Monday, April 09, 2018

សសយក​ ខេត្តតាកែវ​ សហការជាមួយ​អាជ្ញាធរស្រុកទ្រាំង ​រៀបចំព្រឹត្តិការណ៍​ «ទ្រាំងសង្រ្កាន្ត»​

សសយក ខេត្តតាកែវ នៅរសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ បានសហការជាមួយអាជ្ញាធរស្រុកទ្រាំង រៀបចំព្រឹត្តិការណ៍ «ទ្រាំងសង្រ្កាន្ត» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៧ និង៨ ខែមេសា ឆ្នាំ២០១៨ នៅវត្តព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីបើកព្រឹត្តិការណ៍ ទ្រាំងសង្រ្កាន្ត នេះប្រព្រឹត្តទៅក្រោមអធីបតីភាព លោក សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកទ្រាំង លោក សុខ សប្បាយណា ប្រធានកិត្តយសគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរនាម លោក សុខ សូកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងក្រុមការងារ អាជ្ញាធរស្រុក ប្រជាពលរដ្ឋ និងក្រុមយុវជនសហភាពសហព័ន្ធយុវជនខេត្ត តាកែវ។

លោក សុខ ផេង បានឲ្យដឹងថា ពិធីទ្រាំងសង្រ្កាន្ត ដែលប្រព្រឹត្តនៅវត្តព្រៃផ្អាវនេះ ក៏មានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដែលមានដូចជា៖ បោះឈូង ទាញព្រ័ត្រ បោះអង្គុញ វាយក្អម កម្មវិធីប្រឡងចម្រៀង និងការប្រកួតបាល់ទះ ព្រមទាំងមានការរាំចង្វាក់ រាំវង់ សារ៉ាវ៉ាន់ កន្ទ្រឹម និងចង្វាក់ផ្សេងៗផងដែរ។

លោកបានបន្ថែមថា ការបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរនេះ គឺក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនយុវនារីជំនាន់ក្រោយឲ្យមានការយល់ដឹងពីល្បែងប្រជាប្រិយខ្មែរដ៏សម្បូរបែប ដែលបានបន្សល់ទុកដោយដូនតារបស់យើង៕






No comments:

Post a Comment