Tuesday, October 10, 2017

ទស្សនៈមិត្តអ្នកអាន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការអភិវឌ្ឍជាតិ

នៅក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនជាបន្តបន្ទាប់រាប់មិនអស់ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅដែលបានដាក់ចេញតាំងពីដើមឆ្នាំ២០១៣ មក ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការធ្វើកែទម្រង់រដ្ឋឱ្យកាន់តែស៊ីជ្រៅ កាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយថែមទៀត សំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែចំទិសដៅថែមទៀត។

ជាការកត់សម្គាល់ នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបង្កើនប្រាក់បៀរវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ឱ្យមានជីវភាពកាន់តែប្រសើរឡើង ដោយផ្អែកលើកំណើនសេដ្ឋកិច្ចជាតិ និងភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ដែលធ្វើឱ្យប្រាក់បៀរវត្សរបស់មន្ត្រីរាជការ បានកើនឡើង មិនតិចជាង១លានរៀលឡើយនៅឆ្នាំ២០១៨ នេះ។

ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាព ព្រមទាំងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី រាជរដ្ឋាភិបាល បានខិតខំធ្វើការចរចាជាមួយតំណាងក្រុមសហជីព និងនិយោជក ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ឆ្នាំជូនដល់កម្មករ ហើយជាលទ្ធផលប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ក្នុងវិស័យវាយណភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៨ មានចំនួន១៧០ដុល្លារអាមេរិក ក្នុង១ខែ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ នេះមិនទាន់រាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត របស់កម្មករឡើយដែលត្រូវទទួលបានស្របតាមច្បាប់ ក្នុងនោះមាន ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តឬទទួលបានអាហារមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារ ជាដើម។ សរុបមក កម្មករនិយោជិតម្នាក់ អាចនឹងទទួលបានប្រាក់ឈ្នួលជាមធ្យមរង្វង់ពី ១៨៧ ដល់ ១៩៨ដុល្លារអាមេរិក ក្នុង១ខែ។ នេះមិនទាន់គិតពីអត្ថប្រយោជន៍នៃការបញ្ចុះថ្លៃទឹក ភ្លើង ដោយរួមទាំងការតបណ្តាញ ទឹក ភ្លើង ទៅដល់បន្ទប់ជួលរបស់កម្មករនិយោជិតថែមទៀតផង។ កាយវិកាយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់នេះ គឺមិនមានការចូលរួមពីគណបក្សប្រឆាំងបន្តិចសោះឡើយ។ តែផ្ទុយទៅវិញ គណបក្សប្រឆាំងតែងតែស្នើជាប្រចាំឱ្យបរទេស និងសហគមន៍អន្តរជាតិកាត់ជំនួយមកកម្ពុជា តើនេះឬជាសកម្មភាពស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋរបស់ពួកគេនោះ?
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាពិចារណា និងសូមផ្តល់នូវយុត្តិធម៌ ដល់រាជរដ្ឋាភិបាល ជាពិសេសផ្តល់នូវសច្ចៈធម៌ជាប្រវត្តិសាស្ត្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែរស់នៅរួមសុខរួមទុក្ខជាមួយបងប្អូននៅក្នុងគ្រប់កាលៈទេសៈដែលមានការលំបាក។
ថ្មីៗនេះថែមទៀត ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកំពស់ជីវភាពប្រជាពលរដ្ឋ ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈក្នុងការទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ ឱ្យមកថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ការសម្រួលជាមួយក្រុមហ៊ុនសុខា បានឡើងទស្សនារមណីយដ្ឋានបូកគោដោយមិនបាច់បង់ថ្លៃ និងភាពអនុគ្រោះដទៃទៀតរាប់មិនអស់ ដែលប្រជាពលរដ្ឋគ្រប់រូប នឹងអាចធ្វើដំណើរ ឬឡើងទស្សនាកំសាន្ត ដោយមិនបាច់បង់ថ្លៃដូចមុនតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះជាការគិតគូរថ្មីមួយទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលគោលនយោបាយមួយនេះត្រូវបានដាក់បញ្ចូលនៅក្នុងគោលនយោបាយជាអាទិភាពផ្សេងទៀត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ដូច្នេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខក្នុងសករាជថ្មី នៃការអភិវឌ្ឍនេះ បានធ្វើឲ្យប្រទេសកម្ពុជាអភិវឌ្ឍខ្លួនចេញពីប្រទេសដែលមានចំណូលតិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខណៈដែលបច្ចុប្បន្ននេះតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ចំណូលសរុបរបស់ប្រជាពលរដ្ឋម្នាក់ៗ (GDP per Capita) អាចមានក្នុងរង្វង់ ១៤២២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៧នេះ។
នេះគឺពិតជាមោទនភាពរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ដែលរូបសញ្ញាទេវតាបាចផ្កា (នៃគណបក្សប្រជាជនកម្ពុជា) គឺជានិមិត្តរូបនៃការអភិវឌ្ឍជាតិ យ៉ាងពិតប្រាកដ៕
ដោយ៖ សួន ចំរើន

No comments:

Post a Comment