Monday, April 09, 2018

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ គ.ស.២០១៨

(កំពង់ឆ្នាំង)៖ ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឈឹម ស្រីមុំ រួមជាមួយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការនគរបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីអបអរសាទរ និងទទួលអំណរឆ្នាំថ្មីនោះ ជាកិច្ចចាប់ផ្ដើម លោកស្រីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានធ្វើពិធីក្រុងពាលីនៅអាស្រមលោកតាពញាដំបងដែក ដើម្បីបួងសួងតេជៈឫទ្ធិបារមីសុំសុខសួស្ដីសិរីគ្រប់ប្រការថ្វាយប្រគេន និងជូនចំពោះសម្ដេច ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងមូលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេសជាងនេះ ក៏សូមបួងសួងថ្នាក់ដឹកនាំរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សូមឈ្នះអស់មារសត្រូវ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានសុខសន្ដិភាព ស្ថេរភាព និងរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ជាកិច្ចបន្ទាប់ ក៏មានពិធីស្វាធ្យាយព្រះបរិត្ត និងជយបរិត្តប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី លោកតាដំបងដែក លោកយាយទេព តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សូមទទួលបាននូវសុខភាពបរិបូណ៍ កម្លាំង មាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ពិសេសសូមអោយសន្តិភាព និង ការអភិវឌ្ឍគង់វង្សស្ថិតនៅក្នុងព្រះរាជណាចក្រកម្ពុជា និង ស្ថិតនៅក្នុងបេះដូងកូនខ្មែរគ្រប់រូបរាប់លានឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ជួសមុខឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះវត្តមានព្រះសិរីធម្មញ្ញាណ សុខ ថានព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះតេជៈគ្រប់ព្រះសង្ឃ និងលោក លោកស្រី និងមន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងសូមឲ្យទេវតាឆ្នាំថ្មី បារមីលោកតាដំបងដែក និងលោកយាយាទេពបីបាច់ថែរក្សាថ្នាក់ដឹកនាំ និងទទួលបានជោគជ័យគ្រប់ភារកិច្ចដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ជាកិច្ចបញ្ចប់ លោកស្រីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត បានរាប់បាត្រប្រគេនចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន៤០អង្គផងដែរ៕







No comments:

Post a Comment