Wednesday, November 22, 2017

ខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាស​ផ្ទេរភារកិច្ច ​និងតែងតាំង​មុខតំណែង​អភិបាលរង​ នៃគណៈអភិបាល​ស្រុកទឹកផុស​

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកទឹកផុស ក្រោមអធិបតីភាពលោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន ប៉ុស្តិ៍រដ្ឋបាលឃុំ និងមន្រ្តីរាជការសាលាស្រុកទាំងអស់។
ក្នុងឱកាសនោះបន្ទាប់ពី លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានមានមតិស្វាគមន៍ និងអានរបាយការណ៍បូកសរុបលទ្ធផលការងារដឹកនាំរបស់រដ្ឋបាលស្រុក ជូនគណៈអធិបតី និងសមាជិកអង្គពិធីរួចមក លោក ខឹម ចាន់នឿន នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តកំពង់ឆ្នាំង បានអានសេចក្តីប្រកាសស្តីពីការដំឡើងឋានន្តរសក្តិ និងតែងតាំងមន្រ្តីរាជការ, ប្រកាសស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ។ លោក ហ៊ី ណាត អភិបាលរងខេត្ត បានប្រគល់ និងប្រកាសតែងតាំងមន្រ្តីទាំង៥រូប ចូលកាន់តំណែងជាអភិបាលរងស្រុក និងផ្ទេរភារកិច្ច ទៅកាន់ការងារថ្មីនៅសាលាខេត្តកំពង់ឆ្នាំង ដែលក្នុងនោះរួមមាន៖
១-លោក គឹម វ៉ាន់នី ពីអភិបាលរងស្រុកទឹកផុស ទៅបម្រើការងារនៅសាលាខេត្តកំពង់ឆ្នាំង , ២-លោកស្រី កើត សាវី ពីអភិបាលរងស្រុកទឹកផុស ទៅបម្រើការងារនៅសាលាខេត្តកំពង់ឆ្នាំង , ៣-លោក រ៉ែម ដេត ពីអភិបាលរងស្រុកបរិបូណ៍ ទៅកាន់មុខតំណែងជាអភិបាលរងស្រុកទឹកផុស, ៤-លោក សាំង សុឃឿន ពីអភិបាលរងស្រុកសាមគ្គីមានជ័យ ទៅកាន់មុខតំណែងជាអភិបាលរងស្រុកទឹកផុស។ និង ៥-លោកស្រី ជឹម ចោត ត្រូវបានប្រកាសជាអភិបាលរងស្រុកទឹកផុស។
បន្ទាប់ពីប្រកាស និងប្រគល់ភារកិច្ចជូនមន្រ្តីទាំង៥រូបរួចមក លោក ហ៊ី ណាត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្រ្តីដែលទើបចូលកាន់តំណែងទាំងអស់ថា យើងជាមន្ត្រីបម្រើការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដូច្នេះត្រូវខិតខំបំពេញតួនាទីភារកិច្ចឲ្យបានល្អ និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ពិសេសត្រូវខិតខំបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានតម្លាភាព និងសូមឲ្យមន្រ្តីទាំងអស់ ត្រូវមានចំណងសាមគ្គីភាពផ្ទៃក្នុងល្អ និងលុបបំបាត់ឲ្យអស់នូវភាពអសកម្មផ្សេងៗ ដែលមានកន្លងមក និងខិតខំបំពេញភារកិច្ចឲ្យបានប្រសើរឡើងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ៕



No comments:

Post a Comment