Thursday, July 06, 2017

ព្រះពុទ្ធ​ប្រក់នាគ១អង្គ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុកស្វាយលើ​ ប្រគល់​ជូនអាជ្ញាធរ​ជាតិអប្សរា​

ប្រជាពលរដ្ឋនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រគល់ព្រះពុទ្ធរូបប្រក់នាគក្បាលប្រាំពីរមួយព្រះអង្គ ធ្វើពីថ្មភក់ មានទម្រង់ព្រះភ្នែនលើរង្វេលនាគបីជាន់ ស្ថិតក្នុងចុងស.វទី១២ ដើមទី១៣ សម័យបាយ័ន មានកម្ពស់៥៩ស.ម បណ្តោយ៣០ស.ម ទទឹង១៨ស.ម ដល់អាជ្ញាធរជាតិអប្សរារក្សាទុកកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។
កិច្ចប្រគល់ទទួលនេះ ត្រូវបានធ្វើឡើងរវាងអ្នកស្រី ព្រីម រ៉ម និងលោក សំ សារ៉េត ប្រធានការិយាល័យនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ តំណាងអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ត្រី ខេង រ៉ា មេភូមិ-មេឃុំ-នគរបាលប៉ុស្តិ៍កន្ទួត និងនគរបាលបេតិកភណ្ឌផងដែរ។
នាឱកាសនោះ អាជ្ញាធរជាតិអប្សរា ក៏បានឧបត្ថម្ភថវិកា ១លានរៀល ដល់អ្នកស្រី ព្រីម រ៉ម ជាការលើកទឹកចិត្ត ដែលអ្នកស្រីមិនយកបុរាណវត្ថុនោះទៅលក់ដូរ ហើយបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរក្សាទុក។
នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ មានប្រសាសន៍ក្នុងឱកាសប្រគល់ព្រះពុទ្ធបដិមាប្រក់នាគជូនអគ្គនាយិការសារមន្ទីរព្រះនរោត្តមសីហនុអង្គរ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ព្រះពុទ្ធបដិមានេះត្រូវបានប្តីរបស់អ្នកស្រី ព្រីម រ៉ម ប្រទះឃើញនៅចំណុចត្រពាំងជ្រៃខាងត្បូងឆៀងខាងកើតប្រាសាទតាណុប ខណៈប្តីគាត់កាប់គាស់ដីធ្វើចម្ការ ក្រោយមកក៏បានយកមកទុកក្នុងផ្ទះ រួចក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យយករូបនេះទៅរក្សាទុកនៅកន្លែងដ៏សមគួរ។
លោកបណ្ឌិត ឈាន រដ្ឋា បានបន្តថា ចំពោះការរក្សាទុកព្រះពុទ្ធបដិមានៅសារមន្ទីរនេះ គឺសាធារណជនអាចមកទស្សនា សិក្សា ស្រាវជ្រាវពីប្រវត្តិនៃរូប ហើយយើងធានានូវទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរ១០០% ថារូបទាំងអស់ដែលរក្សានៅទីនេះនឹងគង់វង្សជារហូតទៅ។
លោកបណ្ឌិត ក៏បានបន្តទៀតថា ជាបន្តនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនឹងធ្វើការស្រាវជ្រាវលម្អិតថារូបនេះមកពីប្រាសាទណា ព្រោះនៅខាងជើងភ្នំគូលែនមានប្រាសាទច្រើន។ បន្ថែមពីនោះនាយកដ្ឋានក៏បានពន្លឿនកិច្ចការកំណត់តំបន់ និងបោះបង្គោលការពារបុរាណដ្ឋានក្រៅឧទ្យានអង្គរ និងផ្សព្វផ្សាយឱ្យប្រជាជនបានយល់ដឹងពីតម្លៃបេតិកភណ្ឌជាតិ ឱ្យគាត់យល់ ស្រឡាញ់ ថែរក្សាដូចករណីប្រគល់បដិមានេះជាគំរូស្រាប់។ ក្នុងនាមថ្នាក់ដឹកនាំមួយរូប លោកក៏បានអំពាវនាវដល់ប្រជាជនគ្រប់ជាន់ថ្នាក់ទាំងអស់ ពេលប្រទះឃើញបុរាណវត្ថុទាំងឡាយ សូមយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ចៀសវាងការយកទៅជួញដូរ ឬរក្សាទុកខុសច្បាប់។

អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កញ្ញា ឆោម គន្ធា ក៏បានឱ្យដឹងដែរថា មកដល់ពេលនេះ ជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋក្រៅតំបន់អង្គរបានយកបុរាណវត្ថុដែលខ្លួនប្រទះឃើញមកប្រគល់ជូន ហើយអាជ្ញាធរជាតិអប្សរាយកមករក្សាទុកនៅសារមន្ទីរនេះ។ បច្ចុប្បន្នសារមន្ទីរដែលទើបជួសជុលរួច ក៏កំពុងពង្រឹងខ្លួនដើម្បីតាំងបង្ហាញនូវបុរាណវត្ថុជាច្រើនដែលនៅក្នុងឃ្លាំងមកដាក់តាំងពិព័រណ៌ឱ្យភ្ញៀវបានឃើញ និងស្វែងយល់បន្ថែមផងដែរ៕





No comments:

Post a Comment