Tuesday, October 10, 2017

ថ្នាក់ដឹកនាំខេត្តរតនគិរីកម្ពុជា និងខេត្តអត្តពឺឡាវ បើកកិច្ចប្រជុំរួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន

រតនគិរី៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូខេត្តចូលរួមប្រជុំទ្វេភាគី ជាមួយប្រតិភូ ខេត្តអត្តពឺ របស់ឡាវ ដឹកនាំដោយ លោក ណាម វិញ៉ាកេត អភិបាលខេត្ត នៅសាលាខេត្តអត្តពឺ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងខេត្តរតនគិរី និងខេត្តអត្តពឺ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយគ្នា។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាព័ត៌មានពីគ្នាទៅវិញទៅមក សំដៅដោះ ស្រាយបញ្ហារួមគ្នា រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមមានខ្លឹមសារ ១៤ចំណុច ដែលបាន អះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សម្រាប់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសអនុវត្តនូវសេចក្តីថ្លែងការណ៍ រួមទាំង ១០ចំណុច នៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV លើកទី០៩ កាលពី ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦។

យោងតាមស្មារតីនៃកិច្ចប្រជុំនោះ គឺបានបង្កលក្ខណៈដល់សមត្ថកិច្ចខេត្តទាំងពីរ ក្នុងការរក្សាការពារបរិស្ថាន ព្រំដែនឧទ្យានជាតិវីរៈជ័យ សហការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្កភេរវកម្ម និងឧក្រិដ្ឋកម្ម ឆ្លងដែន ដូចជាការដាំដុះ ផលិតដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស អាវុធជាតិផ្ទុះ រត់ពន្ធទំនិញ ខុសច្បាប់ និងការដឹកជញ្ជូនផល-អនុផលព្រៃឈើ និងបទល្មើសផ្សេងៗ គោរពបូរណភាពទឹកដី សហការ ជួយដល់គណៈកម្មការចម្រុះត្រួតពិនិត្យ និងបោះបង្គោលព្រំដែនកម្ពុជា ឡាវ ក្នុងការបោះបង្គោល និងត្រួត ពិនិត្យ ថែរក្សាការពារបង្គោលខណ្ឌសីមារព្រំដែន ដែលបានបោះរួចឱ្យគង់វង្ស ជំរុញឱ្យមានការ តាំងពិព័ណ៌ ពាណិជ្ជកម្ម លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដើម្បីបណ្តុះ បណ្តាលធនធានមនុស្ស ជាពិសេសជំរុញអ្នកវិនិយោគទុនលើវិស័យពាណិជ្ជកម្ម លើវិស័យនានានៅ ក្នុងខេត្តទាំងពីរ៕




No comments:

Post a Comment