Wednesday, August 23, 2017

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ ប្រើវិធាន​ការក្តៅ​ ចាប់រថយន្ដ​ដឹកដី៨គ្រឿង​ ដែលមិនគោរព​តាមការណែនាំ

ក្រោយទទួលបានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ធ្វើការចាប់ឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿង ដើម្បីយកមករក្សាទុកជាបណ្ដោះអាសន្នសិន រយៈពេលចាប់ពី៥ថ្ងៃ រហូតដល់ទៅ១ខែ និងព្រមានធ្ងន់ៗ ចំពោះអ្នកបើកបរឲ្យក្រុមហ៊ុន តាមដេប៉ូបូមខ្សាច់នីមួយៗ នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

ការចាប់ឃាត់រថយន្ដបែនដឹកដីនេះ គឺបណ្តាលមកពីអ្នកបើកបរមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ពោលគឺមិនលាងកង់រថយន្ដ មិនបានគ្របដណ្ដប់ប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមុននិងបើកបរចេញពីក្រុមហ៊ុនដេប៉ូខ្សាច់ ដែលអាចធ្វើឲ្យហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ដែលធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំងសុខភាពរបស់ប្រជាពលរដ្ឋ។

ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការចាប់ឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿងខាងលើនេះដែរ បន្ទាប់ពីអ្នកបើកបរនៅតែបំពាន មិនគោរតាមលក្ខណៈបទដ្ឋានបច្ចេកទេសដូចជា ការបង្កើតឲ្យមានទីតាំងសម្រាប់លាងកង់រថយន្ដ និងមិនត្រូវដឹកដីដែលទទឹក ពោលគឺហាមដឹកដីសើម ដើម្បីបង្កាការហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ចំពោះវិធានការចាប់ឃាត់រថយន្ដដឹកដី និងព្រមានធ្ងន់ៗទាំងអ្នកបើកបរបែបនេះ ក៏ព្រោះតែកន្លងមកអាជ្ញាធរបានធ្វើការណែនាំជាច្រើនលើក ច្រើនសារណាស់មកហើយ ដើម្បីឲ្យគោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេសមួយចំនួនដូចជា មិនត្រូវបើកបរលឿនៗ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។

លោកបានបន្ថែមថា ជំហានទី១- បើក្នុងករណីអ្នកបើកបររថយន្ដដឹកដីមិនអនុវត្តតាម ហើយនៅតែបន្តបំពាននោះ ប្រាកដជាត្រូវចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល៥ថ្ងៃ និងទី២- បើអ្នកបើកបរនៅតែគគ្លើន មិនអនុវត្តតាមការណែនាំទេនោះ នឹងចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល២០ថ្ងៃ បូករួមនិងទី៣- ចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល១ខែតែម្ដង ដោយមិនលើកលែងបានឡើយ ព្រោះអាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋតែម្តង៕




No comments:

Post a Comment