Monday, July 10, 2017

​លោក សុខ ឥសាន​៖ ច្បាប់​គណបក្ស​នយោបាយ​​គឺដើម្បី​តម្រង់ទិស​គណបក្ស​នយោបាយ​ឱ្យអនុវត្តត្រឹម​ត្រូវតាម​គោលការណ៍​ប្រកួត​ប្រជែងបែបប្រជាធិបតេយ្យ​ និង​កុំឱ្យ​លេង​ល្បិច​ទុច្ចរិត

ភ្លាមៗបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយមិនគាំទ្រ និងទាមទារឱ្យបញ្ឈប់ការពិ​ភាក្សា និងអនុម័តទៅលើសេចក្តីស្នើច្បាប់មួយនេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះ អនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ។
លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាថ្មីម្តងទៀតនេះ គឺដើម្បីតម្រង់ទិសគណបក្សន​យោបាយឱ្យអនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ កុំឱ្យលេងល្បិចទុច្ចរិត រំលោភច្បាប់ រំលោភក្រមសីលធម៌ គោលការណ៍ និងនីតិវិធីផ្សេងៗដែលបានកំណត់។
ដោយឡែកជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានលើកឡើងថា សេចក្តីស្នើច្បាប់នេះ មានចរិតន​យោបាយ គាបសង្កត់លើសិទ្ធិបុគ្គល និងគាបសង្កត់មកលើគណបក្សនយោបាយក្នុងន័យកម្ចាត់ខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយនោះ ត្រូវបានលោក សុខ ឥសាន បញ្ជាក់ថា «ចំពោះលោក សម រង្ស៊ី មិនបាច់អ្នកណាសម្លាប់ជីវិតនយោបាយរបស់គាត់ទេ ជាក់ស្តែងគឺខ្លួនគាត់បានសម្លាប់ជីវិតនយោបាយខ្លួនឯងរួចទៅហើយ តាមរយៈការដាក់ពាក្យសុំលាលែងពីប្រធានគណបក្ស និងពីសមាជិកគណបក្ស កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។ ដូច្នេះ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សន​យោបាយមិនមែនគោលដៅបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ីនោះទេ»។

គួរបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី ត្រូវរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយតំណាងរាស្រ្តច្រើនជាង៣០រូប។ ច្បាប់ថ្មីនេះ មានការកំណត់តឹងរ៉ឹងជាងមុន ដោយមិនឱ្យគណបក្សនយោបាយឃុបឃិតជាមួយទណ្ឌិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ ត្រូវបានកែប្រែចំនួន៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា​៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) ដែលកែប្រែឡើងវិញនេះ បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោ​បាយទាំងអស់ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស បទឧក្រិដ្ឋ ឬពីបទមជ្ឈឹមឱ្យធ្វើ សកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ផងដែរ៕

No comments:

Post a Comment