នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទង្វើ «៣កុំ» របស់គណបក្សប្រឆាំងជាអំពើក្បត់ជាតិ ក្បត់ប្រជាជន ហើយលោកនឹងបន្តអនុវត្តន៍ «៣សុំ» ដើម្បីធ្វើជាគោលនយោបាយប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ ដើម្បីទុកឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតជាអ្នកវិនិច្ឆ័យចុះ ។ លោក បានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកគណបក្សប្រឆាំង តែងប្រើ «៣កុំ» រួមមាន៖ ទី១-កុំឱ្យបរទេសផ្តល់ជំនួយមកកម្ពុជា ទី២-កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងទី៣- កុំឱ្យបរទេសទិញទំនិញពីកម្ពុជា។ ទង្វើទាំងបីនេះគឺជាការក្បត់ផលប្រយោជន៍ជាតិសាសន៍ សម្លាប់ជាតិសាសន៍ និងបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា គណបក្សប្រឆាំង ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីគ្រាន់តែចង់ឈ្នះរូបលោក និងកាន់អំណាច សុខចិត្តបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន បើគាំទ្រ «៣កុំ» របស់គណបក្សប្រឆាំង កម្មករ កម្មការិនីយើង នឹងមិនមានការងារធ្វើនោះឡើយ ហើយក៏មិនមានប្រាក់ផ្ញើទៅក្រុមគ្រួសារដែរ។ លោក បានបន្ថែមថា ប្រជាពលរដ្ឋគឺជាអ្នកវិនិច្ឆ័យនៅឆ្នាំ២០១៨ខាងមុខ ថាតើអ្នកណាជាអ្នកស្នេហាជាតិ និងប្រជាជនពិតប្រាកដ?
No comments:
Post a Comment