Thursday, July 06, 2017

រដ្ឋមន្រ្តីក្រសួងអប់រំ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំតាមរយៈការបង្កើនបៀវត្សន៍ដល់មន្ត្រីអប់រំគ្រប់កម្រិត

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីបំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ។ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរ​ជូនបុគ្គលិកអបរំក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ ក្នុងនោះរួមមាន មេដាយមាសចំនួន​៨៤នាក់ មេដាយប្រាក់ចំនួន១២៧នាក់ មេដាយសំរឹទ្ធចំនួន២០៨នាក់ និងប័ណ្ណសរសើរចំនួន​៥៧នាក់ ជូនដល់មន្ត្រីដែលចូលនិវត្តន៍ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៏បានធ្វើការសាទរចំពោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានកិត្តិយសត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ»។

រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចជាការតែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំតាមរយៈការបង្កើនបៀវត្សន៍ដល់មន្ត្រីអប់រំ ដូច្នេះក្នុងឆ្នាំ២០១៧នេះ ប្រាក់បៀវត្សន៍ទាបបំផុតរបស់មន្ត្រីអប់រំក្របខណ្ឌ «គ» គ្រូចេញថ្មី បានឡើងទៅ​ដល់៩៥ម៉ឺនរៀល ហើយឆ្នាំថ្មីនេះ នឹងកើនឡើងដល់ជាង១លានរៀលផងដែរ ចំណែកឯប្រាក់បៀវត្សន៍ ទាបបំផុត គ្រូក្របខណ្ឌ «ក និង ខ» គឺបានជាង១លានរៀលរួចហើយ នេះគឺបង្ហាញពីការ​ប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្តដល់មន្ត្រីអប់រំទូទាំងប្រទេស។

លោក ហង់ជួន ណារ៉ុន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អស់លោក លោកស្រី ជាអ្នកគ្រូលោកគ្រូ ក្នុងខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍នូវគោលនយោបាយកំណែទម្រង់របស់ក្រសួងក៏ដូចជាបំពេញនូវភារកិច្ចប្រកបដោយសតិសម្បញ្ញៈខ្ពស់ តាមរយៈការខិតខំប្រឹងប្រែងនេះ កម្ពុជាច្បាស់ជាឈាន​ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងក្លាយជាប្រទេសដែលមាន​ប្រាក់ចំនូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងឈានទៅជាប្រទេសអភិវឌ្ឍន៍នៅក្រោយ​ឆ្នាំ២០៣០៕






No comments:

Post a Comment