Thursday, July 06, 2017

អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងថា អគាររដ្ឋបាលសំខាន់ណាស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អគាររដ្ឋបាលឃុំសង្កាត់ គឺសំខាន់ណាស់សំរាប់ជួយបង្កើនការផ្តល់សេវាសាធារណៈ​ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត​កំពង់ឆ្នាំង បានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ សាលាសង្កាត់កំពង់ឆ្នាំង និងសង្កាត់ខ្សាម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួម ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថា ការបើកការដ្ឋាន សាងសង់សាលាសង្កាត់ទាំង២នេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការីកចំរើនរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ អគារថ្មីទាំងពីរនេះដែរ ក៏ដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលជាសំណូមពរ និងបញ្ហាដែលជាតម្រូវការជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤នេះ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យទាំង៤សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យនៅ​ឆ្នាំ២០១៨បន្តទៀត​៕






No comments:

Post a Comment