Wednesday, November 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឧបត្ថម្ភបន្ថែមចំពោះអ្នកដែលសម្រាលបានកូនភ្លោះ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា អ្នកដែលទទួលបានកូនភ្លោះ៣ លោកនឹងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល ហើយសម្រាប់អ្នកទទួលបានកូនភ្លោះ៤ ទទួលបាន ១០លានរៀល។ លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ ឧបត្ថម្ភ​៤០ម៉ឺន​រៀល សម្រាលកូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
បន្ថែមពីលើនេះ លោកបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដោយចំណាយថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល សម្រាប់កម្មការិនីដែលសម្រាលបានកូនភ្លោះបីនាក់ និងឧបត្ថម្ភ ១០លានរៀលសម្រាប់កូនភ្លោះបួននាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ត្រូវចាំឱ្យច្បាស់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកើតមានតែក្នុងផ្ទៃនៃសន្តិភាពប៉ុណ្ណោះ មិនអាចកើតក្នុងផ្ទៃនៃសង្រ្គាមនោះឡើយ។ លោកក៏បានអំពាវនាវឱ្យកម្មករ-កម្មការិនី និងប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីបន្តការអភិវឌ្ឍ និងរក្សាការងារដែលកំពុងមានក្នុងដៃរបស់ពួកគេ៕






No comments:

Post a Comment