Tuesday, October 10, 2017

សមាជិកាសហភាពសហព័ន្ធយុវជន​កម្ពុជា២០រូប ​ទទួលបាន​ឪកាសចូលរួម​វគ្គបណ្តុះបណ្តាល​ អ្នកដឹកនាំ​វ័យក្មេង​អាស៊ាន​

នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហូ ឈុនគ្រី ប្រធានគណៈប្រតិភូ។

ក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះក្មួយៗសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង២០រូប ដែលបានទទួលឪកាសសម្រាប់ទស្សនៈកិច្ចសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់ថ្មីៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមទិសដៅកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការ១០០ថ្ងៃ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់នាពេលកន្លងមក ដើម្បីបង្ខិតសេវាធារណៈមកជិតប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងឆាប់រហ័ស។

សេវាទាំងនោះមានដូចជា៖ មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរ ការចែកផ្លាកសុវត្ថិភាព ( ចំណាំងផ្លាត) ដល់ប្រជាពលរដ្ឋ ប្រគល់រ៉ឺម៉ក់ម៉ូតូកង់បី ដើម្បីជួសជុល និងលុបបំបាត់សំបុកមាន់ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងវិស័យដឹកជញ្ជូនផ្លូវគោករួមមាន ការចុះបញ្ជីយានយន្ត ប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ ការដាក់លក់លេខពិសេសតាមប្រព័ន្ធអនឡាញ ធ្វើផ្លាកលេខម៉ូតូ នៅតាមបណ្តាហាងលក់ម៉ូតូ ជាង៨០០ក្រុមហ៊ុន ផ្លាកលេខឡាន និងម៉ូតូដែលមាន QR CODE កែសម្រួលបច្ចេកទេសសាងសង់ និងជួសជុលផ្លូវថ្នល់ ពីពេលថ្ងៃមកពេលយប់ ដើម្បីសម្រួលការកកស្ទះដល់ប្រជាពលរដ្ឋ ជាពិសេសគ្រោងនិងធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាចុងបញ្ចប់ លោកក៏បានផ្តាំផ្ញើដល់យុវជនជាសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទាំងអស់ ត្រូវរឹងមាំ ក្លាហាន យោគយល់អធ្យាស្រ័យគ្នា ក្នុងដំណើរទស្សនៈកិច្ចសិក្សា ដែលតំណាងឲ្យយុវជនកម្ពុជា ប្រទេសកម្ពុជា និងត្រូវបង្ហាញនូវសម្ថភាពដែលខ្លួនមាន ចំណេះដឹង និងសេចក្តីថ្លៃថ្នូរ ហើយពាំនាំនូវបទពិសោធន៍ដែលទទួលបានពីភាគីចិន និងបណ្តាប្រទេសដទៃទៀតមកបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើន៕




No comments:

Post a Comment