Wednesday, August 23, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តអនុវត្តន៍ «៣សុំ» ធ្វើជាគោលនយោបាយប្រកួតប្រជែងនៅឆ្នាំ២០១៨

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងបន្តអនុវត្តន៍ «៣សុំ» ដើម្បីធ្វើជាគោលនយោបាយប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០​១៨ខាងមុខនេះ ។ លោក បានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការនីជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្មករ កម្មការិនី ជាអ្នកត្រិះរិះពិចារណាខ្លួនឯងចុះពីអត្ថប្រយោជន៍របស់គោលនយោបាយ «៣សុំ» របស់លោក។ លោក បានបន្ថែមថា គោលនយោបាយ «៣សុំ» នោះ រួមមាន៖ ទី១- សុំឱ្យបរទេសផ្តល់ជំនួយមកកម្ពុជា ទី២-សុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងទី៣- សុំឱ្យបរទេសជួយទិញទំនិញពីកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការរីកចម្រើនកន្លងមករបស់កម្ពុជាដែលចាប់តាំងពីបាតដៃទទេរហូតមកដល់មានអ្វីៗដូចសព្វថ្ងៃនេះ គ្មានបាតដៃរបស់គណបក្សប្រឆាំងនោះឡើយ។ គណបក្សប្រឆាំង មិនត្រឹមតែមិនជួយនោះទេ ថែមទាំងរារាំងការអភិវឌ្ឍជាតិក្រោមការដឹកនាំរបស់លោក ដោយអំពាវនាវដល់បរទេស «៣កុំ» ដូចជា៖ កុំផ្តល់ជំនួយដល់កម្ពុជា កុំមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជា៕



No comments:

Post a Comment