Wednesday, November 22, 2017

ខេត្តកំពង់ឆ្នាំង ​រៀបចំពិធីប្រកាស​ផ្ទេរភារកិច្ច​ និងតែងតាំងមុខ​តំណែងអភិបាល​ អភិបាលរង​ស្រុកជលគីរី​

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាជលគីរី ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរងស្រុកជលគីរី។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក អម សុភា នាយករដ្ឋបាលសាលាខេត្ត លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោក លោកស្រីចៅសង្កាត់លោកមេប៉ុស្តិ៍ក្នុងក្រុង និងមន្រ្តីរាជការសាលាក្រុងកំពង់ឆ្នាំង សរុបចំនួន១៥៦នាក់។

លោក យិន សាវ៉េន អតីតអភិបាលស្រុកជលគីរី បានមានមតិស្វាគមន៍ដោយបានលើកឡើងនូវលទ្ធផលសំខាន់ៗដែលសម្រេចបានកន្លងមករបស់ស្រុកជលគីរី ដោយមានការរីកចំរើនលើគ្រប់វិស័យនិងធានាបានសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក អម សុភា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអានអនុក្រឹត្យលេខ១១៦៩អនក្រ.តតចុះថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ត្រូវបានផ្ទេរភារកិច្ចលោក ហៃមនោរម្យ ភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក យិន សាវ៉េន ដែលត្រូវផ្ទេរភារកិច្ចទៅអភិបាលក្រុងកំពង់ឆ្នាំង និងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៥០៤៤ ប្រក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងស្រុកចំនួន៤រូប រូមមានលោក ធូ ផល្លី, លោក លី ផល្លីន, លោក ដូវ គឹមស៊ីន និងលោកស្រី ទេស សុវណ្ណា។

បន្ទាប់ពីគណៈអធិបតី បានប្រគល់អនុក្រឹត្យត្រា និងប្រកាសរួចមកលោក ហៃ មនោរម្យបានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងគណៈអភិបាលស្រុក និងជាបណ្តាការិយាល័យ អង្គភាពជុំវិញស្រុក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យបានល្អប្រសើរ យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងបន្តអភិវឌ្ឍន៍សោភ័ណ្ឌភាពរបស់ស្រុក ក្នុងទិសដៅឲ្យទីក្រុងស្អាត និងមានសេវាកម្មល្អ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះដោយសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ លោកក៏បានផ្ដាំផ្ញើដល់លោក ហៃ មនោរម្យ អភិបាលស្រុកដែលទើបផ្ទេរភារកិច្ចមកកាន់ក្រុងកំពង់ឆ្នាំងថ្មី ឲ្យខិតខំបំពេញភារកិច្ចឲ្យបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ការធ្វើកំណែទម្រង់មានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយដោះស្រាយទំនាស់ដីធ្លី បញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងមានតម្លាភាពចំពោះមន្រ្តីក្រោមឱវាទ ជាពិសេសត្រូវសហការក្នុងជួរគណៈអភិបាលក្រុងកំពង់ឆ្នាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕




No comments:

Post a Comment