Tuesday, October 10, 2017

លោក សុខ ឥសាន្ត៖ ការស្នើរបស់អ្នកវិភាគ និងក្រុមប្រឆាំង គឺជាទស្សនៈឡប់ៗ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានថ្លែងប្រតិកម្មទៅនឹងសម្តីរបស់អ្នកវិភាគ និងបក្សពួកប្រឆាំង ដែលនិយាយទាមទារឲ្យដោះលែងលោក កឹម សុខា។ ប្រតិកម្មនេះ កើតមានឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង លើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេស ស្នើឲ្យមានវប្បធម៌សន្ទនា និងស្នើឲ្យព្រះមហាក្សត្រដោះស្រាយ ឲ្យមានការដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃ ២៣ តុលា ២០១៧ ដែលជាថ្ងៃខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយថា ចង់ឲ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយនៅកម្ពុជា។

បើតាមលោក សុខ ឥសាន្ត ទស្សនៈបែបនេះ គឺការបញ្ចេញទស្សនៈ បែបឡប់ៗ គឺជារឿងដែលមិនអាចកើតឡើង។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត បានហៅការបញ្ចេញមតិខាងលើ របស់ក្រុមប្រឆាំងថា ជាការបញ្ចេញទស្សនៈឡប់ឡែ ដែលរឿងទាំងនោះមិនអាចកើតឡើងទៅរួចនោះទេ។ លោកពន្យល់ថា វប្បធម៌សន្ទនាបានស្លាប់បាត់ទៅហើយ ដោយសារភាពមិនស្មោះត្រង់របស់មេបក្សប្រឆាំង។ ម្យ៉ាងទៀត ព្រះមហាក្សត្រទ្រង់មិនកាន់ជើងអ្នកប្រព្រឹត្តល្មើសច្បាប់ ដូចលោក កឹម សុខា ដែលប្រព្រឹត្តអំពើក្បត់ជាតិ ចង់នាំប្រទេសជាតិ ដាក់ក្រោមនឹមត្រួតត្រាបរទេសដូចអតីតកាល។ លោក សុខ ឥសាន្ត អះអាងថា ការចង់ឲ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា នោះអត់ផ្លូវទេ។ មន្ត្រីជាន់ខ្ពស់ទូតអាមេរិក និងអឺរ៉ុប បានបញ្ជាក់ហើយថា ការងារសេដ្ឋកិច្ច លក្ខ័ណ្ឌការងាររបស់កម្មករនិយោជិតល្អនៅកម្ពុជា មិនបានផ្សារភ្ជាប់ជាមួយបញ្ហាដទៃទៀតទេ។ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅតែបើកទូលាយទីផ្សារសម្រាប់មកម្ពុជា និងបង្កើនការនាំចូលផលិតផលឧស្សាហកម្មពីកម្ពុជា។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាដដែលរូបនេះបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំដោះស្រាយបញ្ហាកម្ពុជាតែពេលណាមសនការឈ្លានពានពីខាងក្រៅដែលប៉ះពាល់ដល់ឯករាជ្យភាព អធិបតេយ្យជាតិកម្ពុជា និងនាំឲ្យអន្តរាយដល់ភាពមិនអាចបំបែកបានរបស់កម្ពុជាប៉ុណ្ណោះ ។ ក្រៅពីនេះ គេមិនលូកដៃចូលទេ ។

លោក កឹម សុខា បានប្រព្រឹត្តបទល្មើសសន្និដ្ឋិភាពជាមួយបរទេស បង្កើតអំពើប្រទូសរាយ ដល់ផលប្រយោជន៍ប្រទេសជាតិ ដែលត្រូវប្រឈមចំពោះមាត្រា ៤៤៣ នៃក្រមព្រហ្មទ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាពីបទក្បត់ជាតិ។ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មិនបានបង្កើតទោសជូនលោក កឹម សុខា ទេ តែលោក កឹម សុខា បានប្រព្រឹត្តបទល្មើសខ្លួនឯង ហើយច្បាប់ជាអ្នកចោទទោសរបស់លោក កឹម សុខា។ ដោយឡែក ពាក់ព័ន្ធនឹងការរំលាយគណបក្សប្រឆាំង គឺយោងទៅតាមអំពើប្រព្រឹត្តរបស់សាមីគណបក្ស ដែលត្រូវប្រឈមនឹងមាត្រា៦ថ្មី មាត្រា៧ថ្មី មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

យ៉ាងណាក៏ដោយបើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រឿងទាំងអស់ពាក់ព័ន្ធនឹងមេដឹកនាំបក្សប្រឆាំង និងបក្សប្រឆាំង គឺកើតឡើងពីទង្វើ និងអំពើប្រព្រឹត្តរបស់សាមីជន និងសាមីគណបក្សតែប៉ុណ្ណោះ កុំបន្ទោសលើអ្នកដទៃ៕

No comments:

Post a Comment