Monday, April 09, 2018

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញសំណេះសំណាល សាលសួរសុខទុក្ខមន្ត្រីរាជការទូទាំងស្រុកត្រាំកក់

រសៀលថ្ងៃសៅរ៍ ០៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ អមដំណើរដោយលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក ឃុំ មន្ត្រីចូលនិវត្តន៍ទូទាំងស្រុកត្រាំកក់ សរុបជាង ២,៣០០នាក់ ក្នុងបរិវេណវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍សំណេះសំណាលដោយពាំនានូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការទាំងអស់ ព្រមទាំងជម្រាបជូនពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាការគិតគូរដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ហើយតាមរយៈការគិតគូរនេះទើបរហូតមកដល់ពេលនេះប្រាក់បៀវត្សទាបបំផុតរបស់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការបានកើនឡើងជាលំដាប់រហូតដល់ជាង ១លានរៀល ហើយនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងខែមេសាខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីសន្តិភាពដែលរកបានដោយលំបាកនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាសន្តិភាពដែលយើងមិនដែលមានឡើយក្នុងរយៈពេលកន្លងមក ហើយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលអាចនាំយកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋយើងតាមរយៈការលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ហើយយកជីវិតទៅប្តូរ ចូលទៅចរចានៅក្នុងមូលដ្ឋានរបស់ទ័ពខ្មែរក្រហមដើម្បីបង្រួបង្រួមជាតិ ក្រោមនយោបាយឈ្នះៗ ដែលនាំឱ្យយើងទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសចាប់ពីឆ្នាំ១៩៩៨ ហើយថែរក្សា ការពារសន្តិភាពនោះរហូតមកដល់សព្វថ្ងៃ៕


 







No comments:

Post a Comment