Sunday, July 09, 2017

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន៖ កម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក

យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៧នេះ បានបង្ហោះសារថា កម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ នេះជាមោទនភាពជាតិថ្មីមួយទៀតដែល “ប្រាសាទសំបូរព្រៃគុហ៍” ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ។

ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុហ៍ក្នុងបញ្ជីបេតិកភណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូលប្រាសាទសំបូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩:៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ធ រួមជាមួយមន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមខិតខំប្រឹងប្រែងក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ កាលពីយប់មិញនេះ។

សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា៕


No comments:

Post a Comment