Monday, April 09, 2018

លោក ហេង សំរិន អញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក​ និងសម្ពោធឆ្លង​សមិទ្ធផលនានា​ ក្នុងវត្តជនីរង្សី​ ហៅវត្តកំពង់រាំង​ ក្នុងស្រុកដំបែរ​

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ លោក ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជនីរង្សី ហៅវត្តកំពង់រាំង ស្ថិតនៅភូមិរាំង ឃុំសេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ហេង សំរិន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំត្រូវខិតខំប្រឹងប្រែង និងជំនះគ្រប់ឧបសគ្គ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន និងលើកកម្ពស់កិត្យានុភាពជាតិឲ្យលេចធ្លោនៅលើឆាកអន្តរជាតិ ហើយថ្វីបើសមិទ្ធផលនៅមិនទាន់មានគ្រប់គ្រាន់ស្របនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ ក៏រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបំពេញនូវកង្វះខាត ហើយការខិតខំទាំងអស់អាចកើតឡើងបានលុះត្រាណាតែប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្សគ្រប់គ្រាន់ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។

លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងទៀតថា «យើងត្រូវបន្តពង្រឹងសាមគ្គីភាពជាតិ ប្រមូលផ្តុំធនធានមនុស្ស ដោយមិនប្រកាន់និន្នាការនយោបាយ ភេទ អតីតកាល ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម ដោយឈរលើមូលដ្ឋានគោរពប្រតិបត្តិ ខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ហើយត្រូវរក្សាការពាររាល់សមិទ្ធផល ដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ និងធានាសម្រេចជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងដំណើរការការពារ និងកសាងមាតុភូមិយើង»។

ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជនីរង្សីនេះដែរ ក៏បានបង្ហាញពីកម្លំាងសាមគ្គីភាព សំដៅលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស រុងរឿងជារៀងរហូត ព្រោះប្រជាពលរដ្ឋខ្មែរប្រមាណ៩៥ភាគរយ គោរពព្រះពុទ្ធសាសនា ហើយចាត់ទុកវត្តអារាមមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា វត្តជនីរង្សី ហៅវត្តកំពង់រាំងនេះ កសាងឡើងនៅក្នុងឆ្នាំ១៩៥០ ហើយវត្តនេះក៏មិនខុសពីបណ្តាវត្តនានានៅទូទាំងប្រទេសទេ គឺបានទទួលរងនូវការបំផ្លិចបំផ្លាញដោយរបប ប៉ុល ពត និងត្រូវបានស្តារឡើងវិញនៅក្រោយឆ្នាំ១៩៧៩ ក្នុងនោះព្រះវិហារដែលជាសមិទ្ធផលដ៏ចាំបាច់ របស់វត្តត្រូវបានថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមគ្នាកសាងឡើង ដោយបានចំណាយថវិកាអស់ប្រមាណ១៣ម៉ឺនដុល្លារអាមេរិក និងសមិទ្ធផលចាំបាច់មួយចំនួនទៀត ក៏បានកសាងឡើងក្នុងវត្តនេះដែរ ទុកសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា៕





No comments:

Post a Comment