Thursday, July 06, 2017

កំណត់​ត្រា​ព្រឹត្តិការណ៍​ថ្ងៃទី៥-៦​ ខែកក្កដា ឆ្នាំ១៩៩៧​

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយជូន​សាធារណជនពីកំណត់ត្រាព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្ដដា ឆ្នាំ១៩៩៧ ដែលមានខ្លឹមសារដូចខាងក្រោម៖
វគ្គទី១: ការកើតព្រឹត្តិការណ៍ថ្ងៃទី៥ និងទី៦ ខែកក្កដា ដោយសារតែហ្វ៊ុនស៊ិនប៉ិច ដៃគូក្នុងរដ្ឋាភិបាលចម្រុះនាំទាហានខ្មែរក្រហមចូលភ្នំពេញនៅពេលព្រលឹមស្រាងៗ ថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ ១៩៩៧ នៅពេលដែលនាយករដ្ឋមន្រ្តីទី២ ត្រូវបានជម្រាបឱ្យដឹងពីវិបត្តិ បាន និងកំពុងកើតឡើងនៅទីក្រុងភ្នំពេញ សម្តេច ហ៊ុន សែន បានរៀបចំកម្មវិធីដើម្បីវិលត្រឡប់ពីវិសមកាលនៅប្រទេសវៀតណាមមកកាន់កម្ពុជាវិញ។ សម្តេចបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៩៧ នៅវេលាម៉ោង ១០ព្រឹក។
គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលរាជធានីភ្នំពេញថ្ងៃទី៥ និង ៦ ខែកក្កដា បានប្រើដំណាក់ព្រះអង្គម្ចាស់ដែលផ្ទុកកម្លាំងខ្មែរក្រហមធ្វើជាទីបញ្ជាការដ្ឋានប្រយុទ្ធ ដែលនៅទីនោះ ក៏មានការដាក់កាំភ្លើងយន្ត កាំភ្លើងផ្លោង និងរថពាសដែកផងដែរ។ នៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧ មានការបំផ្លោងពាក្យចចាមអារ៉ាមពីគណបក្សហ៊្វុនស៊ិនប៉ិចថា សម្តេចតេជោ ត្រូវគេលួចធ្វើឃាត ដែលជាការបំផ្លោងពាក្យដើម្បីបំបាក់ស្មារតីប្រយុទ្ធ។ សម្តេចតេជោ ហ៊ុន សែន បានប្រញាប់បង្ហាញមុខតាមទូរទស្សន៍ដើម្បីបញ្ជាក់ថា សម្តេចមិនមានសត្រូវណាបានបៀតបៀនរូបសម្តេចនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ជនរួមជាតិកម្ពុជាទាំងអស់ថា៖ «ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់សម្តេចព្រះតេជគុណ ព្រះអង្គគ្រប់ព្រះអង្គ និងជនរួមជាតិសារជាថ្មីទៀតអំពីព្រឹត្តិការណ៍ថ្មីៗ ដែលបាន និងកំពុងវិវត្តន៍នាប៉ុន្មានថ្ងៃខាងមុខនេះ។ ដំបូង ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនចំពោះ សម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិថា ខ្ញុំព្រះ ករុណាខ្ញុំមិនទាន់ស្លាប់ ដូចដែលលោក ហូ សុខ បានប្រាប់ទៅស្ថានទូតបរទេសមួយចំនួន និងទៅសារព័ត៌មានបរទេសមួយចំនួននោះទេ ហើយក៏ដូចជាពីសំណាក់គណបក្ស និយមរណឫទ្ធិ បានស្រែកប្រាប់ទៅប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធថា ហ៊ុន សែន បានស្លាប់ហើយ។ ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅទីនេះដើម្បីដោះស្រាយបញ្ហា មិនទាន់ស្លាប់ ហើយក៏មិនរត់ចោលស្រុកដូចដែលរណឫទ្ធិ កំពុងតែបានធ្វើ ដោយគ្មានការទទួលខុសត្រូវនោះទេ»។
ទីតាំងយោធាខុសច្បាប់ធំៗពីរចំណុចបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ១៩៩៧ គឺទី១ នៅបន្ទាយខុសច្បាប់ មួយនៅវត្តភ្នៀតនៅក្នុងខេត្តកំពង់ស្ពឺ ហើយនិងកម្លាំងដែលនៅផ្ទះ និងនៅជុំវិញផ្ទះឧត្តមសេនីយ៍ ចៅ សម្បត្តិ។ នៅបន្ទាយយោធាខុសច្បាប់វត្តភ្នៀត ក្នុងរាត្រីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ១៩៩៧ និងរហូតដល់ពេល ព្រឹកព្រលឹមថ្ងៃទី៥ ខែកក្កដា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គឺលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានព្យាយាមក្នុងការធ្វើការចរចា ជាមួយឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ក្នុងបំណងដើម្បីបិទបន្ទាយយោធាខុសច្បាប់នេះ ហើយកម្លាំងទាំងអស់ត្រូវបញ្ជូនចូលទៅក្នុងបន្ទាយតាំងកសាង។ ប៉ុន្តែបញ្ហានេះ ត្រូវបានពន្យាពេលម្តងហើយម្តងទៀតដោយឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ។ ការចរចាបានធ្វើឡើងពេញមួយយប់ រហូតដល់ម៉ោង ៥ និង ៣០នាទី ព្រឹក ឧត្តមសេនីយ៍ កែ គឹមយាន បានចេញឱសានវាទមួយ ដល់ឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ថាមូលដ្ឋានទ័ពនេះត្រូវតែផ្លាស់ប្តូរចេញ។
នៅម៉ោង ៥ ព្រឹក គឺវាបានបង្ហាញថា ឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានប្រើកលល្បិចដើម្បីពន្យាពេល។ នាយឧត្តមសេនីយ៍ កែ គឹមយាន បានបញ្ជាឱ្យហ៊ុមព័ទ្ធបន្ទាយយោធាខុសច្បាប់វត្តភ្នៀត ហើយនៅម៉ោង ៦ និង ៣០នាទី កម្លាំងកងយោធពលខេមរភូមិន្ទ បានចូលទៅក្នុងបន្ទាយនោះ និងមិនមានតដៃណាមួយទេ។ កម្លាំងកងយោធពលខេមរភូមិន្ទ ចាប់ផ្តើមដកអាវុធពីទាហានខុសច្បាប់ទាំងនោះ និងបានឃាត់ខ្លួនកងកម្លាំងចំនួន ១៥៤ នាក់ ព្រមទាំងរឹបអូសយកសព្វាវុធមួយចំនួនទៀត។ រីឯនៅផ្ទះរបស់ឧត្តមសេនីយ៍ ចៅ សម្បត្តិ ក៏គេបានរកឃើញនូវការលាក់កម្លាំងទាហានខុសច្បាប់ជាច្រើនដែរ រួមនឹងបានដាក់ពង្រាយកងទ័ពចំនួន ៨០នាក់ ក្នុងវត្តមួយក្បែរផ្ទះរបស់គាត់។ ប៉ុន្តែទាហានទាំងនោះមិនមានឯកសណ្ឋានជាកងទ័ពទេ ហើយគេអាចដឹងថាក្រុមនេះមានវត្តមាននៅទីនោះដោយសារតែមានការស៊ើបអង្កេតនៅដើមខែមិថុនា ឆ្នាំ ១៩៩៧។ សូម្បីតែលោកឧត្តមសេនីយ៍ ទា ចំរ៉ាត់ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ កូតាគណបក្សហ៊្វុនស៊ិនប៉ិច ក៏មិនបានដឹងថា តើក្រុមទាហាន ទាំងនេះមកពីណា ហើយលោកបានស្នើឱ្យមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការស៊ើបអង្កេតលើរឿងនេះ។ ក្រោយពីការស៊ើបអង្កេត ទាហានខុសច្បាប់ទាំងនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ ចៅ សម្បត្តិ។ ឧត្តមសេនីយ៍ សៅ សុខា បានរាយការណ៍ពីបញ្ហានៃការកើនឡើងកម្លាំងទ័ព និងចំនួនសព្វាវុធខុសច្បាប់នៅផ្ទះឧត្តមសេនីយ៍ ចៅ សម្បត្តិ ទាំងពីរទៅគណៈកម្មការចម្រុះ ដើម្បីដោះស្រាយជម្លោះ គណៈបញ្ជាការចម្រុះក្រុងភ្នំពេញ។ មានការជជែក និងពិភាក្សាគ្នាជាច្រើនជុំវិញបញ្ហានេះ នៅម៉ោង ៨ព្រឹកថ្ងៃទី៥ ខែកក្កដា អនុប្រធានគណៈបញ្ជាការ ចម្រុះក្រុងភ្នំពេញ បានទៅផ្ទះឧត្តមសេនីយ៍ ចៅ សម្បត្តិ ដើម្បីដោះស្រាយពីបញ្ហានេះ។ ប៉ុន្តែនៅពេលនោះ ឧត្តមសេនីយ៍ ចៅ សម្បត្តិ បានបដិសេធ រាល់ការពិភាក្សាទាំងឡាយដើម្បីរកដំណោះស្រាយ ឬអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើបរិវេណនោះ។
នៅប្រមាណម៉ោង ១១ ព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៩៧ អភិបាលរងទី១ រាជធានីភ្នំពេញ លោក ជា សុផារ៉ា បានកោះហៅមន្ត្រីកងរាជអាវុធហត្ថដើម្បីចរចាជាមួយឧត្តមសេនីយ៍ ចៅ សម្បត្តិ។ នៅពេលនោះ ឧត្តមសេនីយ៍ ម៉ែន វិចិត្រ បានទូរស័ព្ទទៅ ឧត្តមសេនីយ៍ ចៅ សម្បត្តិ។ ចៅ សម្បត្តិ បានថ្លែងថា លោកមិនព្រមប្រគល់អាវុធណាមួយនៅផ្ទះរបស់គាត់ឱ្យសមត្ថកិច្ចទេ ហើយក៏បិទទូរស័ព្ទចោល។ ឧត្តមសេនីយ៍ ម៉ែន វិចិត្រ ក៏បានបញ្ជាឱ្យមេបញ្ជាការរងកងរាជអាវុធហត្ថទៅផ្ទះលោក ចៅ សម្បត្តិ ចរចាដើម្បីឱ្យមានការប្រគល់នូវអាវុធខុសច្បាប់។ នៅរសៀលថ្ងៃទី ៥ ខែកក្កដា លោកឧត្តមសេនីយ៍ សៅ សុខា បានទៅផ្ទះលោកចៅ សម្បត្តិ។ ក្រោយមក គាត់ត្រូវបានចូលរួមដោយអភិបាលខណ្ឌ ដែលបានប្រើប្រាស់មីក្រូហ៊្វូន ដើម្បីនិយាយទៅកាន់កងកម្លាំងដែលកំពុងមានវត្តមាននៅក្នុងផ្ទះលោក ចៅ សម្បត្តិ នោះ។
ការគ្រប់គ្រងព្រលានយន្តហោះពោធិ៍ចិនតុង៖
បន្ទាប់ពីធ្វើសកម្មភាពនៅព្រឹកព្រលឹម ថ្ងៃទី ៥ ខែ កក្កដា នៅវត្តភ្នៀត កងកម្លាំងដែលស្ថិតនៅក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ដែលមានមូលដ្ឋាននៅព្រលានយន្តហោះ បានធ្វើការគ្រប់គ្រង និងបញ្ជាឱ្យបិទព្រលានយន្តហោះនេះ និងពួកគេបានចាប់ខ្លួនមន្ត្រីមួយចំនួន។ នៅម៉ោង ៥ ល្ងាច ថ្ងៃទី ៥ខែកក្កដា ឆ្នាំ ១៩៩៧ កម្លាំងលោក ញ៉ឹក ប៊ុនឆៃ កាន់តែច្រើនឡើងបានចេញពីបន្ទាយយោធាតាំងកសាង ធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដើម្បីទៅភ្ជាប់កម្លាំងដទៃទៀតដែលមានភាពស្ម័គ្រស្មោះនឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅព្រលានយន្តហោះ ពោធិ៍ចិនតុងដើម្បីពង្រឹងកម្លាំងរបស់ខ្លួន។ នេះគឺជាដំណាក់កាលសំខាន់ណាស់សម្រាប់កម្លាំងរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ នៅក្នុងដំណាក់កាលវិបត្តិណាក៏ដោយ ការគ្រប់គ្រងព្រលានយន្តហោះ គឺជាកម្មវត្ថុយោធាមួយដ៏សំខាន់បំផុត ហើយបំណងនៃការគ្រប់គ្រងនេះកាន់តែមានភាពងាយស្រួលទៀត នៅពេលដែលគ្មានកម្លាំងទ័ពណាមួយទៅប្រឆាំងនឹងពួកគេ។ ការគ្រប់គ្រងព្រលានយន្តហោះនេះ គឺមានបំណងមួយគឺមិនឱ្យនាយករដ្ឋមន្ត្រីទី ២ សម្តេច ហ៊ុន សែន វិលត្រឡប់ចូលមកកាន់មាតុប្រទេសវិញ ដើម្បីធ្វើឱ្យសភាពការណ៍វិលមករកភាពដើមវិញ។ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាជាមួយសហសេវឹករបស់ខ្លួន គឺឯកឧត្តមសហរដ្ឋមន្ត្រី យូ ហុកគ្រី។ ទោះបីជាអ្នកទាំងពីរមានទំនាក់ទំនងល្អនៅក្នុងការបំពេញការងាររបស់ខ្លួនជាច្រើនឆ្នាំក្តី ប៉ុន្តែកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាពនោះ គឺមិនបានរកឃើញនូវដំណោះស្រាយណាមួយក្នុងបញ្ហាកងកម្លាំងខុសច្បាប់ឡើយ។
នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៩៧ កងរាជអាវុធហត្ថបានចូលជិតផ្ទះ ឧត្តមសេនីយ៍ ចៅ សម្បត្តិ ជាកន្លែងដែលមានទាហាន និងអាវុធជាច្រើនត្រូវបានប្រមូលផ្តុំនៅទីនោះដោយគ្មានការអនុញ្ញាត។ ពួកគេត្រូវបានបាញ់សង្គ្រប់មកលើពីសំណាក់កងទាហានដែលនៅក្នុងផ្ទះ របស់លោក ចៅ សម្បត្តិ ហើយនិងពីទីតាំងផ្សេងៗទៀតនៅក្បែរនោះ។ កងរាជអាវុធហត្ថចំនួន ៤ រូប ត្រូវបានបាញ់ឱ្យរងរបួស។ បន្ទាប់មកកងរាជអាវុធហត្ថបានប្រើប្រាស់រថពាសដែកចូលទៅក្នុងផ្ទះនោះ ព្រោះស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ជាមួយនឹងសកម្មភាពរបស់ក្រុមជ្រុលនិយម។ កងទាហាននៅខាងក្នុងផ្ទះបានប្រើប្រាស់កាំភ្លើង អាំប្រាស់បាញ់មកលើរថពាសដែកនោះ។ កងរាជអាវុធហត្ថ មិនបានប្រយុទ្ធតបតនោះទេ ដោយសារតែនៅតំបន់នោះមានប្រជាជនជាច្រើនបានរស់នៅ និងដោយសារខ្លាចថាបង្កការប៉ះពាល់ដល់អាយុជីវិតប្រជាជនស៊ីវិល និងបានជូនដំណឹងដល់ប្រជាជនថា ពួកគេគួរតែត្រូវចាកចេញពីលំនៅដ្ឋានរបស់ខ្លួនដើម្បីសុវត្ថិភាព។
ការប្រយុទ្ធបានចាប់ផ្តើមឡើង ហើយទីតាំងយោធាកន្លែងផ្សេងទៀត ដូចជានៅផ្ទះរបស់ លោក ញ៉ឹក ប៊ុនឆៃ នៅព្រលានយន្តហោះ និងនៅបន្ទាយយោធាតាំងកសាង។ នៅពេលយប់ ការប្រយុទ្ធគ្នារវាងកងទ័ពរាជរដ្ឋាភិបាល និងគណបក្សហ៊្វុនស៊ិនប៉ិចបានឈប់សម្រាក។ ការវាយប្រហារគ្នានៅកណ្តាលរាជធានីភ្នំពេញ តាមកន្លែងមួយចំនួន ដែលមានការដាក់ពង្រាយកម្លាំងខ្មែរក្រហម និងកម្លាំងអតីតទាហានគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើឱ្យប្រជាពលរដ្ឋភិតភ័យជាខ្លាំង និងបាននាំគ្នាវេចបង្វិចរត់ចាកចេញពីគេហដ្ឋានដែលនៅក្បែរនោះ។ ការប៉ះទង្គិចគ្នាប្រមាណជាងមួយថ្ងៃនាកណ្តាលរាជធានីភ្នំពេញ បានធ្វើឱ្យកម្លាំង គណបក្សហ៊្វុនស៊ិនប៉ិចដែលយកខ្មែរក្រហម មកធ្វើការជួយប្រយុទ្ធមិនអាចស៊ូតទល់បាន និងពួកគេនាំគ្នាភៀសខ្លួនចេញពីបន្ទាយតាំងក្រសាំង និងចេញពីកន្លែងដាក់ពង្រាយនានាក្នុងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ ១៩៩៧។
កម្លាំងដែលធ្វើដំណើរតាមមកជាមួយនឹងលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ពេលនោះ មានចំនួន ៥៨៣ នាក់ មានមេដឹកនាំទាហានសំខាន់ៗដូចជាលោកឧត្តមសេនីយ៍ ក្រួច យឿម លោកឧត្តមសេនីយ៍ ជា រិទ្ធី ឈុត លោកឧត្តមសេនីយ៍ លី សេងហុង លោកឧត្តម សេនីយ៍ ម៉ែន ប៊ុនថន លោកឧត្តមសេនីយ៍ ចៅ សម្បត្តិ លោកវរសេនីយ៍ឯក ហូវ សម្បត្តិ លោកវរសេនីយ៍ ថ្លាង សុវណ្ណារិទ្ធជាដើម។ កងកម្លាំងរបស់រាជរដ្ឋាភិបាល បានដេញតាមស្ទាក់វាយបំបែក តាំងពីត្រឡោកបែក ភ្នំបាសិទ្ធិ ខាងលិចភ្នំឧដុង្គ និងក្នុងការប៉ះទង្គិចច្រើនដង បានធ្វើឱ្យមានការស្លាប់ និងចាប់បានឈ្លើយសឹកជាច្រើននាក់។ នៅថ្ងៃទី៧ និង ៨ ខែកក្កដា ឆ្នាំ១៩៩៧ ឧត្តមសេនីយ៍ និងវរសេនីយ៍ដែលបានភៀសខ្លួនជាមួយលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានបាត់បង់ជីវិតទាំងអស់ក្រោយការពើបប្រយុទ្ធគ្នាមិនអាចគេចផុតរួច។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៧ ដោយការគេចទាំងយប់ទាំងថ្ងៃ លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ក៏បានរត់រួចទៅដល់ព្រំដែនភាគខាងលិច ក្រោយការភៀសខ្លួនអស់ចំនួនប្រមាណ ២៥ ថ្ងៃរួចមក។ លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បាននិយាយថា ចាប់តាំងពីភ្នំពេញរហូតបានរត់មកដល់អូរស្មាច់ លោក បានទទួលការវាយប្រហារចំនួន ១៥ ដង។ ដោយឡែក លោកឧត្តមសេនីយ៍ ឡៃ វីរៈ វិញ ពេលដែលកំពុងមានភាពច្របូកច្របល់នៅភ្នំពេញ និងគ្រាដែលលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ កំពុងតែរត់មកកាន់អូរស្មាច់ លោកបានប្រមូលកម្លាំងរត់មកពីបន្ទាយមានជ័យ មកខេត្តបាត់ដំបង ប៉ុន្តែត្រូវសហរដ្ឋមន្ត្រី ក្រសួងការពារជាតិ ទា ចំរ៉ាត់ បានដឹង ហើយបានចាត់វិធានការរារាំងមិនឱ្យបន្តធ្វើទៀតទេ។ ឧត្តមសេនីយ៍គណបក្សហ៊្វុនស៊ិនប៉ិច លោក ខូ ឈា បានចុះចូលជាមួយកម្លាំងទាហានរដ្ឋាភិបាល ហើយបាននាំកម្លាំងរបស់លោក ដកចេញពីកម្លាំងលោកឡៃ វីរៈ ភ្លាម។ លោក ឡៃ វីរៈ បានភៀសមករកជួបលោកឧត្តមសេនីយ៍ ខាន់ សាវឿន។

នៅឯតាមខេត្តភាគពាយព្យ និងខាងលិចនោះវិញ ក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥ និង ៦ កក្កដា ឆ្នាំ ១៩៩៧ គ្រាដែលកម្លាំងលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានចាញ់ដៃរត់ដកថយ និងភៀសចេញពីភ្នំពេញសំដៅទៅព្រំដែនភាគខាងលិចនោះ។ នាយទាហានដទៃទៀតរបស់គណបក្សហ៊្វុនស៊ិនប៉ិច ក៏កំពុងបង្កើនសកម្មភាពនៅក្នុងតំបន់ជាយព្រំដែនផងដែរ។ លោកឧត្តមសេនីយ៍ ខាន់ សាវឿន លោកឧត្តមសេនីយ៍ ឡៃ វីរៈ បានភៀសមកអតីតកន្លែងតស៊ូចាស់តាមព្រំដែនដូចនៅតំបន់តាទុម និងអូរស្មាច់នោះវិញ។ លោកឧត្តមសេនីយ៍ ខាន់ សាវឿន និងលោក ឃិន យាន និងលោក ឡុង សារិន បានទាក់ទងជាមួយនឹងកម្លាំងតាម៉ុកនៅអន្លង់វែង ដើម្បីរកការជួយសហការជាមួយហ៊្វុនស៊ិនប៉ិច ប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាល។ ខ្មែរក្រហមអន្លង់វែងបានបញ្ជូនទាហានចំនួនប្រមាណ២០០នាក់ឱ្យទៅជួយប្រយុទ្ធហ្វ៊ុនស៊ិនប៉ិចនៅតំបន់អូរស្មាច់ដែលជាអតីតតំបន់ចលនាតស៊ូ៕

No comments:

Post a Comment