Tuesday, October 10, 2017

គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នឹងជួយបង្កើតឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ពិតជាមានភាពចាំបាច់ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជូនប្រជាជនកម្ពុជាគ្រប់រូប ដោយសមធម៌ និងលើកកម្ពស់ជីវភាពរស់នៅ ភាពថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ភាពសុខដុមរមនា និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរៀបចំ និងដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីរការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្ត្រ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដល់កម្លាំងពលកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់របស់កម្លាំងពលកម្ម ដែលអាចប្រកួតប្រជែងកាន់តែប្រសើរជាងមុន ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមថា ជាការពិតការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពនៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅបង្កើតឡើងនូវសង្គមពុទ្ធិប្រកបដោយវិបុលភាព ដែលមានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានកម្លាំងពលកម្មប្រកបដោយជំនាញ និងមានសមត្ថភាពឈោងចាប់បច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំសម្របសម្រួលរៀបចំ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០១៥ ដ៏មានសារៈសំខាន់នេះឡើង។ លោក៏បានវាយតម្លៃខ្ពស់លើការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងដៃគូរអភវិឌ្ឍន៍ ជាពិសេសធនាគាអភវិឌ្ឍន៍អាស៊ីដែលបានគាំទ្រ និងផ្តល់កិច្ចសហការដល់ការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំគោលនយោបាយជាតិនេះឡើង រហូតទទួលបានជោគជ័យ៕




No comments:

Post a Comment