Wednesday, November 22, 2017

រាជរដ្ឋាភិបាលកំពុងធ្វើកិច្ចការ៥យ៉ាងសម្រាប់កម្មករនៅក្រៅប្រទេស

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួនជាង ១ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីជាផលប្រយោជន៍របស់ពលករខ្មែរនៅក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើនូវកិច្ចការ៥យ៉ាង ក្នុងការលើកកម្ពស់ជីវភាពពលករខ្មែរ នៅពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការ៥យ៉ាងដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើនាពេលនេះរួមមាន៖
ទី១- រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ បាននិងកំពុងខិតខំជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីធានាបាននូវផលប្រយោជន៍ស្របច្បាប់ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលមិនទាន់ស្របច្បាប់ និងចាត់តាំងទីប្រឹក្សាការងារនៅតាមស្ថានទូតកម្ពុជានៅបរទេសជាដើម។
ទី២- រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយប្រទេសដៃគូ ទទួលស្គាល់ជំនាញទៅវិញទៅមកដូចជាកម្ពុជា-ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ជាងកំបោរ និងបណ្តាញអគ្គីសនី។ នៅសាធារណរដ្ឋកូរ៉េផ្តល់ឱកាសឱ្យពលករទៅរៀនបន្ថែមនៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់បន្ទាប់ពីត្រឡប់មកកម្ពុជាវិញអាចមានជំនាញច្បាស់លាស់។
ទី៣- រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម។ នៅប្រទេសថៃ ពលករខ្មែរទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងសុខភាព។ នៅសាធារណរដ្ឋកូរ៉េ ពលករខ្មែរទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងជីវិត និងសំបុត្រយន្តហោះ។ ពលករខ្មែរស្របច្បាប់នៅគ្រប់ប្រទេសដែលមានគ្រោះថ្នាក់ដល់ជីវិតទទួលបានសំណងស្របតាមច្បាប់ ហើយពលករស្របច្បាប់ទាំងអស់ អាចផ្ទេរប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារនិងធានារ៉ាប់រងសុខភាពមកក្រុមគ្រួសារពលករនៅស្រុកកំណើត។
ទី៤- រាជរដ្ឋាភិបាល កំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តរបបសោធននិវត្តន៍ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទានពីបេឡាជាតិរបបសន្តិសុខសង្គមពីប្រទេសមួយបន្ទាប់ពីចប់កិច្ចសន្យាការងារដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។ ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេសនឹងបានទទួលរបបដូចពលករដែលធ្វើការនៅក្នុងប្រទេសដែរចាប់ពីឆ្នាំ២០១៩ទៅ។
ទី៥- រាជរដ្ឋាភិបាលកំពុងសម្រួលបែបបទជូនពលករនៅក្រៅបរទេសអាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេសធ្វើជាតំណាងដើម្បីស្នើសុំធ្វើលិខិតថ្កោលទោសឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដោយមិនចាំបាច់សាម៉ីខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ។ ដោយឡែកពលករដែលធ្វើការនៅប្រទេសថៃ ត្រូវបានអនុវត្តន៍ឱ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវដើម្បីបំពេញបែបបទស្របច្បាប់៕




No comments:

Post a Comment