Friday, June 30, 2017

ក្រុមអភិរក្សថ្មវ័យក្មេងបន្តការងារ​ជួសជុលថ្ម ​និងចម្លាក់ផ្សេងៗ​ក្នុងតំបន់អង្គរ ​ដែលរង​ការខូចខាត​ ឲ្យរឹងមាំ​ឡើងវិញ​

ក្រុមអភិរក្សថ្មវ័យក្មេងប្រមាណ២០រូប ដែលធ្លាប់ទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញនៃប្រទេសអាឡឺម៉ង់ និងដែលដឹកនាំអនុវត្តការងារផ្ទាល់ដោយលោក ឡុង ណារី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលថ្ម និងចម្លាក់ផ្សេងៗក្នុងតំបន់អង្គរ។
លោក ឡុង ណារី បានឲ្យដឹងថា ក្រុមអភិរក្សថ្មវ័យក្មេងទាំងនេះបានចែកគ្នាជាក្រុមៗ ដើម្បីធ្វើការជួសជុលព្យាបាលថ្ម ឬចម្លាក់ផ្សេងៗ ដែលរងការខូចខាតដើម្បីឲ្យរឹងមាំឡើងវិញ និងបានជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ជួសជុលសសរពេជ្រ ផ្តែរនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងកំពុងបន្តការងារជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី។
លោកបានបន្តថា ក្រុមអភិរក្សថ្មវ័យក្មេង៣នាក់ ដែលជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រីមានដូចជា៖ លោក ស៊ុយ ប៊ុនថន លោក អៀន ធី និងលោក មឿត ដា។ លោកបានរៀបរាប់ថា បង្គោលសីមាដែលក្រុមការងាររបស់លោកកំពុងជួសជុលនេះមានបញ្ហាដោយសារការជួសជុលកាលពីសម័យបារាំងគេបានដាក់ស៊ីម៉ង់ត៍ និងដាក់ដែកទាមពីខាងក្រៅ តែពេលនេះវាបានរង្គើរបេះស៊ីម៉ង់ត៍ធ្លាក់ហើយអាចនឹងរលំដួល ឬធ្លាក់បាក់ បើមានភ្ញៀវមកប៉ះពាល់ខ្លាំងបន្តិច។ ការជួសជុលរបស់ក្រុមការងារលោកគឺ ដកស៊ីម៉ង់ត៍និងដែកទាមចេញ ដាក់ជំនួសវិញដោយស្នូលភ្ជាប់ប្រភេទ Fiberglass និងដាក់ថ្មថ្មីជំនួសស៊ីម៉ង់ត៍ចាស់។ បច្ចុប្បន្នក្រុមការងារលោកកំពុងជួសជុលបង្គោលសីមាចំនួន៣ដើម និងសសរមួយដើមនៅប្រាសាទបន្ទាយស្រីនេះ។
លោក ឡុង ណារី បានបន្តទៀតថា នេះជាមោទនភាពមួយដែលធនធានមនុស្ស នៃអាជ្ញាធរជាតិអប្សរា មានសមត្ថភាពអាចកាន់ការងារជួសជុលថ្មប្រាសាទដូនតាខ្មែរបានដោយខ្លួនឯង ដែលជាគោលដៅធំបំផុតនៃបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការគ្រប់គ្រង ដោយឈរលើទស្សនៈថា ប្រាសាទខ្មែរ ធ្វើដោយកូនខ្មែរ និងដើម្បីកូនខ្មែរ។
តាមរយៈការសិក្សារៀនសូត្រពីអ្នកជំនាញ និងការអនុវត្តផ្ទាល់លើការងារប្រចាំថ្ងៃ អ្នកជំនាញវ័យក្មេងទាំងនេះ នឹងកាន់តែមានសមត្ថភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអនាគតពួកគេនឹងអាចបន្តជំនាញទាំងនេះដល់អ្នកជំនាន់ក្រោយៗទៀត ដែលធ្វើឲ្យកិច្ចការអភិរក្សមរតកដូនតាមាននិរន្តរភាពបាន៕





No comments:

Post a Comment