Sunday, July 09, 2017

សម្លេងយើង៖ ដូរអំណាចរដ្ឋាភិបាលមិនបាន តម្រូវឲ្យលោក កឹម សុខា ដូរក្រុមខ្លួនកាន់កាប់អំណាចផ្ទៃក្នុងបក្សវិញម្តង ...!"

ពាក្យថា "ឈ្នះ" របស់មេដឹកនាំបក្សប្រឆាំងទាំង សម រង្ស៊ី ទាំងកឹម សុខា មានន័យគ្រាន់តែជាអំណួតនៃក្តីស្រម៉ៃប៉ុណ្ណោះ។ ទីបំផុតជួបតែការបរាជ័យគ្រប់ការបោះឆ្នោត ហើយសម្រែក "ដូរៗៗ" របស់បុគ្គលទាំងពីររូបនេះ ក៏ការពិតមិនអាចដូរអំណាចគ្រប់គ្រងរដ្ឋបានដែរទេ។ ផ្ទុយទៅវិញ ដូរបានត្រឹមតែអំណាចគ្រប់គ្រងគណបក្សសង្គ្រោះជាតិប៉ុណ្ណឹងឯង។ ការវិវត្តន៍ជាក់ស្តែងបានចេញដំណើរដោយប្តូរលោក សម រង្ស៊ី ចេញពីតំណែងមេបក្ស ដាក់លោក កឹម សុខា ជំនួសវិញ និងប្តូររបបដឹកនាំបក្សបែបកុងសង់ស៊ុសរវាងប្រធាន-អនុប្រធានមួយរូប មកជារបបប្រធាន-អនុប្រធានបីរូបដែលជាសមាមាត្រកម្លាំងដឹកនាំថ្មីនៃអំណាចមានទម្ងន់មកខាងលោក កឹម សុខា ទាំងស្រុង ព្រោះសមាសភាពអនុប្រធានបីរូប ៖ (១) គឺលោក ប៉ុល ហំម ជាសហសេវិកនយោបាយយូរមកហើយ ជាមួយលោក កឹម សុខា តាំងពីនៅក្នុងគណបក្សលោកតា ស៊ឺន សាន, (២) គឺលោកស្រី មួរ សុខហួរ មានប្រវត្តិជានារីផ្តាច់និស្ស័យនយោបាយពីគណបក្សហ្វ៊ុនស៊ីនប៉ិច ព្រោះអស់អនាគតជាមួយសម្តេចក្រុមព្រះ បើទោះបីងាកមកស៊ីផលពីគណបក្សប្រឆាំង ក៏មិនប្រាកដជាប្តូរផ្តាច់ជាមួយក្រុម សម រង្ស៊ី ណាស់ណាប៉ុន្មានទេ និង(៣) មានតែអនុប្រធានបក្សម្នាក់គត់ គឺលោក អេង ឆៃអ៊ាង ដែលជាមនុស្សស្និត និងជាជើងកាងរបស់លោក សម រង្ស៊ី។ ប៉ុន្តែជំហាននៃការវិវត្តន៍ថ្មីនេះ ពុំទាន់ធានាដល់បើកផ្លូវ១០០% ឲ្យលោក កឹម សុខា សម្រេចមហិច្ឆិតាធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ២០១៨ នៅឡើយទេ ព្រោះលោក សម រង្ស៊ី នៅតែប្រកាសថាខ្លួនជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្សសង្គ្រោះជាតិដដែល បើទោះបីជាគ្មានតួនាទីជាផ្លូវការ និងលែងជាសមាជិកបក្សក៏ដោយ។ រីឯ លោក យឹម សុវណ្ណ មនុស្សជំនិត និងជើងកាងម្នាក់ទៀតរបស់លោក សម រង្ស៊ី បានចាត់ទុកថា ការបោះឆ្នោត២០១៨ គ្មានវត្តមានលោក សម រង្ស៊ី គឺជាការបោះឆ្នោតមិនសេរី និងយុត្តិធម៌ដែលមានន័យទុកលោក កឹម សុខា ប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ ឲ្យនៅគន្លាតជញ្ជាំង ពោលគឺ មិនមែនជាមនុស្សទី១របស់បក្សប្រឆាំង។


ដូច្នេះការធ្វើវិសោធនកម្មច្បាប់គណបក្សដែលតម្រូវឲ្យគ្រប់គណបក្សមិនត្រូវភ្ជាប់ខ្លួនជាមួយទណ្ឌិតក្នុងគ្រប់សណ្ឋាន និងគ្រប់រូបភាព គឺលោក កឹម សុខា ពិតជារីករាយក្នុងចិត្តជាពន់ពេក និងគាំទ្រដោយលាក់លៀម ក្នុងការកម្ចាយបុគ្គលលោក សម រង្ស៊ី និងកាត់បន្ថយឥទ្ធិពលរបស់គាត់មកលើគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន នេះបើនិយាយជារួម។ បើនិយាយដោយឡែកវិញ គឺលែងរាំងស្ទះបុគ្គលលោក កឹម សុខា ក្នុងការសម្រេចមហិច្ឆិតាឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សសង្គ្រោះជាតិតែម្តង។ លើសពីនេះទៅទៀត លោក កឹម សុខា និងលោក ប៉ុល ហំម មានឱកាសរៀបចំសេណារីយ៉ូ ពង្រឹងអំណាចកាន់កាប់បក្ស ដោយបន្ថយសមាសភាពភាគីលោក សម រង្ស៊ី ជាពិសេសនឹងរៀបចំដាក់បញ្ចូលសមាសភាពភាគីលោក កឹម សុខា ក្នុងចំនួនអតិបរិមាតាមតែអាចធ្វើទៅបាន ឲ្យឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង-ស្រុក-ខ័ណ្ឌ សម្រាប់ការបោះឆ្នោត់អាណត្តិថ្មីខាងមុខ៕

ប្រភព៖ ហ្វេសបុក សម្លេង យើង




No comments:

Post a Comment