Tuesday, October 10, 2017

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងថា កម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធសាសនានៅមជ្ឈមណ្ឌល ពិព័រណ៌កោះពេជ្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។
នាឱកាសនោះលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មាន ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានថ្លែងកោតសសើរ និងថ្លែងអំណរគុណដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន ដែលបានផ្តួចផ្តើមគំនិត ជាមួយសមាគមព្រះសង្ឃខ្មែរ-ចិនពិភពលោក ដែលពិធីនេះ ត្រូវបានរៀបចំជាលើកដំបូង នៅរាជធានីភ្នំពេញ និងដោយមានព្រះសង្ឃជាង១០០អង្គ និមន្តមកពីសំណាក់ព្រះសង្គកម្ពុជា និងបណ្តាប្រទេសផ្សេងៗរួមមាន៖ ចិន កាណាដា វៀតណាម តៃវ៉ាន់ ហុងកុងផងដែរ។ ពិធីបុណ្យនេះមានគោលបំណងឧទ្ទិសមគ្គផលកុសលជូនទៅជីដូន ជីតា បុព្វការីជន គ្រូបាអាចារ្យ សាច់សាលោហិតនិងបងប្អូនញាតិកាទាំងប្រាំពីរសន្តាន ដែលបានស្លាប់បាត់បង់ជីវិត កាលពីសម័យរបប ប៉ុល ពត ដោយសារការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ក្តី និងសម័យក្រោយៗមកទៀត និងគ្រោះថ្នាក់នៅកោះពេជ្រនេះក្តី ក៏សូមបួងសួងឱ្យដួងព្រលឹងអ្នកទាំងនោះ បានរួចរំដោះចាកផុតកងទុក្ខទាំងពួង និងបានទៅកាន់សុគតិឋានកុំបីអាក់ខានឡើយ។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានបួងសួងសុំឲ្យពិភពលោកជាពិសេស កម្ពុជាសូមទទួលបាន នូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក៏សូមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេស ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា៕




No comments:

Post a Comment