Tuesday, October 10, 2017

តុលាការកំពូលចេញដីកាបង្គាប់ឱ្យ ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ឯកសារត្រៀមលើពាក្យបណ្ដឹងសុំរំលាយគណបក្ស

ចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោកស្រី សែម សក្ដិកូឡា បានចេញដីកា បង្គាប់ទៅប្រធានគណបក្សសង្គ្រោះជាតិ ឱ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយ គណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។ នេះបើយោងតាមដីកាបង្គាប់ឱ្យដាក់ ឯកសារត្រៀមរបស់ចៅក្រម ដែលទើបទទួលបាននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។

ដីកាបង្គាប់ឱ្យដាក់ឯកសារត្រៀមរបស់ចៅក្រមតុលាកំពូល បានបញ្ជាក់យ៉ាងដូច្នេះថា «បង្គាប់មកប្រធាន គណបក្សសង្គ្រោះជាតិ មានទីស្នាក់ការនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ដែលភ្ជាប់ជាមួយនេះ ជូនតុលាការកំពូលក្នុងអំឡុងពេល២០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះ (ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧)»៕

No comments:

Post a Comment