Tuesday, October 10, 2017

លោកនាយករដ្ឋមន្រ្តី ផ្តល់អនុសាសន៍៧ចំណុច ដើម្បីអនុវត្តន៍គោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍៧ចំណុច ដើម្បីអនុវត្តន៍គោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាព។

អនុសាសន៍សំខាន់ចំនួន៧ចំណុចរបស់លោកនាយករដ្ឋមន្រ្តីនាឱកាសនោះផ្តោតទៅលើ៖
ទី១- ត្រូវបន្តពង្រឹងគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តអនុវត្តប្រព័ន្ធធនាគារ ប្រព័ន្ធធានាគុណភាព និងពង្រីកសមត្ថភាពបច្ចេកទេសគ្រូបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្នផងដែរ។ ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលបានអនុម័តរួច និងបន្តសមាហរណកម្មរវាងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជាជាមួយក្របខណ្ឌគុណវុឌ្ឍិយោងអាស៊ាន។
ទី២- ត្រូវបន្តកែលំអរប្រព័ន្ធគ្រប់គ្រង់ព័ត៌មានអប់រំបណ្តុះបណ្តលបច្ចេកទេសវិជ្ជាជីវៈ និងពង្រីកប្រព័ន្ធព័ត៌មានទីផ្សារការងារ ព្រមទាំងពង្រឹងការវិភាគ ការព្យាករណ៍ទីផ្សារការងារ និងការស្រង់មតិលើតម្រូវការជំនាញ។
ទី៣- ត្រូវបន្តពង្រឹង និងពង្រីកទីភ្នាក់ងារជាតិមុខរបបរ និងការងារ មជ្ឈមណ្ឌលការងារ ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ វេទិកាការងារនិងមុខរបរ វេទិកាជាតិពិព័រណ៍ការងារនិងផ្តល់សេវាការងារឱ្យកាន់តែទូលំទូលាយ។
ទី៤- ត្រូវបង្កើនឱកាសបន្ថែមទៀតដល់ប្រជាជនដើម្បីទទួលបាននូវជំនាញសម្រាប់ជីវិតដោយយកចិត្តទុក្ខដាក់ ជាពិសេសលើស្ត្រី ជនរងគ្រោះ យុវជនទីទាល់ក្រ សិស្សដែលបានបោះបង់ការសិក្សា ពលករចំណាកស្រុក និងជនជាតិភាគតិច តាមរយៈការផ្តល់នូវជម្រើសសិក្សាផ្សេងៗដែលមានភាពបត់បែន។
ទី៥- ត្រូវបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងដល់សិស្សនិស្សិតរវាងប្រពន្ធ័អប់រំទូទៅ និង ប្រពន្ធ័អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈក្នុងនោះត្រូវផ្តល់អាហារូបករណ៍ ប្រាក់ឧបត្ថម្ភ និងអន្តេវាសិកឱ្យបានគ្រប់គ្រាន់ដល់ក្រុមគោលដៅ លើកទឹកចិត្តដល់សិស្សនិស្សិតឱ្យចូលមកសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង។
ទី៦- ត្រូវលើកទឹកចិត្តភាពជាដៃគូរវាងរដ្ន និងឯកជនឱ្យចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងគម្រោងដៃគូអភិវឌ្ឍនានាទាំងក្នុងក្របខ័ណ្ឌពហុភាគី ទ្វេភាគី ដើម្បីបន្តគៀងគរធនធានហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ទី៧- ត្រូវបំផុសនូវយុទ្ធនាការ បង្កើនផលិតភាពការងារ ទិន្នផលការងារ និងប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនៅក្នុងការទាក់ទាញវិនិយោគ និងការកើនឡើងនូវប្រាក់ឈ្នួលអប្បរមា៕





No comments:

Post a Comment