Wednesday, November 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាកម្មករ-កម្មការិនីនឹងទទួលបានការតម្លើងប្រាក់បៀវត្សអប្បបរមាជារៀងរាល់ឆ្នាំ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ ប្រាក់បៀវត្សអប្បបរមារបស់កម្មករកម្មការិនីនឹងឡើងពី១៥៣ដុល្លារ ទៅដល់១៧០ដុល្លារ ហើយនឹងឡើងជារៀងរាល់ឆ្នាំទៀតផង។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «ការឡើងប្រាក់បៀវត្សអប្បបរមាឆ្នាំនេះឡើងខ្ពស់ណាស់គឺចំនួន១៧ដុល្លារស្មើនឹងជាង១០% ហើយឡើងមិនមែនតែឆ្នាំនេះទេ ឡើងរាល់ឆ្នាំ ក្មួយៗត្រូវចាំថា ប្រាក់បៀវត្សអប្បបរមារបស់ក្មួយៗគឺនឹងឡើងជារៀងរាល់ឆ្នាំតាមយន្តការត្រីភាគី»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អ្វីៗដែលបានមកទាំងអស់នេះ បានមកដោយសារការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនបានមកដោយសារគណបក្សប្រឆាំងនោះទេ។ លោកបានបន្ថែមថាយើងបានធ្វើដំណើរមកដល់ទីនេះដោយសារប្រទេសយើងមានឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព ហើយសន្តិភាពនេះហើយដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕





No comments:

Post a Comment