Thursday, July 06, 2017

សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្ស​នយោបាយ​ ត្រូវបាន ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ នៃរដ្ឋសភា​ បើកកិច្ចប្រជុំ​ត្រួតពិនិត្យ​

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបាន គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បើកកិច្ចប្រជុំត្រួតពិនិត្យ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិផងដែរ។

កន្លងទៅ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា សេចក្តីស្នើច្បាប់នេះ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ច្រើនជាង៣០រូប កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា លោក សុខ ឥសាន មិនបានបញ្ជាក់ នៅក្នុងសេចក្តីស្នើវិសោធនកម្ម ច្បាប់នេះ នឹងមានចំណុចណាខ្លះត្រូវបានកែប្រែនោះទេ ប៉ុន្តែគេជឿថា វិសោធនកម្មច្បាប់ថ្មីនេះ នឹងរឹតបណ្តឹងថែមទៀតដល់ទណ្ឌិត ឬអ្នកទោស ក្នុងការធ្វើសកម្មភាពនយោបាយ។

គួររំលឹកផងដែរថា ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំកំពូលរបស់គណបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ សប្តាហ៍មុន បានព្រមានជាថ្មីថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា នឹងស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យទណ្ឌិត ឬអ្នកទោស អាចធ្វើសកម្មភាព នយោបាយតាមតែចិត្ត៕



No comments:

Post a Comment