Tuesday, October 10, 2017

រដ្ឋមន្ត្រីក្រសួងការងារ ផ្តល់អនុសាសន៍​ដល់ប្រតិភូយុវជន​អាស៊ីអាគ្នេយ៍​ ឱ្យរក្សាជានិច្ច ​នូវទំនាក់ទំនងល្អ ​រវាងគ្នានិងគ្នា​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតនូវអនុស្សាវរីយ៍ជាច្រើនដូចជា ចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា រវាងយុវជននិងយុវជនអាស៊ាន ពង្រីកចំណេះដឹង និងទស្សនៈវិស័យអន្តរជាតិរបស់យុវជនក្នុងក្របខណ្ឌតំបន់ និងពិភពលោកជាដើម។
លោកបានបន្តថា យុវជនត្រូវតែរក្សាជានិច្ចនូវទំនាក់ទំនងល្អ រវាងគ្នានិងគ្នា ជាពិសេសត្រូវ ប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃណីវប្បធម៌របស់ជាតិ និងត្រូវរួមគ្នាថែរក្សាវប្បធម៌ និងការពារបេតិភណ្ឌជាតិរូបីយ ពិសេសកុំឲ្យមានការរើសអើងជាតិសាសន៍។
រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់អំពីតួនាទីរបស់យុវជនអាស៊ានកម្ពុជាថា ត្រូវហ៊ាននិយាយពីការពិត នៃសភាពការណ៍នយោបាយនៅកម្ពុជា ដើម្បីឱ្យយុវជននៃបណ្តាប្រទេសផ្សេងទៀតបានដឹងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការពារបាននូវសុខដុមនីយកម្មជូនប្រជាពលរដ្ឋ ដែលមានការអភិវឌ្ឍរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះកម្ពុជា អាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អមួយ ដែលធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបន្តអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អគួរឱ្យកត់សម្គាល់។
លោក ផាន់ សុភា ប្រធានប្រតិភូ នាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជា បង្កើនមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនអាស៊ាន និងយុវជនជប៉ុន លើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងទស្សនៈទានរបស់យុវជន លើកិច្ចការងារតំបន់ និងពិភពលោក។ តាមរយៈកម្មវិធីនេះ យុវជននឹងអភិវឌ្ឍន៍ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនងឪពុកម្តាយធម៌ និងពង្រីងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែក កសាង និងអភិវឌ្ឍន៏សង្គមជាតិ។

សូមជម្រាបថា យុវជនចំនួន២៩រូប ត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើជាតំណាងរបស់ប្រទេសកម្ពុជា នឹងត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៤៤ ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃ ទី២៣ ខែតុលា រហូតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយនាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងប្រទេសចំនួន០៦ គឺប្រទេសជប៉ុន ហ្វីលីពីន វៀតណាម ថៃ សឹង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា៕


No comments:

Post a Comment