Tuesday, October 10, 2017

លោក ហ៊ុន សែន ថ្លែងថា ដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍ មិនអាចកើតមាននោះទេប្រសិនបើកម្ពុជាគ្មានសន្តិភាព

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍នេះ មិនអាចកើតមានឡើងបាននោះទេ ប្រសិនបើកម្ពុជាគ្មានសន្តិភាព។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ដែលដឹកនាំដោយ លោក ផាន សុភា ដែលនេះជាលើកទី៤៤ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បានរៀបចំចេញដំណើរបន្តទៀត ដែលមានសមាជិកចំនួន២៩នាក់ ដែលនឹងគ្រោងចេញដំណើរពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ខាងមុខ ដែលមានរយៈពេល៥២ថ្ងៃ។
ក្នុងឱកាសសំណេះសំណាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូក្មួយៗយុវជនថា ដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍នេះ មិនអាចកើតមានឡើងបាននោះទេ ប្រសិនបើកម្ពុជាគ្មានសន្តិភាព។ លោក ក៏បានសង្កត់ធ្ងន់ថា សុខសន្តិភាពមានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយក៏ជាអ្វីដែលកម្ពុជាយើងបានរកបានមកដោយលំបាកជាទីបំផុត ហើយសន្តិភាពនេះគឺបានផ្ដល់ឱកាសដល់យុវជនបានចូលរួមក្នុងកម្មវិធីនាវាយុវជននៅពេលនេះ។ គោលដៅនៃការធ្វើដំណើរនេះ គឺដើម្បីពង្រឹងនូវមិត្តភាពរវាងប្រជាជន និងប្រជាជន និងរវាងប្រទេសអាស៊ីអាគ្នេយ៍ និងជប៉ុន ហើយកសាងសាមគ្គីភាពរវាងប្រជាជននៅអាស៊ីអាគ្នេយ៍ និងជប៉ុនផងដែរ។ នាវាយុវជន គឺបានបង្កើតឡើនៅឆ្នាំ១៩៧៤ តាមរយៈការដំណើរទស្សនកិច្ចលើនាវានៅដែលត្រូវឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិក ពីជប៉ុនមកកាន់កម្ពុជា ហើយបន្តទៅកាន់ប្រទេសថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ហើយវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាន៍ផងដែរថា មានសន្តិភាពតែមួយមុខ តែគ្មានគោលនយោបាយត្រឹមត្រូវ ក៏គ្មានឱកាសសម្រាប់យុវជនយើងទាំងអស់គ្នាដែរ។ ជាមួយគ្នានេះដែរ លោកបានជម្រាបជូនយុវជនអំពីយុទ្ធសាស្ត្រត្រីកោណ ដែលបានដាក់ចុះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមានមុំ៣សំខាន់គឺ៖ ទី១- គឺធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជា, ទី២- ធ្វើសមាហរណកម្មកម្ពុជាឱ្យឆាប់បំផុតក្នុងឆាកអន្តរជាតិ និងទី៣- ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុងគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយើងឱ្យបានឆាប់រីកចម្រើន។ ស្របពេលជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនក្មួយៗប្រតិភូអំពីមូលហេតុ៤យ៉ាង ដែលនាំឱ្យកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ានគឺ៖ ១-គឺគោលការណ៍មិនជ្រៀតជ្រែកចូលផ្ទៃក្នុងប្រទេសដទៃ, ២-គឺស្មារតីសហគមន៍ធ្វើការតាមកុងសង់ស៊ីស, ៣-គឺផលប្រយោជន៍ខាងសេដ្ឋកិច្ច និង ៤-គឺច្រកចេញការទូតរបស់កម្ពុជាតាមអាស៊ាន មានកាន់តែច្រើនទូលំទូលាយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំក្មួយៗជាប្រតិភូទាំងអស់ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឱ្យជាតិសាសន៍យើងទាំងមូលមិនមែនតំណាងឱ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនងជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឱ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍, ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ៕





No comments:

Post a Comment