Thursday, July 06, 2017

អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានានៅថ្នាក់មូលដ្ឋាន

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំប្រចាំខែ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ សរុបប្រមាណ ១០០នាក់។

កិច្ចប្រជុំនោះ បានពិនិត្យ ពិភាក្សា និងឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តន៍នៅមូលដ្ឋាន ក្រុង ស្រុកទាំង០៨ នៃខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាពមានដូចជា៖
១-ការងារឆ្លៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការចេញសាលាកបត័្រព័ត៌មានឱ្យដល់ដៃប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់និមួយៗ។
២-ការជំរុញការងាររៀបចំបែបបទ លិខិតស្នាម កាត់ឆ្លៀលដីពីតំបន់២ មកតំបន់១ ដោយត្រូវអនុវត្តជាជំហ៊ានៗតាមស្ថានភាពជាក់ស្តែង
៣-ការកំណត់ទំហំដីស្នើសុំរបស់ប្រជាពលរដ្ឋក្នងតំបន់អភិរក្សសត្វខ្សឹបដោយត្រូវពិនិត្យ និងដោះស្រាយជាក់ស្តែងអោយបានរួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។
៤-ការជំរុញការកាត់ដីជូនប្រជាពលរដ្ឋចេញពីបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត
៥-ជំរុញការសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី ជាក់ស្តែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក។
៦-ការពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំរបស់សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្មឡើងវិញ។
៧-ការពង្រឹងសហគមន៍ប្រើប្រាស់ទឹកដើម្បីធ្វើការបែងចែកទឹកច្បាស់លាស់ជូនប្រជាពលរដ្ឋបង្កបង្កើនផល។
៨-ការជំរុញរៀបចំបង្កើតសហគមន៍សិប្បកម្មកែច្នៃឈើនៅឃុំចុងដូងស្រុកបារាយណ៍
៩-ការជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ពិសេសយុវជនទើបគ្រប់អាយុ។
១០-ការពង្រឹងការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានតម្លាភាព។
១១-ការជំរុញពិនិត្យ និងដោះស្រាយនូវសេវាសំណូមពររបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹង សាលារៀន ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្រ្ត …។ល។
១២-ជំរុញដោះស្រាយ បញ្ហាសណ្តាប់ធ្នាប់និង អនាម័យសាធារណៈ ពិសេសការដោះស្រាយគំនរសំរាមតាមទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានាដែលកើតមានឡើងនៅមូលដ្ឋានក្រុងស្រុកទាំង០៨ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធ​ភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋានកាន់តែមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន៕





No comments:

Post a Comment