Wednesday, November 22, 2017

សាខាកាំកុងត្រូលខេត្តស្វាយរៀង បន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សនៅវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស

ស្វាយរៀង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារនៃសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម, អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន សាមគ្គី ដូនស ស្ថិតក្នុងស្វាយជ្រុំ ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង៥០០នាក់។
ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះ មានសារៈសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយ អគ្គនាយកដ្ឋានកាំកុងត្រូល។
ការទទួលខុសត្រូវលើ«សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវ ផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយចំនួន៥០០ផ្ទាំង។
បន្ថែមពីនេះ នៅថ្ងៃដដែល ដោយបានកិច្ចសហការពីគណៈកម្មការផ្សារ ក្រុមការងារក៏បានបន្តចុះទៅធ្វើការអង្កេតទីផ្សារដូនស ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ។ ក្នុងនោះក្រុមការងារក៏បានធ្វើតេស្តបឋមលើផលិតផលមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងម្ហូបអារហារ។
ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីត្រូវបានរកឃើញឡើយ តែក្នុងនោះក្រុមការងារក៏បានដកហូតទៅតាមនីតិវិធី នូវផលិតផលមួយចំនួន ដែលមានសភាពមិនប្រក្រតី និងខូចគុណភាព សរុបប្រមាណជាង៣០គីឡូក្រាម សម្រាប់ធ្វើការកំទេចចោល៕










No comments:

Post a Comment