខែ   មេសានេះ​ ដោយនឹងអញ្ជើញអង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធនានាចូលរួម ដើម្បីរៀបចំផែនការទុច្ចរិត និងរកល្បិចកលមួយចំនួន ក្នុងការបំផ្លាញការបោះឆ្នោត និងបង្កាច់បង្ខូចមុខមាត់កម្ពុជា​។ តាមប្រភពពីមន្ត្រីអង្គការ ANFREL កិច្ចប្រជុំនោះនឹងប្រព្រឹត្ត​ទៅក្រោមពាក្យស្លោក  «ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត»។ ប្រភពពីមន្ត្រីអង្គការ ANFREL ដដែលបានឱ្យដឹងថា ក្រៅពីរបៀបវារៈដែលពួកគេ​គ្រោងនឹងប្រជុំ និង​ធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បី ជាឡប់ឡែបិទបាំងនូវផែនការ​ទុច្ចរិតរបស់ខ្លួន អង្គការ នេះក៏នឹងមានការប្រជុំបិទទ្វារ​ជាក្រុមសកម្មតូចៗ ដាច់ដោយឡែកពីគ្នា ដើម្បីស្តាប់របាយការណ៍ នៃលទ្ធផលឃ្លាំមើលនយោបាយ​នៅកម្ពុជា ក្រោយពីតុលាការ​កំពូលបានសម្រេចរំលាយ​គណបក្សសង្គ្រោះជាតិ និងធ្វើផែនការបន្តឃ្លាំមើល​ចលនាប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុង ​និងក្រៅប្រទេស ។
ប្រភពដដែលបានលើកឡើងថា ក្រុមសង្គមស៊ីវិលទាំងនេះ នឹងគ្រោងរៀបចំចលនា​ប្រឆាំងឱ្យបានច្រើន និងធំ ដើម្បីជាការបន្ថែមទម្ងន់ដាក់សម្ពាធ​លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបនឹងការទាមទារ​របស់ក្រុមប្រឆាំងឱ្យ
លុប​ចោលសាលដីកា របស់តុលាការកំពូល អនុញ្ញាតឱ្យខ្មោច គណបក្សសង្គ្រោះជាតិ រស់ឡើងវិញ និងលុបចោល ការហាមឃាតអតីតសមាជិក ខ្មោចគណបក្សសង្គ្រោះជាតិទាំង ១១៨នាក់ ឱ្យចូលរួមការបោះឆ្នោតវិញ។ 
 ៤- ទន្ទឹមនឹងការកៀរគរ​សម្ពាធពីក្រៅប្រទេស អង្គការ ANFREL ដែលដឹកនាំដោយលោក គល់ បញ្ញា ក៏នឹងប្រើប្រាស់ការរិះគន់នានា ដើម្បីស្នើកែទម្រង់សមាសភាព​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​បច្ចុប្បន្ន ដោយពួកគេលើកឡើងថា មិនមែនជាស្ថាប័នដែលគួរឱ្យទុកចិត្ត ព្រោះគ្មានតំណាងក្រុមប្រឆាំងជាដើម។ ក្រុមសង្គមស៊ីវិលទាំងនេះ នឹងវាយតម្លៃ​ដើម្បីទម្លាក់តម្លៃ និងប្រសិទ្ធភាពការងាររបស់ គ.ជ.ប ដែលពួកគេធ្លាប់បាន​ធ្វើនាពេលកន្លងទៅ ដោយបានបំភ្លៃ បផ្លើស បំប៉ោង និងបំភាន់ទិន្នន័យ ក៏ដូចជា​ប្រឌិតព័ត៌មានអកុសលផ្សេងៗ ជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា ។ ពួកគេធ្វើឫកដូចជាខ្វាយខ្វល់ និងយកចិត្តទុកដាក់​លើភាពត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត និងភាពជឿទុកចិត្ត បាន    នៃការបោះឆ្នោតនៅកម្ពុជាណាស់ ប៉ុន្តែធាតុពិតគឺជាការ​អនុវត្តផែនការផ្តល់ឱកាស ដល់ក្រុមគណបក្សប្រឆាំងយកលេស​ ដើម្បីធ្វើ​បាតុកម្មតវ៉ាប្រឆាំងនឹង លទ្ធផលបោះឆ្នោត ឡាំប៉ាមិនទទួលស្គាល់ការ​ចាញ់ការបោះឆ្នោត និង
ផ្តល់ឱកាសឱ្យក្រុមប្រឆាំង​ប្រើប្រាស់ការតវ៉ា​លទ្ធផលបោះឆ្នោត ទៅជាបាតុកម្មបង្កចលាចល និងឈាន
ដល់​ការ​ផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៃរដ្ឋាភិបាលស្របច្បាប់ តាមរូបភាពបដិវត្តន៍ពណ៌ និងប៉ុនប៉ង
ឡើងកាន់អំណាចតាម មធ្យោបាយមិនប្រជាធិបតេយ្យ ។ 
 ៥- តាមប្រភពពីមន្ត្រីអង្គការ ANFREL នៅក្នុងការអនុវត្តផែនការទាំងនេះ អង្គការមានថវិកាគ្រប់គ្រាន់​ហើយ បាននិងកំពុង រៀបចំការងារទាំងនេះ​។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថា តើថវិកាដែលគ្រោងនឹងចំណាយ សម្រាប់ផែនការបំផ្លាញ និងបង្ខូចការបោះឆ្នោតនៅកម្ពុជានេះ មានការគាំទ្រពីប្រភពណាមួយ​ពិតប្រាកដនៅឡើយទេ។ គោលដៅសំខាន់ដែលពួកគេ​ខិតខំប្រឹងប្រែងពីពេលនេះ គឺដើម្បីយកការវាយ​តម្លៃថា បរិយាកាសសង្គម និងនយោបាយនៅកម្ពុជាមិនល្អ        គឺត្រូវពន្យារពេលនៃការបោះឆ្នោតសិន​។ ការពន្យារពេល ដែលគេមើលឃើញថា ដើម្បីស្វះស្វែងរកការប្រោសឱ្យ       គណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងរង់ចាំការចូលរួមរបស់ គណបក្សប្រឆាំង នៅក្នុងការបោះឆ្នោត។ ហេតុដូច្នេះហើយបានជាទាំងក្រុមអ្នក នយោបាយប្រឆាំងក្រៅច្បាប់ និងសង្គមស៊ីវិល បានខិតខំនិយាយថា កម្ពុជាមានវិបត្តិនយោបាយធ្ងន់ធ្ងរ និងស្ថានភាពនយោបាយ កាន់តែអាក្រក់ទៅៗ ព្រមទាំងបានព្រមានថា កម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរ ពេលអន្តរ
ជាតិផ្តាច់ជំនួយ ឈប់ទិញផលិតផលពីកម្ពុជាជាដើម ។
តាមរយៈតួនាទីបន្ថែមថ្មី មួយទៀតរបស់លោក គល់ បញ្ញា ក្នុងនាមជាប្រធានអង្គការ ANFREL គឺបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល នាពេលកន្លងទៅមិនបាន បម្រើផលប្រយោជន៍ដល់កម្ពុជានោះឡើយ ប៉ុន្តែគឺជាការធ្វើតាមខ្សែញាក់ របស់បរទេសមួយចំនួន ដែលមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរ បានសុខ និងចង់ចាប់បង្ខំឱ្យកម្ពុជា ទទួលយកនូវលទ្ធិប្រជាធិបតេយ្យ ល្អឥតខ្ចោះមួយ ដែលសូម្បីតែប្រទេសខ្លួន ក៏មិនអនុវត្តបានផង ។ នេះក៏បង្ហាញយ៉ាងច្បាស់ថា បស្ចិមប្រទេសមួយចំនួន ដែលធ្លាប់បានលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា មិនទាន់បញ្ចប់នូវផែនការ ដ៏អាក្រក់ក្នុងការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលខ្លួនមិនពេញចិត្ត ឬមិនមាននិន្នាការគាំទ្រខ្លួននៅឡើយទេ ។ លោកគល់ បញ្ញា ដឹកនាំអង្គការ ANFREL គឺជាបន្ទប់ស្ថានការណ៍សង្គ្រាមថ្មីមួយ។ ការគាំទ្រផ្នែកនយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍ បោះឆ្នោតនៅក្រៅប្រទេស គឺជាការបន្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា ហើយជនជាតិកម្ពុជាដូចជា លោក គល់ បញ្ញា និងអង្គការរបស់ខ្លួនបាន និងកំពុងបម្រើមហិច្ឆតា
បរទេសបំផ្លាញជាតិខ្លួនឯង យ៉ាងច្បាស់ក្រឡែតមិនអាច ប្រកែកបានឡើយ ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេគឺប្រើប្រាស់អង្គការ សង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រ មូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍUSAID-IDI (Inclusive Development International) ធ្វើឡើងក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរ ការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ៕




No comments:

Post a Comment