Sunday, July 09, 2017

ទំព័រ Facebook ចៅ ចាក់ស្មុក ៖ ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

តាមការគ្រោងទុក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងកោះប្រជុំពេញអង្គ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ ដើម្បីពិនិត្យ និងអនុម័តលើច្បាប់មួយចំនួនក្នុងនោះក៏មាន ច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ លើកទី២។ បើទោះបីជាគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើពហិការ និងមិនចូលរួមប្រជុំអនុម័ត លើការធ្វើ វិសោធនកម្មច្បាប់ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក៏សភាជាតិ មានកូរ៉ុម គ្រប់គ្រាន់ ក្នុងការដំណើរការប្រជុំរបស់ខ្លួន ជាមួយវត្តមានតំណាងរាស្ត្រចំនួន ៦៨ រូបមកពីគណបក្សប្រជាជនកម្ពុជា។
បក្សប្រឆាំងមិនគាំទ្រ និងមិនចូលប្រជុំសភាគឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែតំណាងរាស្ត្រនៃគណបក្សប្រជាជន កម្ពុជាដែលបម្រើផលប្រយោជន៍រាស្ត្រ ការពារសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ បានបំពេញភារកិច្ច ស្របងាមរដ្ឋធម្មនុញ្ញ។

តើហេតុអ្វីបានជានៅពេលនេះ កម្ពុជាចាំបាច់ ត្រូវធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ?

១-ច្បាប់ស្តីពីគណបក្សនយោបាយដំបូង បានរៀបចំ និងអនុម័តឱ្យប្រើប្រាស់នៅអំឡុងឆ្នាំ១៩៩៧។ ច្បាប់ស្តីពីគណបក្សនយោបាយពេលនោះ ត្រូវបានរៀបចំឡើងដើម្បីបម្រើសភាពការណ៍ សង្គម និងនយោបាយនាពេលនោះ។ ពេលនោះយ៉ាងម៉េច? ពេលនោះជាដំណាក់កាលនៃការបង្រួមបង្រួមជាតិ និងបង្រួបបង្រួមទឹកដី ក្រោយពេលប្រទេសជាតិបានហែលឆ្លងកាត់សង្រ្គាមស៊ីវិល និងការបែកបាក់ ជាតិអស់រយៈពេលជិត ៣ ទសវត្សរ៍។ បច្ចុប្បន្ននេះ ប្រទេសជាតិ មានសុខសន្តិភាព ធនធានមនុស្សក៏មានច្រើន សភាពការណ៍សង្គម និងនយោបាយបានវិវត្តមកដល់ដំណាក់កាលមួយថ្មី ដែលទាមទារឱ្យមានការ សម្រិតសម្រាំងរកធនធានមនុស្សដែលមាន សមត្ថភាពល្អ ដើម្បីជាប្រយោជន៍ ប្រទេសជាតិ មិនមែនអ្នក ជាប់ទោស ប្រព្រឹត្តបទល្មើសក៏អាចអនុញ្ញាតឱ្យធ្វើ ប្រធានគណ បក្សនយោបាយបានដែរនោះទេ។

២-ក្នុងបរិការណ៍ថ្មីនេះ ច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានអនុម័តតាំងពី ២០ ឆ្នាំមុននោះ គួរត្រូវបាន ពិនិត្យ ដើម្បីជាប្រយោជន៍ជាតិ និងប្រយោជន៍នៃរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ដើម្បីធ្វើឱ្យប្រទេសមួយ អនុវត្តប្រកាន់ខ្ជាប់នីតិរដ្ឋ ចាំបាច់ត្រូវមានច្បាប់មួយដែល បម្រើជាតិ និងប្រជាជន ហើយប្រសិនបើ កាលះទេសៈតម្រូវ គឺត្រូវធ្វើវិសោធនកម្មដើម្បីភាពរលូននៃការអនុវត្ត និងស្រប តាមការវិវឌ្ឍនៃស្ថានការណ៍ ក្នុងស្រុក និងពិភពលោកទាំងមូល។

៣-ការធ្វើវិសោធនកម្មលើកទី១លើច្បាប់ស្តីពីគណបក្សនយោបាយ នាខែមីនា ឆ្នាំ ២០១៧ គឺមានបំណង ហាមឃាត់ទណ្ឌិត មិនឱ្យធ្វើជាមេដឹកនាំគណបក្សនយោបាយ ព្រោះអ្នកដឹកនាំបក្សនយោបាយ ត្រូវមាន ឥស្សរភាព និងសុចរិតភាព។ ទណ្ឌិតមិនមានគុណសម្បត្តិទាំងអស់នេះទេ។ ប្រទេសប្រកាន់របប ប្រជាធិបតេយ្យផ្សេងៗ ក៏មានកំណត់ប្រហាក់ប្រហែលនេះដែរ ហើយប្រទេសខ្លះហាមដល់អ្នកមាន សញ្ជាតិលើសពីមួយទៀតផង មិនឱ្យធ្វើជាប្រធានគណបក្សនយោបាយ។

៤-ការធ្វើវិសោធនកម្មលើកទី២ នេះ គឺដើម្បីបំពេញភាពចន្លោះខ្វះខាតនៅក្នុងការធ្វើវិសោធនកម្មលើកទី ១។ ទណ្ឌិត មិនអាចធ្វើថ្នាក់ដឹកនាំបក្សនយោបាយ ដូចនេះ បក្សនយោបាយ ក៏មិនត្រូវស្ថិតក្រោមឥទ្ធិពល របស់ទណ្ឌិតក្នុងនាមជាមេដឹកនាំស្រមោលដែរ។ និយាយតាមមួយបែបទៀត ប្រសិនបើទណ្ឌិតត្រូវបាន ហាមឃាត់មិនឱ្យធ្វើជាថ្នាក់ដឹកនាំបក្សនយោបាយ ដូចនេះ វាជារឿងធម្មតាដែលគណបក្សនយោបាយ ក៏មិនត្រូវបានអនុញ្ញាតឱ្យភ្ជាប់ខ្លួនជាមួយទណ្ឌិត ឬឧក្រិដ្ឋជនដែរ។

៥-ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកទី២ ដោយបន្ថែមខ្លឹមសារ និងមាត្រាមួយ ចំនួនក៏ដើម្បីធ្វើឱ្យច្បាប់នេះកាន់តែមានខ្លឹមសារពេញលេញ និងមានប្រសិទ្ធភាពថែមទៀត ហើយជាពិសេស គឺទប់ស្កាត់ការសមគំនិតគ្នារវាងទណ្ឌិត ឬឧក្រិដ្ឋជន ជាមួយគណបក្សនយោបាយដើម្បីបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាក។

៦-ការធ្វើវិសោធនកម្មលើកទី២ ក៏គ្មានចំណុចណាមួយសោះដែលចែងប៉ះពាល់ដល់សិទ្ធិបុគ្គល ដែលត្រូវបាន ធានាការពារដោយរដ្ឋធម្មនុញ្ញ ឬកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើយ។

ច្បាប់នេះ គឺជាច្បាប់ស្តីពីគណបក្សនយោបាយ ដូចនេះ ច្បាប់ចែងតែអំពីអ្វីដែលពាក់ព័ន្ធនឹងបក្សនយោបាយ និងកំណត់នូវអ្វីដែលបក្សនយោបាយមិនអាចធ្វើសកម្មភាពខុសច្បាប់តែប៉ុណ្ណោះ ដើម្បីជាប្រយោជន៍របស់ជាតិ ! បក្សប្រឆាំង និងសកម្មជនរបស់ខ្លួនមើលមិនយល់ និងមិនឃើញពីសារៈសំខាន់នៃច្បាប់នេះឡើយ ហើយក៏អ្វើជាមើលមិនឃើញថាច្បាប់នេះបម្រើឱ្យតម្លៃរបស់ជាតិដែរ ដោយសារតែភាពប្រឆាំង ផ្កាប់មុខរបស់ពួកគេ។ ទោះតំណាងរាស្រ្តបក្សប្រឆាំងមិនចូលប្រជុំសភា ក៏ច្បាប់នឹងត្រូវអនុម័ត ហើយទោះបីបក្សប្រឆាំងមិនគាំទ្រ ក៏ច្បាប់ត្រូវតែអនុវត្ត! បើមិនជឿ ប្រាកដជារលាយបក្ស! នេះហើយ គេហៅថា ប្រជាធិបតេយ្យ! ភាគតិច ត្រូវតែគោរពភាគច្រើន! នេះហើយគេហៅថា នីតិរដ្ឋ ស្រុកដែលយកច្បាប់ជាធំ ហើយអនុវត្តទៅលើអ្នកដែល ធ្វើខុសច្បាប់ ឬមិនគោរពច្បាប់! បើជ្រុលជាបានធ្វើអត្តឃាតនយោបាយ ហើយទៅដល់ភពដទៃផ្សេងហើយ គួរបញ្ចប់តណ្ហានយោបាយ កុំមកលងសង្គមមនុស្សធ្វើអី! ៕

No comments:

Post a Comment