Wednesday, August 23, 2017

វិទ្យាស្ថាន ពលរដ្ឋវិជ្ជា៖ នយោបាយសង្គមកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល ជាកាដូពិតជូនដល់ កម្មករ-កម្មការិនី


នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកវិទ្យាស្ថាន ពលរដ្ឋវិជ្ជា បានបង្ហោះផ្សាយនូវ អត្ថបទមួយក្រោមចំណងជើងថា នយោបាយសង្គមកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល ជាកាដូពិតជូនដល់ កម្មករ-កម្មការិនី ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ពិតមែនហើយថា ជាគោលការណ៍នីតិរដ្ឋធម្មនុញ្ញ គឺកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស តែវាជាទិដ្ឋភាពច្បាប់ (de jure) ប៉ុណ្ណោះ
ឯភាពជាក់ស្តែង (de facto) វិញ បង្ហាញពីប្រព័ន្ធ “ទ្វេបក្ស” រវាងគណបក្សដឹកនាំរដ្ឋាភិបាល និងគណបក្សប្រឆាំង ដែលកំពុងដំណើរការនៅលើទីលានប្រកួត ប្រជែងនយោបាយ។ ទិដ្ឋភាពទ្វេបក្សនេះ ស្តែងឲ្យឃើញនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីនយោបាយពីរផ្ទុយគ្នាស្រឡះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកការគាំទ្រពីម្ចាស់ឆ្នោត។
គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ប្រើប្រាស់វិធីសាស្ត្រនយោបាយបែបប្រជាភិថុតិ ដោយសន្យាផ្តល់នេះផ្តល់នោះ នៅពេលដែលខ្លួនឈ្នះឆ្នោត។ សូម្បីតែបោះឆ្នោតឃុំកន្លងទៅ ហ៊ានសន្យាផ្តល់លុយកន្លះលានដុល្លារមកឲ្យឃុំដើម្បីអភិវឌ្ឍន៍នៅហ្នឹងកន្លែង ប៉ុន្តែជាក់ស្តែងជាការសន្យាខ្យល់ ឬជាការទិញសន្លឹកឆ្នោតជំពាក់តែប៉ុណ្ណោះ។ សូម្បីតែការសន្យាឲ្យលុយត្រឹមបួនម៉ឺនរៀលរៀងរាល់ខែដល់មនុស្សចាស់ បើខ្លួនឈ្នះធ្វើមេឃុំ ក៏មិនបានក្លាយជាការពិតផង។ លើសពីនេះទៅទៀត គណបក្សសង្គ្រោះជាតិ តែងតែធ្វើនយោបាយបំផ្លាញឆ្នាំងបាយបងប្អូនកម្មករ-កម្មការិនីតាមរយៈវិទ្ធង្សនានយោបាយបីរួមមាន៖
១-វិទ្ធង្សនានយោបាយទី១ គឺកុំឲ្យរដ្ឋាភិបាលបរទេស និងអង្គការមូលនីធិអន្តរជាតិផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។
២-វិទ្ធង្សនានយោបាយទី២ គឺកុំឲ្យអ្នកវិនិយោគបរទេស មកបណ្តាក់ទុននៅកម្ពុជា និង
៣- វិទ្ធង្សនានយោបាយទី៣ គឺកុំឲ្យបរទេសទិញទំនិញផលិតពីកម្ពុជា។
ផ្ទុយស្រឡះពីគណបក្សប្រឆាំង គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសដោយអនុវត្តនូវនយោបាយប្រាកដប្រជា “ថាគឺធ្វើ” ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់សង្គម ប្រកបដោយការទទួលខុសត្រូវ ផ្សាភ្ជាប់ជាមួយនឹងកំរិតរីកចម្រើនជាក់ស្តែងជាជំហានៗ និងល័ក្ខខ័ណ្ឌពិសេសរបស់ប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងថ្មីៗនេះ សម្តេចតេជោសែន បានប្រកាសអំពីនយោបាយសង្គមកិច្ចដែលជាកាដូធំៗចំនួន៣ ផ្តល់ជូនបងប្អូនកម្មករ-កម្មការិនីទូទាំងប្រទេស ៖
១-កាដូ “គាំពារសុខភាព” គឺចាប់ពីខែមករា ឆ្នាំ២០១៨ កម្មករ/កម្មការិនី លែងតម្រូវឲ្យបង់ប្រាក់ភាគទានប្រចាំខែទៅក្នុងបេឡាជាតិគាំពារសុខភាពសម្រាប់ការពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យតទៅទៀតហើយ ពោលគឺ ថៅកែរ៉ាប់រងបង់ភាគទាន១០០% តែម្តង។
២-កាដូ “សោធននិវត្តន៍” គឺចាប់ពីឆ្នាំ២០១៩ ទៅ កម្មករ/កម្មការិនី នឹងទទួលបានប្រាក់ខែចូលនិវត្តន៍ដូចមន្រ្តីរាជការអញ្ចឹងដែរ។
៣-កាដូ “ជិះរថយន្តក្រុង មិនបង់លុយ” គឺចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បងប្អូនកម្មករ-កម្មការិនី ជិះរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ ដោយមិនគិតថ្លៃឡើយ។
កាដូសង្គមកិច្ចសម្រាប់បងប្អូនកម្មករ/កម្មការិនី មិនមែនជាការសន្យាទេ គឺជាកាដូពិតៗរបស់សម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមហ្នឹងនេះដែរ សម្តេចតេជោសែន ចុះជួបសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនីរៀងរាល់សប្តាហ៍ដល់រោងចក្រ ជាប្រយោជន៍ធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាពការងារ និងទំនាក់ទំនងល្អរវាងនិយោជក និងនិយោជិក រួមគ្នាដោះស្រាយបញ្ហាអសកម្មមួយចំនួនជុំវិញល័ក្ខខ័ណ្ឌ និងស្ថានភាពការងារ។ នេះពិតជាឱកាសផ្តល់នូវកាដូសង្គមកិច្ច ជាបន្តបន្ទាប់ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនកម្មករ/កម្មការិនី ដ៏យូរអង្វែង និងចិរភាព៕

No comments:

Post a Comment