Monday, April 09, 2018

អគ្គស្នងការនគរបាលជាតិ៖ កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខសន្តិភាពឲ្យបាន ១០០% ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការងនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រុញឲ្យកងកម្លាំងទាំងអស់ ថែរក្សាសុខសន្តិភាព ឲ្យបាន ១០០%ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យចូលឆ្នាំថ្មី និងទប់ស្កាត់គ្រប់ចលនាដែលប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

លោកឧត្តមសេនីយ៍ថ្លែងបែបនេះ ក្នុងពិធីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។

លោកបានបន្តថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យការងារនេះទទួលបានភាពជោគជ័យលុះត្រាតែ កងកម្លាំងនគរបាលខេត្តកំពង់ធំ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរក្សានូវសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទូទំាងខេត្តកំពង់ធំទំាងមូល ជាពិសេសនៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តាមវត្តអារ៉ាម និងតំបន់រម្យណីយដ្ឋានផ្សេងៗទៀត។

ព្រមទំាងអនុវត្តន៍គោលនយោបាយភូមិ–ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធិភាព របស់រាជរដ្ឋាភិបាល ជាពិសេស ចូលរួមទប់ស្កាត់ក្នុងកិច្ចការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា។

ដោយឡែកនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់នីមួយៗ អធិការក្រុងស្រុក ស្នងការនគរបាលខេត្ត មិនត្រូវបិទទ្វារអង្គភាពឡើយ ត្រូវមានការកម្លំាងប្រចាំបញ្ជារៀងរាល់ថ្ងៃ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរងចាំទទួលនូវពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើការដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។

លើសពីនេះទៅទៀតត្រូវត្រៀមកម្លំាងការពារឲ្យបាន ១០០% មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយនៅតាមទីតំាងការិយាល័យបោះឆ្នោតនីមួយៗត្រូវតែមានកម្លំាងការពារជាប្រចាំផងដែរ ដើម្បីដោះស្រាយនូវការជួបបញ្ហាមិនប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលដល់ ការបោះឆ្នោត ប្រកបដោយ សម្ងាត់ សុក្រឹត្រ និងយុត្តិធម៌។

ជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា កងកម្លាំងនគរបាលខេត្តកំពង់ធំកន្លងមក មានការសហការគ្នាបានល្អ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត មិនតែប៉ុណ្ណោះ ធ្វើឲ្យពលរដ្ឋជាទូទៅទទួលស្គាល់ថា កងកម្លាំងក្នុងមូលដ្ឋាន បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានប្រសើរ។

អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ ជាពិសេសអ្នករស់នៅក្នុងខេត្តកំពង់ធំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងធូប ភ្លើងទៀន ព្រោះវាចបង្ករជាគ្រោះអគ្គីភ័យបានគ្រប់ពេលវេលា និងសំណូមពរដល់កងកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យគ្រប់ក្រុងស្រុក ត្រូវត្រៀមឡានទឹក បំពង់ពន្លត់អគ្គីភ័យ ទុកជាមុន នៅពេលដែលមានគ្រោះអគ្គីភ័យណាមួយកើតឡើងភ្លាម ដើម្បីជួយពន្លត់ភ្លើងបានទាន់ពេលវេលា។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ឡើងអានរបាយការណ៍បូកសរុបសន្និបាតរយៈពេលមួយថ្ងៃពេញរួចមក លោកឧត្តមសេនីយ៍ត្រីបានថ្លែងទៀតថា ទោះបីបទល្មើសថយចុះ តែកម្លាំងនគរបាលទាំងអស់នៅតែបន្តប្រឹងប្រែង ពង្រឹងខឿនសន្តិសុខឲ្យរឹងមាំថែមទៀត ដើម្បីបុព្វបទស្នូលសម្រាប់ការអភិវឌ្ឍជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយមិនទុកឲ្យ អ្នកណាមួយឆ្លៀតឱកាសប្រើប្រាស់ឧបាយកល ញុះញង់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល បំផ្លាញសមិទ្ធផលនៃសង្គមជាតិបានឡើយ៕


No comments:

Post a Comment