Wednesday, August 23, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៥ចំណុចដើម្បីធានាការងារនិងប្រាក់ចំណូលដល់កម្មករ កម្មការិនី

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការនីជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនូវអនុសា​សន៍៥ចំណុចដើម្បីធានានិរន្តរភាពការងារ និងប្រាក់ចំណូលរបស់កម្មករ កម្មការិនី ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អជូនដល់បងប្អូនកម្មករ កម្មការិនី លោក បានផ្តល់អនុសាសន៍៥ចំណុចរួមមាន៖ ទី១- ​ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ទី២- រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម ទី៣- រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ កម្មការិនី និងកុំឱ្យកម្មករ កម្មការិនីភ័យខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល ទី៤- ផ្តល់របបគាំពារសន្តិសុខ សង្គមដល់ កម្មករចាប់ពីខែ មករា ២០១៨ នេះគឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចចំណេញថវិកាពី ៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ និង ទី៥- ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលធ្វើការនៅក្រៅប្រទេស។

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រ និងជួយជ្រោមជ្រែងដោយធ្វើការទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសដៃគូ ដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខខណ្ឌការងារល្អៗរួមទាំងជួយសម្រួលនូវលិខិតបទដ្ឋានដែលពាក់ព័ន្ធការងារស្របច្បាប់ដល់ក្មួយៗកម្មករ កម្មការិនីផងដែរ៕




No comments:

Post a Comment