Monday, April 09, 2018

អ្នកវិភាគ៖ លោក គល់ បញ្ញា ទទួលស្គាល់ថាខ្លួនកំពុងបម្រើផលប្រយោជន៍បរទេស ក្រោមរូបភាពការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ

អត្ថបទចំណងជើងថា «គល់ បញ្ញា និងអង្គការខុមហ្វ្រែល កំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត នៅកម្ពុជា» ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសាឆ្នាំ ២០១៨ នៅលើទំព័រសារព័ត៌មាន បានបកស្បែកមុខពិត ប្រាកដរបស់លោក គល់ បញ្ញា ដែលកំពុងធ្វើសកម្មភាពគ្រប់បែបយ៉ាង ក្រោមលេសការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ ដើម្បីរំខាន បង្ខួច និងបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ តាមភស្តុតាងដែលមាន និងព័ត៌មានសម្ងាត់ដែលទម្លាយឱ្យដឹងពីប្រភពអង្គការ អាន់ហ្វ្រែល លោក គល់ បញ្ញា និងក្រុមសង្គមស៊ីវិល មួយចំនួន បាននិងកំពុងឃុបឃិតជាមួយបរទេសត្រៀមបង្កើតបន្ទប់ស្ថានការណ៍តាមដានដំណើរការ បោះឆ្នោតមួយ នៅទីក្រុងបាងកក ជ្រកក្រោមស្លាកអង្គការអាន់ហ្វ្រែល ដែលខ្លួនធ្វើជាប្រធានដឹកនាំ បន្ថែមលើតួនាទីបច្ចុប្បន្ន ជានាយកប្រតិបត្តិអង្គការខុមហ្វ្រែល។

ការលេចធ្លាយការសម្ងាត់នេះមិនបានធ្វើឱ្យលោក គល់ បញ្ញា នៅស្ងៀមឡើយ ដែលត្រូវតែចេញមក ប្រតិកម្មដោយអះអាងថា អ្វីៗដែលខ្លួនធ្វើ «មិនមែនជាការបម្រើ អន្តរជាតិឡើយ ប៉ុន្តែវាជាការយល់ ការសម្តែង អំពីការព្រួយបារម្ភ ឬ/និងការទាមទារតាមគោលការណ៍ភាពស្របច្បាប់ទូទៅដូចគ្នា ដើម្បីការបោះឆ្នោតដោយ សេរីនិង យុត្តិធម៌ និងបែបប្រជាធិបតេយ្យសេរីពហុបក្សចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មានសហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិធំៗក៏បានយល់ និងសម្តែងនូវការព្រួយបារម្ភ ឬ/និងទាមទារការគោរពគោល ការណ៍នោះផងដែរ»។  តាមរយៈសារនេះគេអាចយល់បានថា៖

ទី១- លោក គល់ បញ្ញា មិនបានបដិសេធចំពោះអ្វីដែលប្រភពសម្ងាត់របស់អង្គការ អាន់ហ្វ្រែល បានទម្លាយ ចេញនោះឡើយ គឺលោក គល់ បញ្ញា កំពុងដឹកនាំអង្គការ អាន់ហ្វ្រែល និងរៀបចំផែនការផ្សេងៗ ដើម្បីជួយក្រុម បក្សប្រឆាំងក្រៅច្បាប់ និងស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ហើយបើមិនជោគជ័យទេ គឺបំផ្លាញចោលនូវការបោះឆ្នោតតែម្តង។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយ និងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីបំផ្លាញការបោះឆ្នោត នាខែកក្កដា ឆ្នាំ ២០១៨ ប្រសិនបើសពគណបក្សសង្គ្រោះជាតិមិនបានប្រស់ឱ្យរស់ឡើងវិញ និងចូលរួមការបោះឆ្នោតទេនោះ។ ចំណុចនេះគឺច្បាស់ណាស់ លោក គល់ បញ្ញា នឹងសហការជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត ធ្វើអ្វីៗ ទាំងអស់ដើម្បីចេញនូវបុរេវិនិច្ឆ័យលើស្ថានការណ៍ នយោបាយនៅកម្ពុជា ថាមានភាពអាក្រក់ ការរំលោភសិទ្ធិមនុស្ស បិទសិទ្ធិសេរីភាព ហើយលទ្ធិប្រជាធិបតេយ្យកំ ពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ហើយចុងក្រោយ គឺចាំបាច់ត្រូវតែពន្យារការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ នេះគឺជាទង្វើ ដែលមិនអាចអត់ឱនឱ្យបានទេ ហើយការប៉ុនប៉ងបំផ្លាញការបោះឆ្នោតនេះ ត្រូវប្រឈមមុខនឹងច្បាប់ជាតិ ដែលមានជាធរមាន។

ទី២- គម្រោងផ្សេងៗដែលលោក គល់ បញ្ញា បានធ្វើគឺដូចគ្នានឹងអ្វីដែលបរទេសមួយចំនួនបានគិត ហើយគម្រោងទាំងនោះ អាចជាការរៀបចំរបស់បរទេសមួយចំនួន ដែលកំពុងព្យាយាមបំផ្លាញកម្ពុជាផងដែរ។ ម្យ៉ាងទៀត បរទេសទាំងនោះ ក៏បានត្រៀមបញ្ចេញសាច់ប្រាក់ដើម្បីគាំទ្រលើគម្រោងការនេះដែរ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង ដែលមានមូល ដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងនៅក្នុងបំណង នាំឱ្យរំខាន ឬនាំឱ្យមាន ពហិការបង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រោមលេសការបោះឆ្នោតដែលមានលក្ខណៈសេរី យុត្តិធម៌ និងត្រឹមត្រូវ គឺត្រូវមានតែវត្តមានរបស់ គណបក្សប្រឆាំង និងក្រុមអ្នកនយោបាយត្រូវបានកាត់សិទ្ធិធ្វើនយោបាយ ទាំង ១១៨ នាក់។ ពួកគេបានធ្វើមិនឮ និងមើលមិនឃើញនូវការ ប្រព្រឹត្តបទល្មើស អំពើក្បត់ជាតិរបស់ក្រុមអ្នកនយោបាយ ប្រឆាំងទាំង នេះ។ ដូច្នេះ អ្វីដែលលោក គល់ បញ្ញា បានធ្វើគឺតាមការកំណត់និងការចង់ បានរបស់ម្ចាស់ ជំនួយបរទេសរបស់ខ្លួន ក្នុងចេតនាមួយសម្រេចគោលបំណងរបស់គេនៅកម្ពុជាដោយយកលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជាលេសក្នុងការ ផ្លាស់ប្តូររបបនិងមេដឹកនាំស្របច្បាប់ដែលពួកគេយល់ថា មិនអាច គ្រប់គ្រងបាន ឬមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគេ មិនបម្រើផលប្រយោជន៍ដល់ពួកគេ។ ពួកគេតែងតែ តាំងខ្លួនជាម៉ែឪកម្ពុជា និងតែតែបំពាននូវគោលការណ៍ឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដី នៃរដ្ឋឯករាជ្យមួយដែលមានចែង នៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយដែលរដ្ឋជាសមាជិក ទាំងអស់ត្រូវតែគោរព។

ទី៣- ដើម្បីបន្តគម្រោង និងបានប្រាក់ខែសម្រាប់ក្រុមខ្លួន លោក គល់ បញ្ញា បានស្ម័គ្រចិត្តដោយរីករាយ បម្រើបរទេស ហើយពេលនេះក៏កំពុងចេញមុខរៀបចំបំផ្លាញ កម្ពុជា តាមផែនការរបស់បរទេសជាម្ចាស់ ជំនួយរបស់ខ្លួនដែរ។ នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែលរូបនេះ បានប្រព្រឹត្តកំហុសជាច្រើន សម្រាប់ជាតិក្នុងនោះរួមមាន៖

១- ធ្លាប់បានបំភ្លៃការពិត ប្រឌិតព័ត៌មានថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតដែលកម្ពុជា បានប្រើជាយូរ មកហើយ និងប្រទេសមួយចំនួនទៀតប្រើប្រាស់ គឺជាទឹកខ្មៅដែលអាច លុបជ្រះក្នុងគោលបំណង បង្កចលាចល និងដកទំនុកចិត្តលើការរៀបចំការបោះឆ្នោត។ ២- បានប្រឌិតថាអ្នកបោះឆ្នោតជាង ១,២៥ លាននាក់គ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ៣- បានបំពុល និងបង្ខូចបរិកាសនៃការបោះឆ្នោតតាមរយៈ សកម្មភាព និងការអត្ថាធិប្បាយរិះគន់ដំណើរការបោះឆ្នោត ដែលគ្មាន មូលដ្ឋានគ្រឹះ។ ៤- បានបដិសេធនូវ លទ្ធផល បោះឆ្នោតដើម្បីបង្កើតជាលេសឱ្យក្រុមអ្នកនយោបាយនៃបក្សប្រឆាំងយកលេសដើម្បី ធ្វើបាតុកម្មតវ៉ា និងបង្កើតជាលេសដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលដែល កើតចេញពីប្រជាពលរដ្ឋដើម្បីឡើង ដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ។ នេះគឺ ជាអំពើបំផ្លាញជាតិខ្លួនឯងយ៉ាងពិតប្រាកដ។

ពេលនេះ ប្រជាពលរដ្ឋខ្មែរបានដឹងអស់ហើយ និងកាន់តែដឹងច្បាស់អំពីល្បិចកល របស់បុគ្គល គល់ បញ្ញា និងអង្គការខុមហ្វ្រែលរបស់ខ្លួនដែលអះអាងថាធ្វើសកម្មភាពដើម្បីបម្រើជាតិ បម្រើឱ្យការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែធាតុពិត ពួកគេកំពុងតែអនុវត្តផែនការបរទេសក្នុងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងទាញទម្លាក់កិត្តិយសជាតិ ឱ្យធ្លាក់ចុះទៅតាមការចង់បានរបស់ចៅហ្វាយនាយបរទេស របស់ពួកគេដែលចង់ បានការសងសឹកជូនកូនចឹងរបស់ខ្លួនគឺខ្មោច គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយ សារតែអំពើ ក្បត់ជាតិ។ ប៉ុន្តែបំណងប្រាថ្នារបស់ពួកគេនឹងមិនអាច ទទួលជោគជ័យឡើយ ព្រោះទេវតារក្សាកម្ពុជា ពិតជាមិន អត់ឱនឱ្យក្រុមជនក្បត់ជាតិ និង អ្នកដែលប៉ងបំផ្លាញកម្ពុជាឡើយ៕

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៨


No comments:

Post a Comment